(ភ្នំពេញ)៖ មន្ត្រីយោធាម្នាក់បានចូលហាងផឹកស៊ីស្រវឹង ស្រាប់តែយកដៃទៅលូកស្ទាបប្រដាប់ភេទនារីគិតលុយ បង្កឲ្យមានការភ្ញាក់ផ្អើលនៅយប់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦ ក្នុងហាង «មនោរម្យត្រជាក់ចិត្ត» លក់គ្រឿងក្លែមគ្រប់មុខ ស្ថិតតាមបណ្ដោយផ្លូវC7 ស្ថិតក្នុងភូមិដំណាក់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
មន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា នារីរងគ្រោះឈ្មោះ រាន សុវណ្ណារី អាយុ១៨ឆ្នាំ មុខរបរអ្នកគិតលុយស្នាក់នៅ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
នារីឈ្មោះ គាំង ចិន្ដា អាយុ២១ឆ្នាំ មុខរបររត់តុស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បានឲ្យដឹងថា មុនពេលកើតហេតុ ជនបង្កបានចូលទៅហាងខាងលើ ដើម្បីផឹកស៊ី តែម្នាក់ឯងនោះទេ ហើយរហូតគាត់ផឹកស្រាបៀរអស់២កញ្ច្រែងសរុប១២កំប៉ុង ក៏មានមិត្តភក្ដិរបស់គាត់ពីរនាក់ប្ដី-ប្រពន្ធបានមកផឹកស៊ីជាមួយទៀត។
ក្រោយពេលផឹកស៊ីរួចហើយ ជនបង្កបានដើរទៅយកម៉ូតូ ដែលដាក់នៅនិងចំហៀងហាង តែរូបគាត់មិនទាន់គិតលុយនៅឡើយនោះទេ ទើបនារីរងគ្រោះ និងសាក្សីម្នាក់ទៀតដែលធ្វើការជាមួយគ្នា បានដើរទៅប្រាប់ជនបង្កថា គាត់ពុំទាន់គិតលុយនៅឡើយទេ ហើយពេលជនរងគ្រោះទៅប្រាប់ចំនួនទឹកប្រាក់ ដែលគាត់ពុំទាន់គិតនោះ គឺមានចំនួន១១២០០០រៀល ដែលត្រូវចំណាយ។ ពេលនោះជនបង្កបានឆ្លើយថាមិនអីទេ។
ស្រាប់តែបន្តិចក្រោយមក ជនបង្កបានរត់ទៅយកដៃបុកប្រដាប់ភេទនារីរងគ្រោះខាងលើ តែនារីរងគ្រោះ បានព្យាយាមគេចដែរ តែជនបង្កបានរត់ទៅម្ដងទៀត ថែមទាំងចាប់ដៃនារីរងគ្រោះហើយ បានយកដៃទៅបុកប្រដាប់ភេទរបស់នាង រហូតទៅដល់ចំនួនពីរដងទៀត ទើបនារីខាងលើ រត់ទៅប្រាប់ម្ចាស់ ហាងឲ្យទាក់ទងទៅកាន់សមត្ថកិច្ចមូលដ្ឋាន ចុះមកជួយអន្តរាគមន៍ និងឃាត់បុរសយកទៅសាកសួរបន្ថែម នៅប៉ុស្ដិ៍នគរបាលរដ្ឋាបាលភ្នំពេញថ្មី។
បើតាមមន្រ្តីនគរបាល ជនបង្កខាងលើមានឈ្មោះ ហេង សម្បត្តិ អាយុ៤២ឆ្នាំ មុខរបរ មន្រ្តីយោធា ផ្នែកផ្ដល់ព័ត៌មាននៃការិយាល័យទី២ ស្នាក់នៅផ្ទះលេខ២ ផ្លូវលំ ភូមិព្រៃមូលសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។
បច្ចុប្បន្នជនបង្កខាងលើ ត្រូវបានសមត្ថកិច្ចកំពុងតែកសាងសំណុំរឿង បញ្ជូនយកទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ រង់ចាំការចាត់ការទៅតាមនីតិវីធី៕