(ភ្នំពេញ)៖ ក្រុមហ៊ុន Little Sheep Hot Pot ម្ចាស់ម៉ាកសញ្ញារបស់ «Yum China» នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦នេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាដៃគូ ជាមួយក្រុមហ៊ុន HGB Food Industry Co. Ltd. ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ នៃក្រុមហ៊ុន HGB Group Co. Ltd. ដែលជាក្រុមហ៊ុនវិនិយោគទុនឯកជន ក្នុងស្រុកនៅកម្ពុជា ផ្ដោតលើវិស័យរថយន្ដ ចំណីអាហារ ទំនិញលក់រាយ និងទំនិញប្រណិតជាច្រើន។
ពិធីនេះ ត្រូវបានធ្វើនៅ សណ្ឋានគារ សូហ្វីតែលភ្នំពេញ ភូគីត្រា ដែលភាគីក្រុមហ៊ុន HGB Food Industry Co. Ltd. ដឹកនាំដោយលោក Austin Tan និងលោក Tan Kok Kiak រីឯភាគីក្រុមហ៊ុន Little Sheep Hot Pot ដឹកនាំដោយលោក Ted Lee និងលោក Ailee Wu។
ការចាប់ដៃគូរវាង ក្រុមហ៊ុន Little Sheep Hot Pot ជាមួយ HGB Food Industry Co. Ltd. ដើម្បីឈានចូលទីផ្សារប្រទេសកម្ពុជា ជាមួយសាខាភោជនីយដ្ឋានថ្មី ហើយការសហការនៃ ត្រូវបានធ្វើឡើង ក្នុងគោលបំណងនាំយកនូវភាពរីករាយ និងភាពឈ្ងុញឆ្ងាញ់នៃអាហារ Hot Pot របស់ម៉ុងហ្គាលីមកដល់កម្ពុជា ជាមួយសាខាភោជនីយដ្ឋានថ្មីជាច្រើន ដែលមានទីតាំងស្ថិតនៅទីប្រជុំជនសំខាន់ៗ នៅក្នុងរាជធានីភ្នំពេញ រយៈពេល៣ឆ្នាំទៅមុខទៀត។
សូមបញ្ជាក់ថា Little Sheep Hot Pot បានចាប់ផ្ដើមដំណើរការនៅក្នុងឆ្នាំ១៩៩៩ ជាមួយភោជនីយដ្ឋាដំបូងបំផុតនៅប្រទេសម៉ុងហ្គោលី នៅក្នុងរយៈពេល១៧ឆ្នាំ ក្រុមហ៊ុនបានពង្រីកសាខា នៃភោជនីយដ្ឋានស៊ុបម៉ុងហ្គោលីរបស់ខ្លួន រហូតដល់ទៅ៣០០សាខា នៅបណ្ដាលប្រទេសចំនួន១១០។ នៅឆ្នាំ២០១២ Little Sheep Hot Pot បានចូលរួមជាមួយ Yum China Group ហើយបានប្រើប្រាស់គ្រឿងផ្សំស្រស់បំផុត ដោយចៀមត្រូវបានចិញ្ចឹម នៅលើវាលស្មៅព័ណ៌មាស និងជ្រើសរើសយកមកយ៉ាងពិសេស នៅពេលដែលវាមានអាយុ១៨០ថ្ងៃ ទើបធ្វើឲ្យអាហារទាំងអស់ផ្ដល់ ឲ្យអ្នកពិសារនូវរសជាតិបែបធម្មជាតិស្រស់ សុខភាពល្អ៕