(ភ្នំពេញ)៖ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដ Audi ពណ៌ស ស៊េរីឆ្នាំ២០១១ ពាក់ស្លាកលេខភ្នំពេញ 2AH-3988 និងម៉ូតូម៉ាក C125 ស៊េរីឆ្នាំ២០១៧ ពីយប់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៦ម្សិលមិញ នៅទល់មុខបុរីអូគឺដេរ តាមផ្លូវ២០០៤ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ត្រូវបានដោះស្រាយបញ្ចប់ហើយ នៅព្រឹកថ្ងៃទី៥ ខែធ្នូនេះ ដោយភាគីទាំង២ សុខចិត្តយោគយល់យកម៉ូតូ និងរថយន្ដទៅផ្ទះរៀងៗខ្លួន។
ការដោះស្រាយនេះបានធ្វើឡើង នៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ក្រោមការចូលរួមពីលោកវរសេនីយ៍ទោ សែម គន្ធា នាយរងការិយាល័យ ចរាចរណ៍ជើងគោក ក្រោមការណែនាំពីស្នងការនគរបាលរាជធានីភ្នំពេញ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ និងលោក ចេវ ហាក់ នាយការិយាល័យ ចរាចរណ៍ជើងគោក។
សូមបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង នៅពេលអ្នកបើកម៉ូតូ រ៉ន តុលា ធ្វើដំណើរតាមផ្លូវ២០០៤ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់មុខបុរីអូគឺដេរ ស្រាប់តែអ្នកបើករថយន្ដ ជានារីម្នាក់មានឈ្មោះ ថៃ ហួរ មុខរបររកស៊ី បានបត់ចូលបុរី ក៏មានការប៉ះពៀរគ្នាតែម្ដង។
ភ្នាក់ងារ Fresh News ដែលទៅយកព័ត៌មាន នៅកន្លែងកើតហេតុបានឲ្យដឹងថា បន្ទាប់ពីមានរឿងនេះកើតឡើងបានសុំឲ្យភាគីម៉ូតូ សងថ្លៃខូចខាតរថយន្ដខ្លះ ប៉ុន្ដែភាគីម៉ូតូ មិនមានលទ្ធភាពសង ទើបខាងរថយន្ដក៏ឲ្យសន្ដិសុខបុរី អូសម៉ូតូជនរងគ្រោះចូលទៅក្នុង។
ចំពោះការលើកឡើងបែបនេះ ខាងភាគីរថយន្ដ បានបកស្រាយថា ខ្លួនមិនបានប្រាប់ឲ្យសន្ដិសុខយកម៉ូតូចូលក្នុងនោះទេ ប៉ុន្ដែសន្ដិសុខបុរី ដោយមើលឃើញថា នៅកន្លែងកើតហេតុនោះនាំឲ្យស្ទះចរាចរណ៍។ ប៉ុន្តែតំណាងម្ចាស់បុរី នៅរសៀលថ្ងៃនេះ បានប្រាប់ថា ក្រុមសន្តិសុខរបស់លោកគ្មានសិទ្ធិ និងមិនបានទៅយកម៉ូតូចេញពីកន្លែងកើតហេតុនោះទេ។
លោក សែម គន្ធា ដែលស្ថិតក្នុងការសម្របសម្រូលនោះ បាននិយាយថា ដើម្បីបញ្ជប់រឿងដោយមានយោគយល់រវាងភាគីទាំង២ ម្ចាស់ម៉ូតូ ឈ្មោះ រ៉ន់ តុលា ក៏បាន សុំទោសដល់ម្ចាស់រថយន្ដ ហើយក៏មិនបានថា ម្ចាស់រថយន្ដទាមទារលុយ១,០០០ដុល្លារនោះទេ។ បន្ទាប់ពីបញ្ចប់នៃការដោះស្រាយនេះភាគីទាំង២ ក៏បានចាប់ដៃគ្នា និងយករថយន្ដនិងម៉ូតូទៅផ្ទះរៀងៗខ្លួន នៅរសៀលថ្ងៃដដែលនេះ៕
ជនរងគ្រោះ ដែលជាម្ចាស់ម៉ូតូ ឈរក្បែររថយន្តនគរបាលចរាចរណ៍