(តាកែវ)៖ បន្ទាប់ពីមានការរិះគន់ពីសំណាក់ប្រជាពលរដ្ឋ មកលើប្រព័ន្ធតុលាការខេត្តតាកែវ និងការលើកឡើងរបស់សមាជិកក្រុមប្រឹក្សាខេត្ត ដែលបានពាំនាំនូវពាក្យរិះគន់របស់ប្រជាជនចំពោះការទារលុយពីមន្រ្តីតុលាការនោះ អភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សា ខេត្តតាកែវ នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦នេះបានស្នើឲ្យសមាជិកក្រុមប្រឹក្សាខេត្ត នាំគ្នាផ្ដិតមេដៃ ដើម្បីផ្ញើលិខិត ទៅកាន់ក្រសួងយុត្តិធម៌ និងឧត្តមក្រុមប្រឹក្សាអង្គចៅក្រម ឲ្យចុះមកធ្វើការសើបអង្កេត និងធ្វើអធិការកិច្ចចំពោះតុលាការខេត្តតាកែវ។
លោក ឡាយ វណ្ណៈ បានបញ្ជាក់ថា កន្លងមកមានប្រជាពលរដ្ឋមួយចំនួន ក៏ដូចជា សមត្ថកិច្ចខ្លះ បាននាំគ្នារិះគន់ និងរអ៊ូរទាំរឿងតុលាការដោះលែងអ្នកប្រើប្រាស់ អ្នកចែកចាយគ្រឿងញៀន និងដោះលែងមេឆ្នោតដែលសមត្ថកិច្ចខំទៅចុះចាប់ជាថ្នូរនិ ងលុយមួយចំនួន។
លោកបានសង្កត់ធ្ងន់ថា «ខ្ញុំមានការព្រួយបារម្ភខ្លាំងណាស់ ពីប្រព័ន្ធយុត្តិធម៌នៅក្នុងខេត្ត។ ការរិះគន់របស់ប្រជាពលរដ្ឋមកលើប្រព័ន្ធតុលាការ វានឹងប៉ះពាល់ដល់ជំនឿទុកចិត្តមកលើការដឹកនាំរបស់អាជ្ញាធខេត្តផងដែរ»។
នៅក្នុងឱកាសនោះ លោកអភិបាលខេត្តតាកែវ ក៏បានស្នើសុំឲ្យសមាជិកក្រុមប្រឹក្សាខេត្តតាកែវទាំងអស់ ដែលបានទទួលពាក្យបណ្ដឹងពី ប្រជាពលរដ្ឋដោយផ្ទាល់មាត់ត្រូវតែសម្ភាសន៍សួរប្រជាពលរដ្ឋឲ្យបានច្បាស់ និងរកភស្តុតាងមកសំអាងផងដែរ ហើយត្រូវនាំគ្នាផ្ដិតមេដៃតំណាងឲ្យរដ្ឋបាលខេត្ត ដោយធ្វើលិខិតទៅក្រសួងយុត្តិធម៌ ក៏ដូចជាឧត្តមក្រុមប្រឹក្សាអង្គចៅក្រមដើម្បីចុះមកធ្វើការសើបអង្កេត ក៏ដូចជា ធ្វើអធិការកិច្ចពាក់ព័ន្ធទៅនិងភាពមិនប្រក្រតីរបស់តុលាការខេត្តតាកែវនេះ។
លោកថ្លែងថា «រដ្ឋបាលខេត្តមិនអាចលូកដៃចូលទៅក្នុងប្រព័ន្ធតុលាការបានទេព្រោះតុលាការជាស្ថាប័នឯករាជ្យ។ ដូច្នោះមានតែក្រសួងយុត្តិធម៌ និងឧត្តមក្រុមប្រឹក្សាអង្គចៅក្រមតែប៉ុណ្ណោះ ដែលអាចបើកការស៊ើបអង្កេតពីភាពមិនប្រក្រតីរបស់តុលាការបាន»។
លោក ផាន់ សុភ័ក្រ ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យតុលាការខេត្តតាកែវ បានច្រានចោលនូវការរិះគន់ខាងលើ និងបានចាត់ទុករបស់ប្រជាពលរដ្ឋមួយចំនួនថា មិនយល់ពីច្បាប់។
លោកបានថ្លែង «រាល់ការដោះលែងជនល្មើស គឺជាការអនុវត្តន៍ទៅតាមច្បាប់ទាំងអស់ ដោយក្នុងនោះជនល្មើសមួយចំនួន ត្រូវបានពិន័យជាប្រាក់។ នេះមិនមែនជាអំពើពុករលួយនោះទេ»។
បើតាមលោកព្រះរាជអាជ្ញារង ប្រសិនបើសមត្ថកិច្ចចាប់មក ហើយតុលាការឃុំខ្លួននៅក្នុងពន្ធនាគារទាំងអស់នោះ គឺយើងមិនអាចរកកន្លែងឃុំបានទេ ដូច្នោះជនល្មើសដែលបាប្រព្រឹត្តកំហុសតិចតូច ដូចជាចាក់កន្ទុយលេខជាដើមគឺច្បាប់តម្រូវឲ្យបង់ប្រាក់ពិន័យ ក៏ប៉ុន្តែប្រជាពលរដ្ឋមួយចំនួន ដែលមិនយល់ពីច្បាប់បែរជាយល់ថា ជាការប្រព្រឹត្តអំពើពុករលួយទៅវិញ។
លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងឲ្យដឹងថា ក្រសួងយុត្តិធម៌និងឧត្តមក្រុមប្រឹក្សាអង្គចៅក្រម និងបើកការស៊ើបអង្កេតក៏ដូចជា ធ្វើអធិការកិច្ចចំពោះតុលាការខេត្តតាកែវ ប្រសិនបើអាជ្ញាធខេត្តតាកែវដាក់ពាក្យបណ្ដឹងមក។
លោកថ្លែងថា «បើពាក្យបណ្ដឹងរបស់អាជ្ញាធខេត្តតាកែវ មានភស្តុតាងគ្រប់គ្រាន់ នៅពេលនោះ ក្រសួងយុត្តិធម៌ដែលមានអាគ្គាធិការតុលាការ និងឧត្តមក្រុមប្រឹក្សាអង្គចៅក្រម នឹងបើកការសើបអង្កេតជាក់ជាពុំខាន»៕