(សៀមរាប)៖ ព្រឹត្តិការណ៍ម៉ារ៉ាតុន ដែលរៀបចំដោយ គ្លុប៊ល លីមីត កម្ពុជាឆ្នាំ២០១៦ ក្រោមប្រធានបទ «វិថីឆ្ពោះទៅរកអាណាចក្របុរាណខ្មែរ» ដើម្បីរ៉ៃអង្គាសថវិកា សម្រាប់យកទៅឧបត្ថម្ភដល់មូលនិធិហ្វ្រេតហូឡូ (The Fred Hollows Foundation) ដែលជាអង្គការមនុស្សធម៌ និងអភិវឌ្ឍន៍អន្តរជាតិមួយ ដែលកំពុងធ្វើការ ជាមួយប្រទេសជាដៃគូរចំនួន ២៥ប្រទេស ក្នុងនោះមានប្រទេសកម្ពុជាផងដែរ។ ក្នុងទិសដៅ ដើម្បីកាត់បន្ថយភាពពិការភ្នែក និងចូលរួមបង្កើនសុខភាព ដល់ជនជាតិភាគតិចអូស្ត្រាលី ឲ្យមានភាពប្រសើរឡើង។

លោក ម៉ាកូស ស្កា ជាអ្នករត់ប្រណាំង បានឲ្យដឹងថា ក្នុងនាមបុគ្គលិកមូលនិធិ ហ្វ្រេតហូឡូ ប្រចាំទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី បានចូលរួមចំណែកដល់មូលនិធិហ្រេតហូឡូកម្ពុជា តាំងពីឆ្នាំ១៩៩៨ ក្នុងការកាត់បន្ថយនៃភាពពិការភ្នែក របស់ប្រជាជន តាំងពីអត្រា១.២% ឲ្យមកនៅត្រឹម ០.៣៨%។ លោកបញ្ជាក់ថា គោលបំណងនៃ «វិថីឆ្ពោះទៅរកអាណាចក្រមុរាណខ្មែរ» ដែលរៀបចំដោយគ្លុប៊លលីមិត បានបង្កើតឲ្យមានការរត់ប្រណាំង ដែលមានការចូលរួម ដោយក្រុងរត់ប្រណាំងជាលក្ខណអន្តរជាតិធំៗ កន្លងមក ដែលមាននៅប្រទេស ស្រីលង្កា, ប៊ូតាន, និងកម្ពុជា ព្រមទាំងបណ្ដាប្រទេសជាច្រើនទៀត នៅជុំវិញពិភពលោក ផងដែរ។

ការរត់ម៉ារ៉ាតុនលើកដំបូងនៅកម្ពុជានេះ លោក ម៉ាកូស ស្កា បន្ថែមថា បានចាប់នៅថ្ងៃទី២៧ វិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦កន្លងទៅនេះ ដោយចេញដំណើរពីភាគខាងជើងក្រុងភ្នំពេញ ឆ្ពោះមកខេត្តកំពង់ធំ និងបញ្ចប់នៅខាងមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប។ លោក មានក្ដីសង្ឃឹម និងទស្សនវិស័យថា ទិសដៅរត់ចម្ងាយ ២២០គីឡូម៉ែត្រនេះ នឹងអាចរៃអង្គាសថវិការ សម្រាប់វៈកាត់ជម្ងឺភ្នែកបាន២២០ករណី។

នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦នេះ លោក ម៉ាកូស ស្កា និងលោក ម៉ៃ តូន័រ បានធ្វើទស្សនកិច្ចស្វែងយល់ នៅមន្ទីរពេទ្យភ្នែកតំបន់សៀមរាប ដើម្បីពិនិត្យមើលដំណើរការងារមួយចំនួន ដែលផ្សាភ្ជាប់ជាមួយកិច្ចខិតខំប្រឹងប្រែងរបស់លោក ក្នុងការជួយជ្រោមជ្រែង និងគាំទ្រកន្លងមក។

