(ប៉េកាំង-ចិន)៖ នាពេលថ្មីៗនេះ ក្រុមនិស្សិតខ្មែរប្រចាំរដ្ឋធានីប៉េកាំង ចំនួន២០រូប បានចូលរួមកិច្ចប្រជុំកំពូល យុវជនចិន-អាស៊ាន រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៦ និង១០រូបផ្សេងៗទៀត ចូលរួមសម្តែងរបាំគោះត្រឡោក ក្នុងកម្មវិធី Cultural Night នៃកម្មវិធីយុវជនចិន-អាស៊ាននេះ។

ប្រជុំកំពូលយុវជនចិន-អាស៊ាន បានប្រព្រឹត្តទៅនៅសាកលវិទ្យាល័យប៉េកាំង ដែលជាសាកលវិទ្យាល័យ លំដាប់លេខ១ របស់សាធារណរដ្ឋ ប្រជាមានិតចិន ដោយមានការចូលរួមពី និស្សិតមកពីបណ្តាប្រទេស ជាសមាជិកអាស៊ាន និស្សិតចិន និងនិស្សិតបរទេសផ្សេងៗទៀតផងដែរ ។

កិច្ចប្រជុំកំពូលនេះ មានកិច្ចប្រជុំចំនួនប្រាំ ដែលក្រុមនិស្សិតកម្ពុជា បានខិតខំសិក្សាស្រាវជ្រាវ ដើម្បីចូលរួមប្រជុំជជែកពិភាក្សារួមមាន៖ ១.) China-ASEAN Leaders's Summit (Topic: The Future of China-ASEAN Relations Against the Backdrop of One Belt One Road Initiative) ២.) China-ASEAN Transport Ministers Meeting (Topic: Regional Transport Network) ៣.) China-ASEAN Ministerial Meeting on Youth (Topic: Youth Entrepreneurship) ៤.) ASEAN+3 Meeting (Topic: Tourism Cooperation និងកិច្ចប្រជុំទី ៥.) East Asia Summit (Topic: Disaster Management) ។

លោក អ៊ុ វុទ្ធទី ប្រធាននិស្សិតកម្ពុជា ប្រចាំរដ្ឋធានីប៉េកាំង បានលើកឡើងថា កិច្ចប្រជុំកំពូលរវាងយុវជននិស្សិតចិន-អាស៊ាន គឺជាកិច្ចប្រជុំ កំពូលលើកទី១ ដែលរៀបចំដោយសាកលវិទ្យាល័យប៉េកាំង ដោយមានការចូលរួមពីនិស្សិតបរទេសមកពីបណ្តា សាកលវិទ្យាល័យផ្សេងៗ នៃរដ្ឋធានីប៉េកាំង។

ក្នុងនោះផងដែរ និស្សិតកម្ពុជាចំនួន៣០រូប បានចូលរួមសហការ ទាំងផ្នែកជជែកពិភាក្សា និងផ្នែកសម្តែងសិល្បៈ។ នេះគឺជាឱកាសមួយ សម្រាប់យុវជននិស្សិតកម្ពុជា បានបញ្ចេញសមត្ថភាព និងបានសិក្សាពីកិច្ចប្រជុំយុវជនចិន-អាស៊ាននេះ ដើម្បីបង្កើននូវចំណេះដឹង និងបទពិសោធន៍ថ្មីៗបន្ថែមទៀត ព្រមទាំងបានចូលរួមពង្រឹងទំនាក់ទំនង ជាមួយយុវជននិស្សិតចិន និងនិស្សិតអាស៊ានជាពិសេស ក្រុមនិស្សិតសិល្បៈកម្ពុជា ក៏បានចូលរួមចំណែកផ្សព្វផ្សាយ វប្បធម៌ខ្មែរយើង តាមរយៈការសម្តែងរបាំគោះត្រឡោកនិងដើរម៉ូត សម្លៀកបំពាក់ ប្រពៃណីខ្មែរយើងផងដែរ។

ស្ថានទូតកម្ពុជាប្រចាំរដ្ឋធានីប៉េកាំង បានធ្វើការគាំទ្រយ៉ាងពេញទំហឹង ចំពោះសកម្មភាពនិស្សិតកម្ពជា ក្នុងសកម្មភាពយុវជន ចិន-អាស៊ាន។

លើសពីនេះទៅទៀត សកម្មភាពរបស់និស្សិតកម្ពុជាប្រចាំរដ្ឋធានីប៉េកាំង គឺបានបង្ហាញពីភាពក្លាហាន ក្នុងការបញ្ចេញសមត្ថភាព ប្រកួតប្រជែងក្នុងឆាកអន្តរជាតិ ហើយក៏ជាសញ្ញាមួយដែលបានបង្ហាញថា ក្រុមនិស្សិតកម្ពុជាប្រចាំរដ្ឋធានីប៉េកាំង កំពុងឆ្លើយតបទៅនឹង អ្វីដែលជាកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានផ្តល់ ឱកាសឲ្យនិស្សិតកម្ពុជាយើង បានមកសិក្សានៅរដ្ឋធានីប៉េកាំង តាមរយៈអាហារូបករណ៍ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលកើតចេញពី ទំនាក់ទំនងល្អ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន៕