(ប៉ៃលិន)៖ ប្រជាពលរដ្ឋរស់នៅ ក្នុងភូមិបឌិនៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន បានថ្លែងរិះគន់យ៉ាងខ្លាំង លើក្រុមហ៊ុនទឹកស្អាតយីហោ «ថូម៉ាក់» ដែលបានរំលោភបំពានយកផ្លួវសារធារណៈ មានប្រវែងជាង២០០ម៉ែត្រ ចតរថយន្តតូចធំយ៉ាងអាណាធិបតេយ្យ បង្កផលប៉ះពាល់ដ៏ធ្ងន់ធ្ងរ តែបែរជាអាជ្ញាធរមូលដ្ឋាន ហាក់ព្រងើយកន្តើយ និងមិនចាត់វិធានការដោះស្រាយជូនប្រជាពលរដ្ឋទៅវិញ។

ក្នុងពេលភ្នាក់ងារអង្គភាព Fresh News ចុះថតយករូបភាពផ្លូវខូចខាងលើ នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៦នេះ ប្រជាពលរដ្ឋបានថ្លែង នូវការត្អូញត្អែរប្រាប់ថា មិនឃើញមានអាជ្ញាធរណា ចុះមកដោះស្រាយបញ្ហានេះ ជូនប្រជាពលរដ្ឋឡើយ ដោយពួកគាត់បានសំណូមពរ ឲ្យអាជ្ញាធរក្រុងប៉ៃលិន មេត្តាគិតគូបញ្ហាទាំងអស់នេះផង។

ប្រជាពលរដ្ឋ បានបន្តថា ទីតាំងខាងលើនេះ កាលពីរដូវវស្សា មានការពិបាកក្នុងការធ្វើដំណើរយ៉ាងខ្លាំង ដោយសារតែរថយន្តធំៗ បានសំចតត្រៀបត្រាគ្មានសណ្តាប់ធ្នាប់ ពិសេសនោះគឺ រថយន្តរបស់ក្រុមហ៊ុនខាងលើតែម្ដង ដែលបានបង្កឲ្យផ្លូវរងនូវការខូចខាត់ យ៉ាងធ្ងន់ធ្ងរ។

ជុំវិញបញ្ហានេះ លោក ថូ ចំរើន តំណាងក្រុមហ៊ុនទឹកស្អាត «ថូម៉ាក់» បានថ្លែងប្រាប់ភា្នក់ងារ Fresh News ថា ក្រុមហ៊ុនលោកមានទីតាំងថ្មី សម្រាប់ចតរថយន្តដែរ គឺនៅក្នុងភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ជាយក្រុងប៉ៃលិន ឯណោះតែដោយសារក្រុមហ៊ុនអគ្គិសនីមិនទាន់ តបណ្តាញ អគ្គិសនីឲ្យក្រុមហ៊ុនលោកនៅឡើយ ទើបក្រុមហ៊ុនរបស់លោកបង្ខំចិត្តចូលចតរថយន្តលើផ្លូវនេះតែម្ដងម្យ៉ាងនៅជិត ក្រុមហ៊ុនផង។

លោកតំណាងក្រុមហ៊ុនរូបនេះ បានបន្តថា លោកទទួលស្គាល់ថារថយន្តធំៗរបស់ក្រុមហ៊ុនលោក បានចតឈប់នៅភូមិបឌិនៀវ សង្កាត់-ក្រុងប៉ៃលិន រាល់ថ្ងៃមែន តែលោកបានសន្យាថា ក្រុមហ៊ុនលោកនឹងចាក់បេតុងលើផ្លូវ ដែលខូចខាតខាងលើជូនប្រជាពលរដ្ឋវិញ។

ជាមួយគ្នានេះ លោកអភិបាលក្រុងប៉ៃលិន ស៊ុន យី បានថ្លែងថា ចំពោះក្រុមខាងលើនេះ គឺខាងអាជ្ញាធរក្រុងបានចុះអប់រំ និងណែនាំឲ្យក្រុមហ៊ុន រកទីតាំងថ្មីហើយ ហើយក្រុមហ៊ុនក៏បានរកទីតាំងថ្មីបានហើយ នៅតែសាងសង់ប៉ុណ្ណោះ។

លោក ឌឹន គឹម ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិន បានថ្លែងថា ក្រុមហ៊ុននេះក៏បានសន្យាជាមួយអាជ្ញាធរ និងមន្ត្រីជំនាញ ថានឹងចាត់ផ្លូវបេតុងឲ្យតាំងពី១ឆ្នាំមុន មកម្ល៉េះ តែសុទ្ធតែជាសន្យាខ្យល់ ហើយខាងមន្ទីរសាធារណការខេត្ត ក៏បានអប់រំណែនាំច្រើនដងរួចមកហើយ តែគ្មានប្រសិទ្ធភាពសោះ។

លោកប្រធានមមន្ទីរបានបន្តថា កាលពីមុន ផ្លូវខាងលើនេះ រថយន្តធំៗបានចតគ្មានសណ្តាប់ធ្នាប់ពិតណាស់ តែផ្លូវនេះត្រូវបានមន្ទីរខេត្ត បានឈូសឆាយម្តងមកហើយ កាលពី១ខែមុន ទើបស្រួលធ្វើការដំណើរវិញ ហើយមន្ទីរសាធារណការខេត្ត ក៏មានគម្រោងចាក់ប៉េតុង ជូនប្រជាពលរដ្ឋ ឲ្យបានឆាប់រហ័សដែរ៕