(ភ្នំពេញ)៖ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦នេះ បានចូលរួមក្នុង ពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុង៣ខ្សែ ប្រវែងសរុប១,២៥០ម៉ែត្រ ក្នុងសង្កាត់ក្រាំងពង្រ សង្កាត់ព្រៃស និងសង្កាត់ប្រទះឡាង និងដាក់ប្រព័ន្ធលូ១ខ្សែ ប្រវែង៧១០ម៉ែត្រ ក្នុងសង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។
លោកអភិបាលខណ្ឌដង្កោ បានធ្វើការផ្តាំផ្ញើការសាកសួរសុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងលើកឡើង អំពីការអភិវឌ្ឍនានាលើគ្រប់វិស័យ នៅពាសពេញផ្ទៃប្រទេស និយាយជារួម និងនិយាយដោយឡែក នៅក្នុងមូលដ្ឋានខណ្ឌដង្កោ ជាក់ស្តែង ផ្លូវបេតុងថ្មី៣ខ្សែ និងប្រព័ន្ធលូ១ខ្សែ ដែលនឹងបើកការដ្ឋានស្ថាបនានាពេលនេះ នឹងជួយសម្រួលដល់ការធ្វើដំណើរ ប្រកបរបចិញ្ចឹមជីវិត ព្រមទាំងផ្តល់នូវផាសុខភាព សោភណ្ឌភាព ជូនដល់បងប្អូនប្រជាពលរដ្ឋ ក្នុងសង្កាត់ទាំង៤។
លោកអភិបាល ក៏បានផ្តាំឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ជួយតាមដានការអនុវត្តគម្រោង របស់ក្រុមហ៊ុនទទួលការសាងសង់ ដោយសារគម្រោងនេះ ជាគម្រោងដែលបងប្អូន ជាអ្នកទទួលផលដោយផ្ទាល់ ព្រមទាំងសូមការយោគយល់អធ្យាស្រ័យ ចំពោះផលប៉ះពាល់តិចតួច ដែលបណ្តាលមកពីការអនុវត្តគម្រោងនេះ ដើម្បីឲ្យការអនុវត្តដំណើរការ បានដោយជោគជ័យ និងឆាប់បានប្រើប្រាស់។
ជាមួយគ្នាលោកអភិបាល ស្នើឲ្យក្រុមហ៊ុនដែលទទួលការ សូមអនុវត្តគម្រោងរបស់ខ្លួន ឲ្យស្របតាមកិច្ចសន្យាសាងសង់ និងស្ថាបនាផ្លូវទាំងនេះឲ្យបានឆាប់រហ័ស និងមានគុណភាពប្រើប្រាស់បានយូរអង្វែង។
សូមបញ្ជាក់ថា ផ្លូវបេតុងដែលបានបើកការដ្ឋានស្ថាបនារួមមាន ទី១៖សង្កាត់ព្រៃស ប្រវែង៥០០ម៉ែត្រ ទទឹង៥ម៉ែត្រ ស្ថិតក្នុងភូមិព្រៃធំ ទី២៖សង្កាត់ក្រាំងពង្រ ប្រវែង៤៥០ម៉ែត្រ ទទឹង៤ម៉ែត្រ ស្ថិតក្នុងភូមិទឹកថ្លា ទី៣៖សង្កាត់ប្រទះឡាង ប្រវែង៣០០ម៉ែត្រ ទទឹង៥ម៉ែត្រ ស្ថិតក្នុងភូមិអង្គ និងទី៤៖ដាក់ប្រព័ន្ធលូ១ខ្សែ ក្នុងសង្កាត់ព្រៃវែង ប្រវែង៧១០ម៉ែត្រ មុខកាត់០,៦ម៉ែត្រ ស្ថិតក្នុងភូមិទួលសំបូរ៕