(ភ្នំពេញ)៖ របាយការណ៍របស់មន្ទីរពេទ្យកុមារជាតិ ដែលអង្គភាព Fresh News ទទួលបាននៅរសៀល ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦នេះ បានបញ្ជាក់ថា រយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៦ មានអ្នកជំងឺជាង៧ពាន់នាក់ បានចូល និងចេញពិនិត្យ ព្យាបាលជំងឺនៅមន្ទីរពេទ្យកុមារជាតិ។
របាយការណ៍ដដែលបានបញ្ជាក់ថា ក្នុងរយៈពេល៧ថ្ងៃនេះ មានអ្នកជំងឺមកទទួលសេវាពិនិត្យព្យាបាល ផ្នែកពិគ្រោះជំងឺក្រៅមានចំនួន ២,៤៩៥នាក់, អ្នកជំងឺអនុញ្ញាតិឲ្យចូលសម្រាក់ព្យាបាល ៥៣៦នាក់ ក្នុងនោះមានជំងឺទារកតូចៗគ្រប់ប្រភេទ៤៤នាក់, អ្នកជំងឺក្រីក្រត្រូវបានអនុញ្ញាតិ សម្រាកព្យាបាលដោយមិនបង់ប្រាក់២២ភាគរយ, ចំនួនវះកាត់សរុប៤៥នាក់, ការព្យាបាលដោយចលនា៣៨២នាក់, កុមារបានទទួលថ្នាំបង្ការ៦៤០នាក់, កុមារព្យាបាលធ្មេញ អញ្ចាញធ្មេញ និងក្រអូមមាត់១៧នាក់, កុមារមានផ្ទុកមេរោគអេដស៍ ត្រូវបានទទួលថ្នាំពន្យារ ៥៧នាក់, ជំងឺរបេងកំពុងទទួល ការព្យាបាល៨នាក់, កុមារមានផ្ទុកមេរោគអេដស៍ មកពិគ្រោះជំងឺឱកាសនិយម២៥២នាក់, ថតឆ្លុះវិភាគដោយកាំរស្មីអិច ១៧២នាក់, ពិនិត្យវិភាគដោយអេកូ ១០៧នាក់, ចំនួនតេស្ដបានវិភាគ នៅមន្ទីរពិសោធន៍ មាន១,៨៩៩នាក់។
មន្ទីរពេទ្យកុមារជាតិ បានឲ្យដឹងផងដែរថា ការផ្ដល់អាហារ តាមបែបវេជ្ជសាស្ដ្រដោយ គិតតាមប្រភេទជំងឺ និងតាមក្រុមអាយុកុមារមួយថ្ងៃ ចំនួន៣ពេល ដោយមិនគិតប្រាក់ ដល់កុមារដែល សម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យចំនួន៨៨៤។ ជាងនេះទៅទៀត មន្ទីរពេទ្យកុមារជាតិ មានទទួលវះកាត់ កុមារឆែបមាត់ ជើងខ្វេ ពីកំណើតដោយពុំមានបង់ប្រាក់។
បន្ថែមពីមន្ទីរពេទ្យកុមារជាតិ បានចូលរួមពិនិត្យព្យាបាល ជំងឺជូនប្រជាជននៅក្នុងសហគមន៍ក្នុងខណ្ឌទួលគោក ទីតាំងក្នុងវិទ្យាល័យសន្ធរម៉ុក ដោយមានជាមួយមន្ទីរពេទ្យជាដៃគូរដទៃទៀត និងសហការជាមួយអាជ្ញាធរជាតិប្រឆាំងអំពើពុករលួយ៕