(ភ្នំពេញ)៖ រាជបណ្ឌិត្យសភាកម្ពុជា នៃទីស្ដីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦នេះ បានបើកវេទិកាស្រាវជ្រាវវិទ្យាសាស្ត្រលើកទី២ ប្រចាំឆ្នាំ២០១៦ ដើម្បីផ្ដល់ឱកាសឲ្យអ្នកស្រាវជ្រាវរបស់រាជបណ្ឌិត្យសភាកម្ពុជា បានផ្សព្វផ្សាយពីស្នាដៃស្រាវជ្រាវរបស់ខ្លួន ដែលបានធ្វើការស្រាវជ្រាវ កាលពីឆ្នាំ២០១៥ កន្លងទៅ។
វេទិកាផ្សព្វផ្សាយនេះ ត្រូវបានរៀបចំឡើងក្រោមអធិតីភាព លោកស្រីបណ្ឌិតសភាចារ្យ ខ្លូត ធីតា ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៥-០៧ ខែធ្នូ ឆ្នាំ២០១៦ ដែលមានអ្នកចូលរួមប្រមាណ ៣០០នាក់។
លោកស្រីបណ្ឌិត ខ្លូត ធីតា បានឲ្យដឹងថា «ការរៀបចំវេទិកាស្រាវជ្រាវវិទ្យាសាស្រ្តប្រចាំឆ្នាំនេះ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់ការស្រាវជ្រាវ និងការចងក្រងឯកសារ សម្រាប់ផ្សព្វផ្សាយលើគ្រប់មុនជំនាញ ដើម្បីចែករំលែកព័ត៌មាន និងលទ្ធផលនៃការស្រាវជ្រាវថ្មីៗរបស់ខ្លួន ដល់គ្រប់មជ្ឈដ្ឋានទូទៅ ពិសេសផ្ដល់ឱកាសដល់មន្រ្តីជ្រាវស្រាវ នៅវិទ្យាស្ថានទាំង៦ ក៏ដូចជា មន្រ្តីនៅតាមអង្គការចំណុះដទៃទៀត របស់រាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញនូវលទ្ធផលស្រាវជ្រាវរបស់ខ្លួន បន្ទាប់ពីបានខិតខំស្រាវជ្រាវអស់រយៈពេលពេញ១ឆ្នាំ»។
លោកស្រីបណ្ឌិតបានបន្តថា ការស្រាវជ្រាវវិទ្យាសាស្រ្ត គឺនាំមកនូវនវានុវត្ត និងការបង្កើតថ្មីទាំងទស្សនៈ គំរូ និងបទពិសោធន៍ ដែលអាចផ្ដល់ជាប្រទីបបំភ្លឺផ្លូវដល់ប្រជាពលរដ្ឋម្នាក់ៗ ក្នុងការត្រិះរិះពិចារណាក្នុងឋានៈជាពលរដ្ឋរបស់សង្គមស៊ីវិល័យ ឬក៏ជួយសម្រួលដល់ក្រសួងស្ថាប័ននានា របស់រាជរដ្ឋាភិបាល ក្នុងការរៀបចំផែនការ និងគោលនយោបាយប្រកបដោយភាពត្រឹមត្រូវ និងស័ក្កិសិទ្ធិ ព្រមទាំងអាចបញ្ជៀសបាននូវហានិភ័យនានា ជាអតិបរមាថែមទៀត។
សូមជម្រាបថា វេទិកាផ្សព្វផ្សាយដ៏ផុសផុលនេះ ត្រូវបានរៀបចំឡើងបន្ទាប់ពីមានការគាំទ្រពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្តី ដល់បេសកកម្មជាប្រវត្តិសាស្រ្តរបស់រាជបណ្ឌិត្យសភាកម្ពុជា ដោយបានសម្រេចសមិទ្ធផលជាបន្តបន្ទាប់៕