លោក ម៉ៃ តូន័រ ដែលជាម្ចាស់ជំនួយដែរនោះ និងជាម្ចាស់ នៃក្រុមដូរដន្ត្រី នៅប្រទេសអូស្ត្រាលី ដែលតែងតែប្រគុំក្នុងព្រឹត្តិការណ៍ធំៗ នៅអូស្ត្រាលី ហើយក្នុងដំណើរមកកាន់មន្ទីរពេទ្យភ្នែក តំបន់ខេត្តសៀមរាប បានថ្លែងថា លោកបានសហការចំនួន៥ឆ្នាំ កន្លងមកហើយជាមួយ ហ្រ្វេតហូឡូ ក្នុងការរ៉ៃអង្គាសថវិការ ដើម្បីជួយដល់ប្រជាពលរដ្ឋដែលមានភាពពិការភ្នែក ហើយលោកបានបង្កើតការជួបជុំជាមួយពិធីករ (DG) សំខាន់ៗ ពីក្នុងពិភពលោក ដូចកាលពីខែកក្កដា ឆ្នាំ២០១៦នេះ លោកបានធ្វើការជួបជុំ និងធ្វើការរ៉ៃអង្គាសថវិការបានជាង ២ម៉ឺនដុល្លារ សម្រាប់គាំទ្រដល់មូលនិធិហ្វ្រេតហូឡូ។

ជាមួយគ្នានោះដែរ លោក ក៏បានចំណាយពេលវេលា និងថវិការផ្ទាល់ខ្លួន ដើម្បីបានមកកម្ពុជា និងមកពិនិត្យស្វែងយល់ពីដំណើរការ និងស្ថានភាពពិត នៅមន្ទីរពេទ្យភ្នែកតំបន់ខេត្តសៀមរាប នាពេលនេះ ហើយលោកក៏បានប្ដេជ្ញា ក្នុងការរ៉ៃអង្គាសស្វែងរកថវិការ ជួយដល់មូលនិធិហ្វ្រេតហូឡូ ជាបន្តទៀតផងដែរ។

លោក ប៉ែន ផលគុណ ប្រធានមន្ទីរពេទ្យបង្អែកសៀមរាប បានរំលឹកថា មន្ទីរពេទ្យភ្នែកតំបន់ខេត្តសៀមរាប បានសម្ភោធដាក់ឲ្យប្រើប្រាស់អគារថ្មី នៅឆ្នាំ២០១១ ដើម្បីជួយសម្រួលដល់ការវៈកាត់ជម្ងឺភ្នែក និងបណ្ដុះបណ្ដាលជំនាញវៈកាត់ជម្ងឺភ្នែក ហើយរហូតពេលនេះ គឺមានអ្នកជំងឺភ្នែកជាង ២ពាន់នាក់ បានទទួលការវៈកាត់ដោយជោគជ័យ និងមានបណ្ដុះបណ្ដាល ២០នាក់ដែលជាចក្ខុបណ្ឌិត លើជំនាញបន្ថែមនៃការវៈកាត់។

ចំណែក លោកស្រី ហ្គាប៊ី ហូឡូ ប្រធានមូលនិធិហ្វ្រេតហូឡូ ធ្លាប់បញ្ជាក់ថា ជាង៩០% នៃប្រជាជនកម្ពុជា ដែលពិការភ្នែក គឺអាចជៀសវាងបានពីភាពពិការ ដែលបណ្ដាលមកពីហេតុផលចម្បង គឺពីជំងឺភ្នែកឡើងបាយ ដែលចំណាយពេលក្នុងការវៈកាត់តែ ២០នាទី និងចំណាយប្រាក់ទាប់បំផុតត្រឹមតែ ២៥ដុល្លារអាមេរិក ដើម្បីបំពេញនូវសេចក្ដីប្រាថ្នារបស់អ្នកមានជម្ងឺ និងអ្នកពិការភ្នែក៕