(កោះកុង)៖ កម្លាំងសាខាកាំកុងត្រូលខេត្តកោះកុង ប្រចាំការនៅស្រុកស្រែអំបិល នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៦នេះ បានចុះពិនិត្យផលិតផលទំនិញ ដែលបានដាក់តាំងលក់ក្នុងផ្សារទឹក នៃស្រុកបុទុមសាគរ ខេត្តកោះកុង ដើម្បីរកមើលទំនិញដែលផុតកំណត់ប្រើប្រាស់ ខូចគុណភាព និងធ្វើការណែនាំផ្សព្វផ្សាយដល់អាជីវករពីបញ្ហានានា។

ការអង្កេតមុខទំនិញរកសារធាតុគីមីនេះ ធ្វើឡើងក្រោមការដឹកនាំផ្ទាល់ពី លោក កិក ចំរើន ប្រធានប៉ុស្តិ៍ប្រចាំស្រុកស្រែអំបិល និងរួមសហការណ៍ជាមួយកម្លាំងសមត្ថកិច្ច ដើម្បីពិនិត្យកាលបរិច្ឆេទ​ទំនិញក្នុងផ្សារអណ្តូងទឹក។

លោក កិក ចំរើន បានថ្លែងឲ្យដឹងថា ការចុះប្រតិបត្តិការអង្កេត នាថ្ងៃនេះ ក្នុងគោលបំណងដើម្បីរកសូចនាករ ទៅលើទំនិញដែលជាគ្រឿងឧបភោគ-បរិភោគ ដែលមានលក្ខណៈមិនប្រក្រតីបង្ក​ផលប៉ះពាល់ ដល់សុខភាពអ្នកប្រើប្រាស់ ដែលកំពុងដាក់តាំងលក់នៅលើទីផ្សារ ទំនិញផុតកំណត់ប្រើប្រាស់ ទំនិញដែលគ្មានស្លាកសញ្ញាត្រឹមត្រូវ មានចម្លងមេរោគ ប្រែប្រួលខូចគុណភាព និងទំនិញដែលមានលួចដាក់បន្ថែមសារធាតុគីមី ត្រូវធ្វើការហាមឃាត់ដល់អាជីវករ មិនឲ្យដាក់តាំងលក់ជាដាច់ខាត ហើយជាពិសេសផ្តោតសំខាន់ទៅលើការចរាចរណ៍នូវបន្លែស្រស់ៗ។

លោក កិក ចំរើនបានបន្តថា កម្លាំងលោកបានធ្វើការណែនាំ អំពីអនាម័យនៃការដាក់តាំងលក់សាច់ជ្រូក សាច់គោ សាច់មាន់ទា រួមទាំងផលិតផលម្ហូបអាហារជាច្រើន ដែលប្រជាពលរដ្ឋ​និយមទទួល​ទាន និងប្រើប្រាស់ប្រចាំថ្ងៃ។

លោកបានបញ្ជាក់ថា កម្លាំងសមត្ថកិច្ចបានធ្វើការវិភាគទៅលើទំនិញដាក់តាំងលក់ ដែលជាម្ហូបអាហារមានដូចជា៖ បន្លែស្រស់ៗ មឹកស្រស់ បង្គាស្រស់ ដើម្បីស្វែងរកសាធាតុ Formaline និងត្រួត​ពិនិត្យ​ទៅលើបន្លែស្រស់ ជាពិសេសគ្រឿងលាយស្រាប់ ដើម្បីស្វែងរកសារធាតុម្ស៉ៅសរ Sodium hydrosulphine ដែលច្បាប់ហាមឃាត់ដាច់ខាតមិនឲ្យប្រើប្រាស់ តែជាលទ្ធផលកម្លាំងសមត្ថកិច្ចលោក ពុំបានរកឃើញមានវត្តមានសារធាតុទាំងនេះ ក្នុងទំនិញខាងលើទេ៕