(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងសហការីបានចូលរួមសម័យប្រជុំលើកទី៩ នៃព្រឹទ្ធសភានីតិកាលទី៣ ដើម្បីការពារសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ បន្ទាប់ពីសេចក្តីព្រាងច្បាប់នេះ ទើបបានទទួលការអនុម័ត ជាឯកច្ឆន្ទក្នុងកិច្ចប្រជុំពេញអង្គរបស់រដ្ឋសភាកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ កន្លងទៅនេះ។
លោករដ្ឋមន្រ្តី បានជម្រាបជូនអង្គប្រជុំព្រឹទ្ធសភាថា សន្និសីទប្រចាំឆ្នាំនៃបណ្តាភាគីអនុសញ្ញា UNFCCC លើកទី២១ (CoP21) នៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីចុងឆ្នាំ២០១៥ បានអនុម័តកិច្ចព្រមព្រៀងជាប្រវត្តិសាស្រ្ត ហៅថា «កិច្ចព្រមព្រៀងទីក្រុងប៉ារីស» ដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ ជាពិសេសដើម្បីជំរុញការវិនិយោគ ដែលបញ្ចេញកាបូនតិចប្រកបដោយចីរភាព នៅពេលអនាគត។
កិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះ ត្រូវបានរៀបចំឡើង ដោយឈរលើមូលដ្ឋាន នៃគោលការណ៍ចម្បងនៃអនុសញ្ញា UNFCCC ដែលជំរុញឱ្យភាគីទាំងអស់ ខិតខំប្រឹងប្រែងអនុវត្តកាតព្វកិច្ចរបស់ខ្លួនក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុ និងបន្ស៊ាំទៅនឹងឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ។
ជាការឆ្លើយតបចំពោះការលើកឡើងរបស់សមាជិកព្រឹទ្ធសភាមួយចំនួន លោករដ្ឋមន្ត្រីបានបកស្រាយបំភ្លឺអំពីភាពចាំបាច់ ក្នុងការពង្រឹងប្រសិទ្ធភាពនៃកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាព ព្រមទាំងសារប្រយោជន៍ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស សម្រាប់កម្ពុជា ក៏ដូចជាពិភពលោក។
ជាងនេះទៅទៀត លោករដ្ឋមន្ត្រី បានបញ្ជាក់ជូនអង្គព្រឹទ្ធសភាអំពីការធ្វើកំណែទម្រង់នៅក្នុងវិស័យបរិស្ថាន និងធនធានធម្មជាតិ ជាពិសេសការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ តាមរយៈការបន្តអនុវត្តច្បាប់របស់រាជរដ្ឋាភិបាល ក្នុងការត្រួតពិនិត្យវាយតម្លៃសម្បទានដីសេដ្ឋកិច្ច ការផ្ទេរសមត្ថកិច្ចគ្រប់គ្រងព្រៃឈើ និងសម្បទានដីសេដ្ឋកិច្ច ការបង្រ្កាបបទល្មើសព្រៃឈើទ្រង់ទ្រាយធំ និងការរៀបចំឱ្យមានវេទិកាស្តីពីការគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិ ដោយមានការចូលរួមពីអ្នកពាក់ព័ន្ធ ជាពិសេសសហគមន៍មូលដ្ឋាន។ ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រីក៏បានជម្រាបជូនផងដែរ អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការរៀបចំបង្កើតរបៀងអភិរក្សជីវៈចម្រុះ ដើម្បីពង្រឹងនិងពង្រីកវិសាលភាពតំបន់ការពារធម្មជាតិ សំដៅលើកកម្ពស់តម្លៃ និងកែលម្អមុខងារនៃប្រព័ន្ធអេកូឡូស៊ី ក៏ដូចជាកែលម្អជីវភាពរស់នៅរបស់ប្រជាសហគមន៍មូលដ្ឋាន។
ជាលទ្ធផល បន្ទាប់ពីស្តាប់ការបកស្រាយរបស់តំណាងរាជរដ្ឋាភិបាល អង្គព្រឹទ្ធសភាទាំងមូលបានបោះឆ្នោត អនុម័តជាឯកច្ឆន្ទចំនួន៥១សម្លេង លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រម លើកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុនេះ៕