(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានរិះគន់ថា លោកសាស្រ្តាចារ្យ អៀ សុផល គួរតែមានការអៀនខ្មាស់ចំពោះការដៀលត្មិះ លោក ដូ ណាល់ត្រាំ ថាជាមនុស្សអវិជ្ជា ដោយសារតែពេលនេះលោក ដូណាល់ ត្រាំ បានជាប់ឆ្នោតក្លាយជាប្រធានាធិបតីអាមេរិកហើយ។ សម្តេចថា បើសម្តេចជា លោក អៀ សុផល នោះសម្តេចនឹងចាកចេញពីទឹកដីអាមេរិកភ្លាម ព្រោះតែខ្មាស់គេចំពោះរឿងនេះ។ (សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ខាងក្រោម)៖
ការលើកឡើងបែបនេះរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង នៅក្នុងពិធីសម្ពោធរោងចក្រក្រុមហ៊ុន កូកាកូឡាថ្មី ស្ថិតនៅក្នុង តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញនៅព្រឹកថ្ងៃចន្ទ ទី០៥ ខែធ្នូ ឆ្នាំ២០១៦នេះ។ រោងចក្រនេះវិនិយោគដោយ វិនិយោគិនសហរដ្ឋអាមេរិក ហើយលោកអគ្គរដ្ឋទូតអាមេរិក ក៏បានអញ្ជើញចូលរួមដែរ។
សម្តេចតេជោ ហ៊ុន សែន បានវិភាគថា លោកសាស្រ្តាចារ្យការទូត អៀ សុផល ទំនងជាគិតថា លោក ដូណាល់ ត្រាំ ចាញ់ឆ្នោតនៅអាមេរិកហើយទើបហ៊ាន និយាយបែបនោះ។ សម្តេចបានថ្លែងយ៉ាងដូច្នេះថា «គេគិត១០០ភាគរយថា ដូណាល់ ត្រាំ ចាញ់ហើយ បានជាហ៊ានវាយតម្លៃថា ដូណាល់ ត្រាំ «អវិជ្ជា»។ ឥឡូវ បើខ្ញុំជា អៀ សុផល ខ្ញុំចាកចេញពីប្រទេសអាមេរិកភ្លាម»។
សម្តេចបានអះអាងថា សម្តេចមិនមែនជាសាស្រ្តាចារ្យការទូត ដូចលោក អៀ សុផល នោះទេ ប៉ុន្តែសម្តេចគ្រាន់តែធ្លាប់ធ្វើការលើវិស័យនេះរយៈពេល៣៨ឆ្នាំប៉ុណ្ណោះ ក៏ប៉ុន្តែ លោក អៀ សុផល បានវិភាគរឿងនេះខុស។ ចំណែកសម្តេច គឺជាអ្នកដែលយល់ថា លោក ដូណាល់ ត្រាំ នឹងឈ្នះឆ្នោត។
សូមបញ្ជាក់ថា មុនការបោះឆ្នោតនៅអាមេរិក លោក អៀ សុផល បានប្រកាសជាមុនថា ការឡើងកាន់អំណាចរបស់ លោក ត្រាំ គឺជា «ការក្រោកឡើងរបស់ មនុស្សអវិជ្ជា» ហើយថា លោកប្រធានាធិបតីថ្មីរបស់អាមេរិករូបនេះ មានលក្ខណៈស្រដៀងគ្នាខ្លាំងទៅនឹង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
កាសែត Cambodia Daily បានដកស្រង់សម្តីរបស់ លោក អៀ សុផល តាមសារអេឡិចត្រូនិកថា «គាត់ (សម្តេច ហ៊ុន សែន) និង ត្រាំ មានលក្ខណៈស្រដៀង គ្នាយ៉ាងខ្លាំង។ ត្រាំ បង្ហាញពីនិន្នាការយ៉ាងច្បាស់ថា អត្តធិបតេយ្យទាក់ទិនគ្នាយ៉ាងខ្លាំងទៅនឹងរបបផ្ដាច់ការសូម្បីជនហ្វាស៊ីស។ គាត់ស្អប់សារព័ត៌មានចង់ដឹង សារព័ត៌មាន។ គាត់រសើបចំពោះការរិះគន់។ គាត់តែងតែត្រូវជានិច្ចទោះបីជាគាត់ខុសទាំងស្រុងក៏ដោយ។ បើយើងក្រឡេកមើលទៅជុំវិញពិភពលោក មេដឹកនាំដូចគាត់ សុទ្ធតែមាននិន្នាការមិនស្របតាមលទ្ធិប្រជាធិបតេយ្យ»។
ទន្ទឹមគ្នានឹងការទិទៀនទៅលើ លោក អៀ សុផល, សម្តេចតេជោ ហ៊ុន សែន ក៏បានបង្អាប់ទៅមេដឹកនាំនយោបាយនៅកម្ពុជា ដែលមុនការបោះឆ្នោត បានរិះគន់ លោក ដូណាល់ ប៉ុន្តែក្រោយពីដូណាល់ត្រាំឈ្នះឆ្នោត បែរជាធ្វើលិខិតអបអរសាទរទៅវិញ។ សម្តេចបានបន្ថែមថា «បើខ្ញុំជាម្នាក់ទៀត ! អូ ! ធ្វើឯងបង្ហោះតាម Facebook អបអរសាទរ ! ផេះ ! ខ្ញុំគ្រាន់តែរំលឹកទេ ប៉ុន្តែមនុស្សយើងកុំឱ្យជ្រុលនិយម ហើយកុំមើលតែសំបកក្រៅ»។
ក្នុងបទសម្ភាសន៍ជាមួយព័ត៌មានឌឺខេមបូឌា ដេលី ដែលចេញផ្សាយកាលពីថ្ងៃទី០៤ ខែ វិច្ឆិកានោះ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ក៏បានហៅលោក ដូណាល់ ត្រាំ ថាមិនមែនជាជាអ្នកប្រជាធិបតេយ្យ ហើយជាជនជឿជាក់លើអំណាចផ្តាច់ការរបស់លុយផងដែរ។ លោក សម រង្ស៊ី ថែមទាំងបាន លើកឡើងទៀតថា បើលោក ត្រាំ ឈ្នះឆ្នោតក្លាយជាប្រធានាធិបតេយ្យអាមេរិក នឹងមានគ្រោះថ្នាក់បំផុតចំពោះពិភពលោក ដែលផ្ទុយពីលោកស្រី ហ៊ីឡារី គ្លីនតុន ដែលមានសភាពនឹងនរ។ ប៉ុន្តែនៅពេលនេះបុរសដែលលោក សម រង្ស៊ី ប្រធានបក្សប្រឆាំងនៅកម្ពុជាហៅថា ជាជនផ្តាច់ការនោះ បានក្លាយជាប្រធានាធិបតីលើកទី៤៥ របស់អាមេរិកហើយ៕
សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន៖