(សៀមរាប)៖ ក្រុមហ៊ុនម៉ែនូឡាយហ្វ៍ ខេមបូឌា ភីអិលស៊ី (Manulife Cambodia) បានសហការជាមួយអង្គការមូលនិធិបង្ការរបួសអាស៊ី ប្រចាំកម្ពុជា ក្រសួងសាធារណៈការ និងដឹកជញ្ជូន និងអាជ្ញាធរខេត្ត បានចែកមួកសុវត្ថិភាព ដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងមាតាបិតាសិស្ស ចំនួន៩១៦នាក់ នៅសាលាបឋមសិក្សាកេសរ៉ារាម ក្រុងសៀមរាប នាដើមខែធ្នូ ឆ្នាំ២០១៦នេះ។
ពិធីនេះ ត្រូវបានធ្វើឡើងក្រោម វត្តមាន លោកស្រី មឹន សាណវី រដ្ឋលេខាធិការ ក្រសួងសាធារណៈការ និងដឹកជញ្ជូន, លោក គឹម ឆាយហៀង អភិបាលរងខេត្តសៀមរាប, លោក រ៉យ ហ្កូរី (Roy Gory) ប្រធាន និងជាប្រធាននាយកប្រតិបត្តិ ក្រុមហ៊ុនមេនូឡាយហ្វ៍ អាស៊ី, លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួស អាស៊ី និងលោក លោកស្រី មន្ត្រីរាជការ សមត្ថកិច្ចពាក់ព័ន្ធ លោកគ្រួ អ្នកគ្រួ សិស្សានុសិស្ស មាតាបិតា អាណាព្យាបាលសិស្ស ភ្ញៀវជាតិ¬អន្តរជាតិ ផងដែរ។
លោក គឹម បញ្ញា បានថ្លែងថា អំណោយមួយសុវត្ថិភាពចំនួន៩១៦មួកនេះ ផ្ដល់ជូនដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ មាតាបិតាសិស្ស នៅសាលាបឋមសិក្សាកេសរ៉ារ៉ាម ដែលជាផ្នែកសំខាន់មួយ នៃគម្រោងមួយសុវត្ថិភាពសម្រាប់គ្រួសារ។ លោក ក៏បានសម្ដែងនូវអំណរគុណជូនចំពោះ ក្រុមហ៊ុនមេនូឡាយហ្វ៍ ដែលបានបន្តសហការ និងជួយឧបត្ថម្ភគាំទ្រប្រកបដោយទឹកចិត្តសប្បុរស ក្នុងគម្រោងមួយនេះ។
លោកថា ធនធានមនុស្ស គឺនិយាយពីចំណេះដឹង គំនិតប្រាជ្ញា និងខ្លួនមនុស្ស? ជាការពិត ខួរក្បាល គឺជាប្រព័ន្ធផ្ទុកនូវចំណេះដឹង គំនិតប្រាជ្ញា ឬបញ្ជាសម្រាប់មនុស្សគ្រប់រូបៗ ដូច្នេះការការពារខួរក្បាល ឬផ្នែកក្បាលវាពិតជាចាំបាច់ និងមានសារៈសំខាន់ណាស់ ហើយក្នុងពិភពលោកនេះ ប្រហែលជាពុំទាន់មានថ្នាំសម្រាប់ព្យាបាលខួរក្បាល របួសក្បាលនោះទេ ពិសេសគ្រោះថ្នាក់ចរាចរណ៍ ប៉ុន្តែយើងអាចការពារខួរក្បាល និងផ្នែកក្បាលដ៏មានសារៈសំខាន់ របស់យើងយ៉ាងមានប្រសិទ្ធភាពខ្ពស់ ពីគ្រោះថ្នាកចរាចរណ៍ ដោយការពាក់មួកសុវត្ថិភាព ដែលមានគុណភាព និងបានត្រឹមត្រូវ។
លោកស្រី មឹន សាណវី បានឲ្យដឹងថា រដ្ឋាភិបាលកម្ពុជា បានអនុវត្តនូវសកម្មភាពដើម្បីទប់ស្កាត់ លុបបំបាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលតែងកើតមានឡើងជារៀងរាល់ថ្ងៃ នៅកម្ពុជា ជាក់ស្ដែងចាប់ពីឆ្នាំ២០០៤ មកដល់ពេលនេះ អង្គការបានចែកមួកសុវត្ថិភាព បានចំនួនប្រមានជាង៤ម៉ឺនហើយ ជូនដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រួ និងប្រជាពលរដ្ឋកម្ពុជា។ ក្នុងនោះ រដ្ឋាភិបាលកម្ពុជា ក្រោយការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា ដែលមានសុខ សន្ដិភាព និងខិតខំកសាង ស្ដារនិងអភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធ សាលារៀន មន្ទីរពេទ្យ វត្តអារ៉ាម ផ្លូវថ្នល់ ស្ពាន ជាដើម ធ្វើឲ្យសេដ្ឋកិច្ច និងសង្គមមានភាពសុខដុម និងអភិវឌ្ឍន៍ ប្រកបដោយចិរភាព ធ្វើឲ្យពលរដ្ឋមានជីវភាពធូរធារ។
លោកស្រី បញ្ជាក់ថា ដោយមានកំណើន នៃការប្រើប្រាស់យានយន្ដ ទោចក្រយានយន្ត លើផ្លូវថ្នល់ ក្នុងការធ្វើដំណើរ ការដឹកជញ្ជូន ការផ្លាស់ប្ដូរសេដ្ឋកិច្ច ពាណិជ្ជកម្ម មានភាពមមាញឹកនៅទូទាំងប្រទេស និងភ្ជាប់ជាមួយបរទេសជិតខាង ដែលជាមូលហេតុនាំឲ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង បណ្ដាលឲ្យស្លាប់ និងរបួស ពិការ ក្នុងតួលេខគួរឲ្យព្រួយបារម្ភ និងដែលរាជរដ្ឋាភិបាលកម្ពុជា និងដៃគូរពាក់ព័ន្ធកំពុងតែរួមគ្នាដោះស្រាយបញ្ហាប្រឈមនេះ តាមគ្រប់វិធីសាស្ត្រ និងគ្រប់រូបភាព ដូចជាការបង្កើនការអប់រំ ផ្សព្វផ្សាយច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ការរឹតបន្ដឹងជំរុញឲ្យអ្នកប្រើប្រាស់ផ្លូវទាំងអស់ គោរពច្បាប់ចរាចរណ៍ និងការជួយឧបត្ថម្ភជាមួយសុវត្ថិភាពជាដើម៕