(ភ្នំពេញ)៖ មន្ដ្រីនគរបាលពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញមកបកស្រាយ និងច្រានចោលការរិះគន់ទាំងឡាយ ដែលថា ក្រុមសមត្ថកិច្ចពន្លត់អគ្គិភ័យ បានជំរិតទារប្រាក់ចំនួន៥,០០០ដុល្លារ ពីម្ចាស់ផ្ទះលក់គ្រឿងបន្លាស់រថយន្ដនៅខណ្ឌទួលគោក ហើយមិនព្រមឲ្យទើប ធ្វើឲ្យការងារយឺតយ៉ាវនាំឲ្យភ្លើងឆេះកាន់តែខ្លាំង។
សូមបញ្ជាក់ថា ក្រោយពីមានករណីអគ្គិភ័យនៅខណ្ឌទួលគោក តាមបណ្ដាញសង្គម Facebook ក៏ដូចជា មានការចុះផ្សាយតាមសារព័ត៌មាន ក្នុងស្រុកមួយចំនួន បាននិយាយថា «ក្រុមពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទារប្រាក់៥,០០០ដុល្លារ ពីម្ចាស់ផ្ទះរងគ្រោះប៉ុន្ដែម្ចាស់ផ្ទះឲ្យត្រឹម៣,០០០ដុល្លារ ក៏ធ្វើឲ្យក្រុមពន្លត់អគ្គិភ័យធ្វើការងារយឺតយ៉ាវ នាំឲ្យអគ្គិភ័យឆេះកាន់តែខ្លាំង»។
ស្នងការរងនគរបាលរាជធានីភ្នំពេញទទួលផែនអគ្គិភ័យ លោកឧត្តមសេនីយ៍ត្រី ឈាង ផាន់ណារ៉ា នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦នេះថា បានបញ្ជាក់ថា «ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចាត់មន្ត្រីឲ្យធ្វើការស៊ើបអង្កេតតាមមូលដ្ឋាន និងតាមរយៈអ្នករស់នៅក្បែរកន្លែងកើតហេតុខាងលើនោះ គឺមិនមានមន្ត្រីអគ្គិភ័យណាម្នាក់ បានប្រព្រឹត្តអំពើជំរិតទារប្រាក់នោះឡើយ។ ដូចនេះ ព័ត៌មាននោះ គឺជាព័ត៌មានមិនពិតប្រាកដ និងមិនមានប្រភពច្បាស់លាស់។ ព័ត៌មាននោះបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់កិត្តិយសរបស់អង្គភាពអគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏ដូចជាអង្គភាពផ្សេងៗទៀត។ ស្នងការដ្ឋាននគរបាលរាជាធានីភ្នំពេញសូមអំពាវនាវដល់ប្រជាពលរដ្ឋមេត្តា ឈប់ជឿ និងចែកចាយនូវព័ត៌មានណាដែលគ្មានប្រភពច្បាស់លាស់ ដូចជាព័ត៌មានខាងលើនេះ»។
លោកឧត្តមសេនីយ៍ស្នងការរង សូមបញ្ជាក់ផងដែរថា កន្លងមកការិយាល័យបង្ការពន្លត់អគ្គិភ័យ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ស្នងការ ជួន សុវណ្ណ មានស្នាដៃល្អក្នុងការចុះជួយអន្តរាគមន៍ ពន្លត់អគ្គិភ័យ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានរាជធានីភ្នំពេញទទួលបានជោគជ័យជាច្រើនករណី។
ដោយឡែកលោកវរសេនីយ៍ទោ ព្រហ្ម យ៉ន នាយការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៅថ្ងៃនេះ ក៏បានចេញមកបដិសេធផងដែរ ចំពោះការចោទប្រកាន់ទាំងនេះ។ លោក ព្រហ្ម យ៉ន បានថ្លែងថា «កម្លាំងសមត្ថកិច្ចយើងរបស់យើង គ្រប់គ្នានៅពេលមានគ្រោះអគ្គិភ័យកើតឡើងនៅទីណាមួយ គឺខំឆ្ពោះទៅកន្លែងកើតហេតុ ដើម្បីជួយអន្តរាគមន៍បាញ់ពន្លត់ ដើម្បីជួយសង្គ្រោះផ្ទះប្រជាពលរដ្ឋ មិនដែលគិតការនឿយហត់នោះទេ»។
សូមបញ្ជាក់ថា គ្រោះអគ្គិភ័យដ៏កំណាច ស្ថិតនៅផ្ទះលក់គ្រឿងបន្លាស់រថយន្ត ក្នុងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក ដែលបានកើតឡើង តាំងពីវេលាម៉ោងជិត៥ទាបភ្លឺ ហើយបានរលត់ទៅវិញ នៅវេលាម៉ោងជាង៧ព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៦ បានបំផ្លាញ និងប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន១៦ខ្នង ព្រមទាំងខូចខាតគិតជាទឹកប្រាក់ រហូតខ្ទង់លានដុល្លារឯណោះ។
លោកឧត្តមសេនីយ៍ទោ នេត វន្ថា ប្រធាននាយកដ្ឋាននគរបាលបង្ការ និងពន្លត់អគ្គិភ័យ ក្រសួងមហាផ្ទៃ ដែលបានចូលរួមដឹកនាំកម្លាំងពន្លត់អគ្គិភ័យមួយនេះ បានបញ្ជាក់ថា សម្រាប់ទំហំ នៃប្រតិបត្តិការពន្លត់អគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់ រថយន្តចំនួន៣១គ្រឿង មកពីក្រសួងមហាផ្ទៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទីបញ្ជាការដ្ឋានអាវុធហត្ថរាជធានីភ្នំពេញ អង្គភាព៧១១ នៃកងពលតូចលេខ៧០ ក្រុមហ៊ុនស្រាបៀរកម្ពុជា និងមជ្ឈមណ្ឌលកោះពេជ្រ ដោយបានប្រើទឹកអស់ចំនួន៧៥រថយន្ត។
លោកឧត្តមសេនីយ៍ នេត វន្ថា បានបន្តទៀតថា ចំពោះការខូចខាតវិញ គឺអគ្គិភ័យនេះបានបំផ្លាញ និងប៉ះពាល់ផ្ទះលក់គ្រឿងបន្លាស់រថយន្ត ចំនួន១៦ខ្នង (១៦ល្វែង) ក្នុងនោះខូចខាត១០០ភាគរយ មានចំនួន១២ខ្នង ដែលគិតជាទឹកប្រាក់ ទៅអាចដល់ខ្ទង់លានដុល្លារឯណោះ។
បើតាមលោកឧត្តមសេនីយ៍ ផ្ទះកើតហេតុដំបូងនោះ ទើបតែនាំចូលគ្រឿងបន្លាស់រថយន្ត (ក្បាលឡាន) កាលពីយប់មិញ ដែលមានតម្លៃមួយគ្រឿងជាង១០ម៉ឺនដុល្លារ៕