(កំពង់ស្ពឺ)៖ ក្រុមហ៊ុន «ភ្នំពេញ​ព្រីខាស ខនស្រ្ដាក់សិន» ដែលជាក្រុមហ៊ុនទើបនឹងបង្កើតថ្មីមួយ ហើយជាក្រុមហ៊ុនវិនិយោគរួមគ្នា រវាងក្រុមហ៊ុន ភ្នំពេញព្រីខាសផ្លេន របស់ប្រទេសកម្ពុជា និងក្រុមហ៊ុន VCON Group របស់ប្រទេសថៃ  នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៦នេះ បានដាក់សម្ពោធចាប់ផ្ដើម បើកដំណើរការជាផ្លូវការ រោងចក្រផលិតប្លង់សេ និងជញ្ជាំងបេតុង ប្រហោងចាក់ស្រាប់ ដំបូងគេបង្អស់ នៅក្នុងប្រទេសកម្ពុជា ដែលប្រកបដោយបច្ចេកវិទ្យាដ៏ទំនើប នៅក្នុងខេត្តកំពង់ស្ពឺ។

នៅក្នុងពិធីនេះ ធ្វើឡើងក្រោមអធិបតីភាពលោក សរ សុវណ្ណ រដ្ឋលេខាធិការដែនដី ជាតំណាងលោក ជា សុផារ៉ា ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងដែនដីនគរូបនីយកម្ម និងមានការចូលរួមពីលោកឧកញ៉ា ជឹង ធានសេង នាយកគ្រប់គ្រងនៃក្រុមហ៊ុន ភ្នំពេញ ព្រីខាសផ្លេន និងលោក គេន ឆៃឆាណាវង្ស អគ្គនាយកក្រុមហ៊ុន VCON Group និងជាប្រធាន ក្រុមប្រឹក្សានាយក នៃក្រុមហ៊ុន PPPC ផងដែរ ។

ដោយមានការរួមបញ្ចូលគ្នានូវ ជំនាញខាងបេតុងចាក់ស្រាប់ របស់ក្រុមហ៊ុន VCON និងចំណេះដឹងក្នុងស្រុក របស់ក្រុមហ៊ុន ភ្នំពេញព្រីខាស ខនស្រា្ដក់សិន បង្ហាញនូវការប្ដេជ្ញាដ៏មាំទាំរបស់ក្រុមហ៊ុននីមួយៗ ក្នុងការផ្ដល់ដល់អ្នកម៉ៅ សំណង់ និងម្ចាស់គម្រោងនានា នូវបច្ចេកវិទ្យាសាងសង់ដ៏ថ្មីបំផុត និងខ្សែសង្វាក់ផលិតកម្ម នឹងរួមមានប្លង់សេ និងជញ្ជាំងបេតុងប្រហោង ចាក់ស្រាប់ ធ្នឹម និងសសរ បេតុងចាក់ស្រាប់ និងសសរគ្រឹះបេតុងចាក់ស្រាប់ ដែលជាបច្ចេកវិទ្យាបេតុងចាក់ស្រាប់ របស់ក្រុមហ៊ុនភ្នំពេញព្រីខាស ខនស្រ្ដាក់សិននេះ នឹងបង្កើតឲ្យមានស្ដង់ដារ គុណភាពគោលថ្មី សម្រាប់ប្រៀបធៀបនៅ ក្នុងទីផ្សារសម្ភារសំណង់នៅកម្ពុជា។

សូមជម្រាបថា ក្រុមហ៊ុនភ្នំពេញព្រីខាស ខនស្រ្ដាក់សិន នឹងអាចផ្ដល់នូវអត្តប្រយោជន៍ជាច្រើន ដែលនឹងជិះឥទ្ធិពលជាវិជ្ជមានទៅដល់ ឧស្សាហកម្មសំណង់ នៅប្រទេសកម្ពុជា ដល់ការប្រើប្រាស់នូវបេតុង ប្រហោងចាក់ស្រាប់ នឹងផ្ដល់នូវផលិតផល ដែលមានស្ដង់ដារ គុណភាពខ្ពស់ កាត់បន្ថយថ្លៃសាងសង់ និងពន្លឿនល្បឿនសាងសង់សម្ភារនេះ នឹងផ្ដល់ការ កាត់បន្ថយបន្ទុកទៅលើ បរិស្ថាន ដោយកាត់បន្ថយការបំពុលបរិយាកាស និងកាកសំណង់ ដែលនឹងធ្វើឲ្យការដ្ឋានសាងសង់ មានសុវត្ថិភាពក្នុងការធ្វើការងារជាងមុខ៕