(ភ្នំពេញ)៖ នៅទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា នាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦នេះ លោកស្រី ឃួន សុដារី អនុប្រធាន កាកបាទក្រហមកម្ពុជា តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានទទួលជួបសម្ដែងការគួរសម និងទទួលអំណោយអាហារវីតាមីនចំនួន៥០០កេស ស្មើនឹង ១៨,០០០កញ្ចប់ ពីសមាគមនារីក្រសួងព័ត៌មាន ដែលដឹកនាំដោយ លោកស្រី ទេព រង្សី ខៀវ កាញារីទ្ធ ដែលជាប្រធានកិត្តិយសសមាគម។

ក្នុងជំនួបសម្ដែងការគួរសមនោះ លោកស្រីអនុប្រធានកាកបាទក្រហមកម្ពុជា បានមានប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខសម្តែងការ កោតសរសើរ និងថ្លែងអំណរគុណពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះថ្នាក់ដឹកនាំ និងសហការីនៃ សមាគមនារីក្រសួងព័ត៌មាន ដែលតែងតែមានទំនុកចិត្ត ជឿជាក់មកលើកាកបាទក្រហមកម្ពុជា បាននាំយកអាហារវីតាមីនមកជូន ជាលើកទី ២ ដើម្បីចែកចាយបន្តដល់ជនងាយរងគ្រោះបំផុតនៅកម្ពុជា ដែលនេះបានឆ្លុះបញ្ចាំងពីវប្បធម៌ ចែករំលែកមិនចេះសាបសូន្យ ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ពន្លឿនការកាត់បន្ថយភាពក្រីក្រ និងការពារសេចក្តីថ្លៃថ្នូររបស់អ្នកងាយរងគ្រោះ។

បច្ចុប្បន្ននេះ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដែលគង់ប្រថាប់ ជាព្រះប្រធានកិត្តិយស និងមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានបំពេញការងារជាជំនួយការឱ្យអាជ្ញាធរ សាធារណៈលើវិស័យមនុស្សធម៌ និងទទួលបាននូវ ថវិកាតាមរយៈ ការកៀរគរពីសប្បុរសជនជាតិ-អន្តរជាតិ ដែលបានជំរុញកម្លាំង មនុស្សធម៌ ឱ្យកាន់តែរីកចម្រើន និងប្រកបដោយប្រសិទ្ធភាព។

ឆ្លៀតក្នុងឱកាសនោះ លោកស្រីប្រធានកិត្តិយសសមាគមនារីក្រសួងព័ត៌មាន បានថ្លែងអំណរគុណចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានអនុញ្ញាតឱ្យសមាគមនារី ក្រសួងព័ត៌មានចូលជួបសម្ដែងការគួរសម និងបាននាំយកអំណោយមនុស្សធម៌មកចូលរួម ចំណែកជាមួយកាកបាទក្រហមកម្ពុជា ក្នុងការជួយសម្រាលការលំបាក ដល់ជនងាយរងគ្រោះ ពិសេស ចាស់គ្មានទីពឹង ស្ត្រីមេម៉ាយ ជនពិការ កុមារកំព្រា កុមារខ្សោយសតិបញ្ញា អ្នកផ្ទុកមេរោគអេដស៍ និងជនងាយរងគ្រោះដទៃទៀត ដែលត្រូវការឱ្យជួយជាចាំបាច់។

ជាកិច្ចបន្ទាប់មក លោកស្រីអនុប្រធានកាកបាទក្រហមកម្ពុជា បានជូនពរដល់ថ្នាក់ដឹកនាំ និងសហការី នៃសមាគមនារីក្រសួងព័ត៌មាន ពិសេសក្នងឱកាសឆ្នាំថ្មី ឆ្នាំសកល ២០១៧ ដែលនឹងឈានមកដល់ឆាប់ៗនេះ សូមទទួលបានជោគជ័យគ្រប់ភារកិច្ចនិងបន្តជួយ ជាជំនួយមនុស្សធម៌ ដើម្បីជួយសម្រាលការលំបាកនានា ដល់ប្រជាពលរដ្ឋឲ្យបានកាន់តែច្រើនជាងនេះ។

សូមបញ្ជាក់ថា កាកបាទក្រហមកម្ពុជា ធ្លាប់បានទទួលអាហារវីតាមីននេះ ម្ដងរួចហើយចំនួន២០០កេស ស្មើនឹង៧,២០០កញ្ចប់ ពីសមាគមនារីក្រសួងព័ត៌មាន កាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅនេះ។អាហារវីតាមីននេះ ជាអំណោយរបស់អង្គការ Kidship United សហរដ្ឋអាមេរិក ផ្តល់ជូនអង្គការកុមារកម្ពុជាជំនាន់ថ្មី ហើយអង្គការនេះ បានផ្តល់ជូនមកក្រសួងព័ត៌មាន ហើយក្រសួងក៏ បានផ្តល់ជូនសមាគមនារី ក្រសួងព័ត៌មាន ដើម្បីយកមកប្រគល់ជូន ដល់កាកបាទក្រហមកម្ពុជា សម្រាប់ជួយដល់កិច្ចការងារមនុស្សធម៌៕