(ពោធិ៍សាត់)៖ វេទិការសាធារណៈមួយត្រូវបានប្រារព្វឡើង ដើម្បីបានទទួលបានព័ត៌មាន ក្តីកង្វល់ និងបញ្ហាដែលកើតមានឡើង របស់ប្រជាពលរដ្ឋនៅឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦ ក្រោមវត្តមានលោក ស៊ុយ សែម រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា និងមានការចូលរួមពីលោក ខូយ សុខា ប្រធានក្រុមប្រឺក្សាខេត្ត លោក ម៉ៅ ធនិន អភិបាលខេត្ត លោក លោកស្រី សមាជិកក្រុមការងារថ្នាក់ជាតិចុះខេត្តពោធិ៍សាត់ មន្រ្តីរាជការពាក់ពន្ធ័សាលាខេត្ត និងស្រុកបាកាន បងប្អូនប្រជាពលរដ្ឋប្រមាណជិត១,១០០នាក់។
ជាកិច្ចចាប់ផ្តើមអង្គវេទិការ លោករដ្ឋមន្ត្រី បានថ្លែងថា អង្គវេទិការសាធារណៈនាថ្ងៃនេះ គឺជាវេទិកាលើកមតិដោយសេរី ជាវេទិការបស់រាជរដ្ឋាភិបាល ដើម្បីស្វែងយល់ពីក្តីកង្វល់ បញ្ហា របស់បងប្អូនប្រជាពលរដ្ឋនៅឃុំតាលោ ហើយចំពោះបញ្ហា និងក្តីកង្វល់របស់បងប្អួន ណាដែលអាចដោះស្រាយត្រឹមសមត្ថកិច្ចរបស់ឃុំ ស្រុក ខេត្ត គឺនឹងត្រូវដោះស្រាយ ត្រឹមអាជ្ញាធរមូលដ្ឋាននេះ ដោយឡែកបញ្ហាណាដែលមិនអាចដោះស្រាយត្រឹមខេត្តបាន នោះក្រុមការងារថ្នាក់ជាតិសូមទទួលយកទៅថ្នាក់ជាតិ គឺរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា តាមរយៈលេខាធិការដ្ឋាន ក្រុមការងារថ្នាក់ជាតិក្រសួងមហាផ្ទៃ។
ក្នុងវេទិការសាធារណៈនេះ ប្រជាពលរដ្ឋ បានលើកឡើងអំពីក្តីកង្វល់ និងបញ្ហាសំខាន់ៗ មួយចំនួនដូចជា ការស្នើសុំធ្វើផ្លូវថ្មី ប្រឡាយទឹក ស្នើសុំថ្លឹងនាឡិកាភ្លើង ស្នើសុំបង្កើនសេវាសុខាភិបាល (ប្រធានមណ្ឌលសុខភាព ប្រើពាក្យមិនសមរម្យជាមួយអ្នកជម្ងឺ) បញ្ហាកម្មសិទ្ឋដីធ្លីឯកជន និងដីរដ្ឋ (ដីសម្បទានសេដ្ឋកិច្ច៥ គ្រួសារ) ស្នើសុំអាគារសិក្សា១ខ្នង ពីរជាន់ សម្រាប់វិទ្យាល័យតាលោ បញ្ហាសៀវភៅគ្រួសារ និងអត្រានុគោលដ្ឋាន។
បន្ទាប់ពីទទួលបានស្តាប់នូវយោបល់ ក្តីកង្វល់ សំណួរ សំណើរបស់ប្រជាពលរដ្ឋរួចមក ក្រុមការងារថ្នាក់ជាតិបានបកស្រាយពន្យល់ នូវក្តីកង្វល់ និងបានដោះស្រាយនូវរាល់គ្រប់បញ្ហា ដែលបានលើកឡើងរបស់ប្រជាពលរដ្ឋ នៅក្នុងវេទិការនេះតែម្តង។ ដោយឡែកចំពោះអគារសិក្សា និងដោះស្រាយជូន១ខ្នង ១ជាន់ ៦បន្ទប់ នៅឆ្នាំ២០១៧នេះ៕