(ត្បូងឃ្មុំ)៖ រសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៦ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយ អង្គភាពសេវាកម្មសុខុមាលភាព និងជួលជុលគ្រោះថ្នាក់ការងារ (KCOMWEL, K-WACO) នៃសាធារណរដ្ឋកូរ៉េ ចែកសំភារៈសិក្សាដល់សិស្សជាង ១,០០០នាក់ ពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋក្រីក្រជាង ១០០នាក់ និងប្រគុំតន្ត្រីមនុស្សធម៌ ប្រារព្ធធ្វើនៅសាលាបឋមសិក្សាក្រញូង ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
នេះជាលើកទី២ហើយ ដែល ប.ស.ស នៃក្រសួងការងារ និងអង្គភាព KCOMWEL, K-WACO នៃសាធារណៈរដ្ឋកូរ៉េ ចែក កុំព្យូទ័រ, សំលៀកបំពាក់, សម្ភារសិក្សារួមមាន៖ កាបូប សៀវភៅ ប៊ិច ខ្មៅដៃ ជ័រលុប ទឹកលុប..... ពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ, និងកាត់សក់ សិស្ស ព្រមទាំងប្រគុំតន្ត្រីជាលក្ខណៈមនុស្សធម៌។
រយៈពេល ៨ឆ្នាំមកនេះ កិច្ចសហប្រតិបត្តិរវាងបេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រទេសកម្ពុជា និងអង្គភាពសេវាកម្មសុខុមាលភាព និងជួសជុលគ្រោះថ្នាក់ការងារ (KCOMWEL, K-WACO) នៃសាធារណៈរដ្ឋកូរ៉េ បានធ្វើការផ្លាស់ប្តូរបទពិសោធន៍ការងារ និងផ្តល់នូវជំនួយបច្ចេកទេស ដល់ ប.ស.ស លើការអនុវត្តរបបសន្តិសុខសង្គម ផ្នែកគ្រោះថ្នាក់ការងារ ផ្នែកថែទាំសុខភាព ដល់កម្មករនិយោជិត រួមមាន៖ សេវាសង្គ្រោះបន្ទាន់(១២៨៦), ផ្តល់ការព្យាបាលដល់ជាសះស្បើយ, ផ្តល់ប្រាប់ប្រចាំថ្ងៃពេលជនរងគ្រោះសម្រាកព្យាបាលនៅមន្ទីរពេទ្យ, ផ្តល់ប្រាក់សម្រាប់អ្នកថែរក្សាជនរងគ្រោះ, ផ្តល់ប្រាក់ឧបត្ថម្ភ មួយជីវិតសម្រាប់អ្នកពិការភាព, ផ្តល់ឧបករណ៍អវៈយវៈសិប្បនិមិត្ត រទេះរុញ ឈើច្រត់ដល់ជនពិការ, បណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់ជនពិការបង្កើតអាជីវកម្មនៅមូលដ្ឋាន, ផ្តល់ប្រាក់ឧបត្ថម្ភដល់ក្រុមគ្រួសារជនរងគ្រោះ, ពិគ្រោះយោបល់ និងពិនិត្យសុខភាពកម្មករ, ផ្តល់ប្រាក់ចំណាយលើការលំហែ និងសម្រាកមាតុភាព, ផ្តល់សេវាបង្ការ និងថែទាំសុខភាព និងនៅមានគម្រោងផ្តល់ប្រាក់សោធនសម្រាប់កម្មករ ពេលចូលនិវត្តន៍ផងដែរ។
ឆ្លៀតក្នុងឱកាសនោះដែរ លោក ប៉ែន នរៈវុធ នាយករង ប.ស.ស តំណាងលោក អ៊ុក សមវិទ្យា នាយក ប.ស.ស បានផ្តាំផ្ញើរដល់ក្មួយៗសិស្សសាលាទាំងអស់ ឱ្យខិតខំប្រឹងប្រែង នឹងយកចិត្តទុកដាក់រៀនសូត្រ ដើម្បីមានចំណេះដឹង មានការងារល្អធ្វើ មានជីវភាពសមរម្យ និងមានអនាគតភ្លឺស្វាង ។ ប.ស.ស នឹងខិតខំស្វែងរកជំនួយ សម្រាប់ជួយដល់សិស្សនៅសាលាបឋមសិក្សាក្រញូងយើងនេះ ជាបន្តបន្ទាប់៕