(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវជាថ្មីដល់ម្ចាស់ផ្ទះជួលនានា នៅក្នុងប្រទេសកម្ពុជា ដើម្បីកុំឱ្យដំឡើងថ្លៃឈ្នួលបន្ថែម ពេលឃើញកម្មករទទួលបានប្រាក់ឈ្នួលអប្បបរមាថ្មី១៥៣ដុល្លារ នៅដើមឆ្នាំ២០១៧ ខាងមុខនេះ។ (សូមស្តាប់ប្រសាសន៍សម្តេចតេជោនៅខាងក្រោម)
ការលើកឡើងបែបនេះរបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង នៅក្នុងពិធីសម្ពោធរោងចក្រក្រុមហ៊ុន កូកាកូឡាថ្មី ដែលវិនិយោគដោយសហរដ្ឋអាមេរិក នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ នៅព្រឹក ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៦នេះ។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា រាជរដ្ឋាភិបាលខិតខំប្រឹងប្រែងណាស់ ដើម្បីលើកស្ទួយជីវភាពកម្មករ តាមរយៈកាត់បន្ថយការចំណាយ ដូចជាការតបណ្តាញអគ្គិសនី និងបណ្តាញទឹកដល់បន្ទប់ជួល។ សម្តេចបានជំរុញឲ្យអាជ្ញាធរអគ្គិសនី និងរដ្ឋាករទឹកបន្តធ្វើការតបណ្តាញទឹក និងអគ្គិសនីបន្ថែមទៀតទៅតាមបន្ទប់ជួលរបស់កម្មករ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដំឡើងប្រាក់ឈ្នួលអប្បបរមា ដល់កម្មកររោងចក្រកាត់ដេរសំលៀកបំពាក់ និងស្បែងជើង ចំនួន១៥៣ដុល្លារ នៅឆ្នាំ២០១៧ ខាងមុខនេះ។ ប្រាក់ឈ្នួលនេះ បានកើនឡើងប្រមាណ ១៣ដុល្លារ បើធៀបនឹងប្រាក់ឈ្នួលអប្បបរមានៅឆ្នាំ២០១៦៕
សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន៖