(ភ្នំពេញ)៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបញ្ជាក់ថា គ្រោងនឹងបង្កើតសមាគមមនុស្សចាស់ឲ្យបាន ១,១២៣កន្លែង នៅគ្រប់ឃុំ-សង្កាត់ទូទៅប្រទេសកម្ពុជា នៅឆ្នាំ២០១៧។ នេះបើតាមសេចក្ដីជូនដំណឹង អំពីការគ្រោងបើកសិក្ខាសាលាថ្នាក់តំបន់អាស៊ានមួយ ស្តីពីការលើកកម្ពស់សមាគមមនុស្សចាស់ របស់ក្រសួងសង្គមកិច្ច ដែលចេញនៅថ្ងៃទី០៥ ខែធ្នូនេះ។
ក្រសួងសង្គមកិច្ចបានបញ្ជាក់ «កម្ពុជានឹងធ្វើការចែករំលែកអំពីការប្តេជ្ញាចិត្ត ក្នុងការបង្កើតសមាគមមនុស្សចាស់ដែលជាយន្តការយ៉ាងសំខាន់ ក្នុងការលើកកម្ពស់សុខុមាលភាពមនុស្សចាស់នៅកម្ពុជា តាមរយៈបទពិសោធន៍ក្នុងការងារនេះ ជាង១០ឆ្នាំ កន្លងទៅ ដែលសម្រេចបានក្នុងការបង្កើតប្រមាណ៥០០សមាគម នៅតាមបណ្តាខេត្ត-រាជធានី ចំនួន១៥ និងគ្រោងធ្វើឱ្យសម្រេចបាននូវការបង្កើតចំនួន ១,១២៣សមាគម បន្ថែមនៅគ្រប់ឃុំ-សង្កាត់នៅទូទាំងប្រទេស នៅត្រឹមឆ្នាំ២០១៧ សំដៅឆ្លើយតបគោលដៅនៃការបង្កើតសមាគមមនុស្សចាស់ សរុប ១,៦៣៣ គ្រប់ឃុំ-សង្កាត់ទូទំាងប្រទេស»។
សិក្ខាសាលាខាងលើ ធ្វើឡើងដោយមានកិច្ចសហការជាមួយលេខាធិការដ្ឋានអាស៊ាន និងអង្គការជួយជនចាស់ជរាអន្តរជាតិ ដោយទទួលបានការគំាទ្រថវិកា ពីជំនួយពិសេសសហប្រតិបត្តិការអាស៊ាន-កូរ៉េ (ASEAN-ROK Special Cooperation Fund) និងសហគមអ៊ឺរ៉ុប ដោយមានការចូលរួមពីតំណាងរដ្ឋាភិបាលអាស៊ាន អ្នកធ្វើគោលនយោបាយ អ្នកស្រាវជ្រាវជាន់ខ្ពស់ អ្នកជំនាញៗ តំណាងអង្គការជាតិ-អន្តរជាតិ តំណាងសមាគមមនុស្សចាស់ និងអ្នកពាក់ព័ន្ធ សរុបចំនួន ៨០នាក់។
សូមជម្រាបថា សិក្ខាសាលានេះ គ្រោងនឹងរៀបចំនៅថ្ងៃទី៦-៨ ខែធ្នូ ឆ្នាំ២០១៦ នាសណ្ឋាគារសុខាអង្គរ ក្នុងខេត្តសៀមរាប ក្នុងគោលបំណងផ្តល់នូវវេទិកា សម្រាប់អ្នកចូលរួមទំាងអស់ ធ្វើការចែករំលែកបទពិសោធន៍ ការអនុវត្តល្អៗ និងចំណេះដឹងជាច្រើន ក្នុងការបង្កើត គ្រប់គ្រង និងដំណើរការសមាគមមនុស្សចាស់ ក្នុងបរិបទផ្សេងៗគ្នា៕