(ព្រះសីហនុ)៖ ប្រជាពលរដ្ឋប្រមាណ១ពាន់ នៅឃុំវាលរិញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានសម្ដែងការរំភើបឥតឧប្បមា ខណៈដែលក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចុះជួយពិនិត្យ និងព្យាបាលជំងឺ ជូនដល់ប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នៅក្នុងស្រុកភូមិរបស់ខ្លួន។
អ្នកស្រី អ៊ុយ ភី ប្រជាពលរដ្ឋដែលរស់នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានថ្លែងឲ្យដឹង «ថ្ងៃនេះខ្ញុំ និងអ្នកភូមិជាច្រើន បានមកពិនិត្យ និងព្យាលបាលជំងឺ របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ខ្ញុំពិតជាមានអារម្មណ៍រីករីរាយ យ៉ាងខ្លាំងក្រៃលែង ហើយការចុះមកជួយព្យាលបាលជំងឺ របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនេះ ខ្ញុំយល់ថា បានជួយជាប្រយោជន៍យ៉ាងច្រើនដល់ខ្ញុំផ្ទាល់ ក៏ដូចជាអ្នកភូមិព្រោះថា ការចុះជួយនេះ បានកាត់បន្ថយនូវថវិកាប្រជាពលរដ្ឋ ហើយបានទទួលថ្នាំល្អៗ ទៅព្យាលបាលជំងឺ»។
អ្នកស្រីបានថ្លែងបន្ដទៀតថា «ពីមុនខ្ញុំតែងតែទៅព្យាលបាល នៅមន្ទីរពេទ្យជិតៗ ហើយបានចំណាយថវិកាអស់ច្រើនដែរ តែសម្រាប់ថ្ងៃនេះ ខ្ញុំនិងប្រជាពលរដ្ឋទទួលបាន ការពិនិត្យជំងឺដោយឥតគិតថ្លៃ។ ការចុះមកជួយនេះ បានជួយសម្រាលបន្ទុករបស់អ្នកភូមិច្រើន រួមមានការចំណាយថវិកា និងធ្វើឲ្យប្រជាពលរដ្ឋសប្បាយចិត្ត ដែលបានគ្រូពេទ្យស្ម័គ្រចិត្តមកជួយ។ ខ្ញុំសូមអំពាវនាវឲ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី នេះ មកចុះជួយប្រជាពលរដ្ឋឲ្យបានញឹកញាប់។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ឯកឧត្តម ហ៊ុន ម៉ានី និងក្រុមគ្រូពេទ្យទាំងអស់ ជួបប្រទះតែសេចក្ដី សុខសប្បាយ និងសុភមង្គល»។
ចំណែកឯអ្នកស្រី ខៀវ ធូ ប្រជាពលរដ្ឋរស់នៅភូមិឃុំខាងលើ បានថ្លែងឲ្យដឹងថា «ថ្ងៃនេះ ខ្ញុំបានមកពិនិត្យជំងឺទឹកនោមផ្អែម ជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ក្រុមគ្រូពេទ្យបានពិនិត្យ ព្យាលបាល និងផ្ដល់ថ្នាំមកឲ្យខ្ញុំ បានគ្រប់គ្រាន់ទាំងអស់។ ខ្ញុំយល់ឃើញថា ការចុះមកជួយព្យាលបាល ប្រជាពលរដ្ឋទាំងនេះ គឺបានជួយសម្រាលបន្ទុកជាច្រើន ព្រោះការព្យាលបាលនេះ មិនអស់ថវិកានោះឡើយ។ ខ្ញុំសូមថ្លែងអំណរគុណ ដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី យ៉ាងខ្លាំងដែលមកចុះជួយ ដល់ប្រជាពលរដ្ឋក្នុងឃុំនេះ ហើយប្រជាពលរដ្ឋមិនមានអ្វីសងគុណនោះឡើយ មានតែម្រាមដៃដប់ សំពះអរគុណពីចំងាយ និងសូមឲ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ជួបប្រទះតែសេចក្ដីសុខ សេចក្ដីចំរើន តរៀងទៅ»។
សូមជម្រាបថា នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៦ម្សិលមិញ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត របស់លោក ហ៊ុន ម៉ានី ប្រមាណ១២៦នាក់ ដឹកនាំដោយលោក លេង ផាលី ប្រធានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បាននាំអំណោយថ្នាំពេទ្យ ចុះទៅពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅឃុំវាលរិញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយឥតគិតថ្លៃចំនួន១៣៩៥នាក់ ក្នុងនោះស្រ្តីមានចំនួន ៩០៦នាក់ ព្រមទាំងមានចែកនំបុ័ង និងទឹកសុទ្ធ ជូនដល់ពួកគាត់ថែមទៀតផងដែរ។
ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធ ដែលស្តែងចេញពីសេចក្តីស្រឡាញ់ បងប្អូនប្រជាពលរដ្ឋ ក្នុងនាមជាឈាមជ័រខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួមរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើង សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋមួយចំណែកផងដែរ។ បញ្ហាសុខភាពគឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរក ភាពជោគជ័យ សុភមង្គល ជូនគ្រួសារ និងសង្គមជាតិ។
ការពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃដែលទទួលបានជោគជ័យ យ៉ាងត្រចះត្រចង់បែបនេះ គឺដោយសារមានការ ចង្អុលបង្ហាញពី លោក ហ៊ុន ម៉ានី តំណាងរាស្ត្រនៃកម្ពុជា។
សូមជម្រាបថា នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៦ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ក៏បានប្រារព្ធខួប៤ឆ្នាំ នៃការបង្កើតក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ជាមួយបរិយាកាសយ៉ាងរីករាយផងដែរ៕