(ភ្នំពេញ)៖ តំណាងក្រុមហ៊ុន វីអេនើជីឡូជីស្ទីក ដែលជាក្រុមហ៊ុនមួយដេញថ្លៃបានឈើ ដែលគណៈកម្មការបង្ក្រាបបទល្មើសព្រៃឈើ ដែលមាននាយឧត្តមសេនីយ៏ សៅ សុខា ជាប្រធានធ្វើការបង្ក្រាបបានកាលពីជិតមួយឆ្នាំកន្លងទៅ បានចេញមុខមកធ្វើការប្រកាសជាសាធារណៈ បន្ទាប់ពីមានពាក្យចចាមអារាម និងព័ត៌មានចោទ ប្រកាន់មួយចំនួន ពាក់ព័ន្ធការប្រមូលដឹកជញ្ជូនឈើចេញពីព្រៃ យកមកទុកនៅលើដីក្រុមហ៊ុន ដើម្បីគ្រប់គ្រងឲ្យបានល្អជៀសវាងត្រូវទឹកត្រូវភ្លៀង ពុកផុយ រួមទាំងបង្កាខ្លាចភ្លើងឆេះនារដូវប្រាំងហួតហែង ខាងមុខនេះជាដើម។
តំណាងក្រុមហ៊ុនបានថ្លែងប្រាប់អ្នកកាសែត នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦នេះថា ថ្មីៗនេះក្រុមហ៊ុនដេញថ្លៃឈើគ្រប់ប្រភេទដែល គណៈកម្មការបង្ក្រាបបាននៅក្នុងក្រុមហ៊ុន ចំនួន២គឺក្រុមហ៊ុនខេសាន់ និងក្រុមហ៊ុន ប៊ិញហ្វឿក នៅខេត្តមណ្ឌលគិរី។ ក្រោយក្រុមហ៊ុនដេញថ្លៃបាន និងបង់ថវិកា ជូនរដ្ឋទៅតាមតម្លៃដែលដេញថ្លៃបានរួចហើយ ក្រុមហ៊ុនក៏សុំគណៈកម្មការដេញថ្លៃដឹកជញ្ជូនឈើទាំងអស់នោះ យកមកទុកនៅលើដីក្រុមហ៊ុនដែលកំណត់ដោយ គណៈកម្មការដើម្បីជៀសវាងការបាត់បង់ ឬក៏ត្រូវទឹក ត្រូវកំដៅថ្ងៃ និងភ្លើងឆេះនារដូវប្រាំងខាងមុខនេះ។
ដោយឡែកចំពោះការចោទប្រកាន់ថា ក្រុមហ៊ុនបានប្រើប្រាស់រថយន្តធុនយក្សដែលមានទម្ងន់លើសចំណុះ យកទៅដឹកឈើ និងទីតាំងដាក់ឈើនៅជិតព្រំដែន ងាយស្រួលក្នុងការដឹកជញ្ជូនចេញទៅប្រទេសវៀតណាមនោះ ត្រូវបានតំណាងក្រុមហ៊ុនខាងលើអះអាងថារថយន្ត ដែលក្រុមហ៊ុនយកទៅដឹកឈើគឺ ក្រុមហ៊ុនបានជួលពីគេ ហើយក៏ជាប្រភេទរថយន្តត្រូវខ្នាត មានបទដ្ឋានបញ្ចេកទេសត្រឹមត្រូវផងដែរ ដោយមានការត្រួតពិនិត្យ និងទទួលស្គាល់ពីអាជ្ញាធរខេត្តមណ្ឌលគិរីទៀតផង។
ចំណែកទីតាំងដីរបស់ក្រុមហ៊ុនសំរាប់ដាក់ឈើគឺស្ថិតនៅភូមិច្រេះ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ហើយបច្ចុប្បន្នក្រុមហ៊ុនបានដាក់ពាក្យទៅរាជរដ្ឋាភិបាលសុំបង្កើតរោងចក្រកែច្នៃឈើទាំងអស់នោះ នៅលើដីក្រុមហ៊ុនតែម្ដងដើម្បីលក់ចេញនៅលើទីផ្សារ។
សូមបញ្ជាក់ថាក្រោយគណៈកម្មការបង្ក្រាបបទល្មើសព្រៃឈើដែលបង្កើតឡើងដោយរាជរដ្ឋាភិបាល ធ្វើការបង្ក្រាបឈើបានគឺមានឈើជាច្រើន នៅរាយប៉ាយពេញព្រៃឈើ ដីក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចមួយចំនួន ហើយឈើទាំងអស់នោះខ្លះក៏រងនូវការខូចខាត ដោយសារភ្លើងឆេះឬត្រូវភ្លៀង ត្រូវថ្ងៃពុកផុយជាដើម។ ដោយមើលឃើញពីការខូចខាតដូច្នេះហើយ ទើបរាជរដ្ឋាភិបាល សម្រេចអោយបង្កើតគណៈកម្មការដេញថ្លៃអោយបានលឿន។
ក្នុងនោះពេលដេញថ្លៃឈ្មួញ និងក្រុមហ៊ុនណាដែលមានឈ្មោះមិនល្អពាក់ព័ន្ធបទល្មើសព្រៃឈើ នាពេលកន្លងមក ខាងគណៈកម្មការមិនអនុញ្ញាតឲ្យចូល ដេញថ្លៃឡើយ៕