(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើការព្រមានខ្លាំងចំពោះការប្រៀបធៀបការធ្វើបាតុកម្មរវាងកម្ពុជា-អាមេរិក និងបានស្នើឲ្យអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា ក៏ដូចជារដ្ឋាភិបាលអាមេរិកផងដែរ កត់ចំណាំទុកនូវ សម្តីរបស់មន្រ្តីសិទ្ធិមនុស្ស និងអង្គការសង្គមស៊ីវិល នៅកម្ពុជាមួយចំនួន ដែលបានចាត់ទុកការបង្រ្កាបបាតុកម្មប្រឆាំងការជាប់ឆ្នោតរបស់លោក ដូណាល់ ត្រាំ ថា ជារឿងត្រឹមត្រូវ និងមិនរំលោភសិទ្ធិមនុស្ស។ សម្តេចតេជោ ក៏បានសង្កត់ធ្ងន់ផងដែរថា ប្រសិនបើការបង្រ្កាបបាតុកម្មនៅអាមេរិក ជារឿងត្រឹមត្រូវ ដូច្នេះការបង្រ្កាបបាតុកម្មនៅកម្ពុជាក្រោយការបោះឆ្នោតឆ្នាំ២០១៣ ក៏ជារឿងត្រឹមត្រូវដូចគ្នាដែរ។ (សូមស្តាប់ប្រសាសន៍សម្តេចតេជោនៅខាងក្រោម)៖
ការថ្លែងសុំឲ្យមានការកត់ចំណាំបែបនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៦នេះ ក្នុងពេលសម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ រោងចក្រថ្មីរបស់ក្រុមហ៊ុនកូកាកូឡា នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដែលបានវិនិយោគក្នុងទំហំទឹកប្រាក់ប្រមាណ១០០លានដុល្លារដុល្លាអាមេរិក។
សហរដ្ឋអាមេរិក ដែលជាប្រទេសមហាអំណាចពិភពលោកទាំងផ្នែកសេដ្ឋកិច្ច និងយោធា ហើយតែងបានប្រសិទ្ធនាមខ្លួនឯង និងត្រូវគេចាត់ទុកជាប្រទេសបិតា លទ្ធិប្រជាធិបតេយ្យ និងជាមាតាសិទ្ធិមនុស្សលើកលោកនោះ បានរំកិលមករកបរិបទថ្មីមួយនាំឲ្យពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ បរិបទថ្មីនោះ គឺការចេញមកធ្វើបាតុកម្មពីសំណាក់ក្រុមអ្នកគាំទ្រលោកស្រី ហ៊ីលឡារី គ្លីនតុន បេក្ខភាព ប្រធានាធិបតីអាមេរិក មកពីគណបក្សប្រជាធិបតេយ្យ ប្រឆាំងនិងជ័យជម្នះរបស់លោក ដូណាល់ ត្រាំ មកពីគណបក្សសាធារណរដ្ឋ។
ក្រោយលទ្ធផលបង្ហាញនូវជោគជ័យរបស់លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី០៩ ខែវិច្ឆិកា កន្លងទៅនោះ ក្រុមអ្នកគាំទ្ររបស់លោកស្រី ហ៊ីលឡារី គ្លីនតុន តាមបណ្តារដ្ឋនានា បានចេញប្រមូលផ្តុំ និងដើរដង្ហែក្បួនតាមដងវិថី រហូតដល់មានការផ្ទុះហិង្សាជាមួយក្រុមអ្នកគាំទ្រលោក ត្រាំ ថែមទៀតផង។ មិនតែប៉ុណ្ណោះក្រុមបាតុករ ក៏បានឈានទៅដល់ការវាយបំផ្លាញទ្រព្យសម្បត្តិសាធារណៈ។
ដើម្បីគ្រប់គ្រងសន្តិសុខសណ្តាប់ធ្នាប់ក្រុមសមត្ថកិច្ចអាមេរិក ក៏បានបើកប្រតិបត្តិការទប់ស្កាត់ និងបង្រ្កាបយ៉ាងចាស់ដៃទៅលើក្រុមបាតុករ។ មានក្រុមបាតុករជាច្រើនរយនាក់ បានរងរបួសក្រោមការបង្រ្កាបរបស់សមត្ថកិច្ច ដែលប្រើដំបងឆក់ និងគ្រាប់បែកផ្សែងជាដើមនោះ ហើយក្រុមបាតុករមួយចំនួនទៀត ក៏ត្រូវបានចាប់ខ្លួនផងដែរ។
ក្រុមអង្គការការពារសិទ្ធិមនុស្ស និងអង្គការសង្គមស៊ីវិលមួយចំនួននៅកម្ពុជា បានមើលឃើញថា ការបង្រ្កាបក្រុមបាតុករប្រឆាំងលទ្ធផលបោះឆ្នោត នៅសហរដ្ឋអាមេរិកជាការត្រឹមត្រូវ ហើយក៏មិនមែនជាការរំលោភសិទ្ធិមនុស្សនោះឡើយ។
លោក អ៊ូ វីរៈ អតីតប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ក៏បានមើលឃើញថា ការបង្រ្កាបាតុកម្មរបស់សមត្ថកិច្ចអាមេរិក មិនខុសច្បាប់នោះដែរ។ លោកថា បាតុកម្មណាខុសច្បាប់ជាទូទៅសមត្ថកិច្ចត្រូវបង្រ្កាប ដើម្បីការពារសុវត្ថិភាពប្រជាពលរដ្ឋ ហើយករណីបែបនេះ មិនអាចចាត់ទុកថា ជាការរំលោភសិទ្ធិមនុស្សនោះទេ។
លោក សន ជ័យ តំណាងសម្ព័ន្ធគណនេយ្យភាពសង្គមប្រចាំអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ធ្លាប់បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News ថា បាតុកម្មនៅសហរដ្ឋអាមរិក សឹងតែក្លាយទៅជាកូដកម្ម ដោយសារតែក្រុមបាតុករ បានប្រើហិង្សាឈានដល់ការវាយបំផ្លាញទ្រព្យសម្បត្តិសាធារណៈ ដូច្នេះការបង្រ្កាបទៅលើក្រុមបាតុករ គឺមិនខុសច្បាប់នោះទេ។
សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា កត់ត្រាទុកនូវសម្តីនេះ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងទទូចយ៉ាងដូច្នេះថា «ខ្ញុំស្នើសុំឯកអគ្គរដ្ឋទូតអាមេរិកនៅកម្ពុជា កត់ត្រាឲ្យច្បាស់នូវសម្តីអ្នកវិភាគ និងតំណាងសិទ្ធិមនុស្សមួយចំនួន ដែលបាននិយាយជាមួយសារព័ត៌មានឲ្យច្បាស់ថា ការបង្រ្កាបនៅអាមេរិក គឺត្រឹមត្រូវ និងមិនរំលោភលើសិទ្ធិមនុស្ស បានកុំមានស្តង់ដារពីរឯកឧត្តម»។
សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងអំពីការប្រៀបធៀបរវាងការធ្វើបាតុកម្មនៅកម្ពុជា និងអាមេរិក ដោយសារព័ត៌មានភ្នំពេញប៉ុស្តិ៍ចេញផ្សាយថា ការធ្វើបាតុកម្មនៅអាមេរិកតូចតាច ខុសពីកម្ពុជា ខណៈដែលប៉ូលិសអាមេរិកបង្ក្រាបយ៉ាងចាស់ដៃទៅលើបាតុករ។
បើក្រឡេកមកមើលបាតុកកម្មរបស់អ្នកគាំទ្រគណបក្សសង្រ្គោះជាតិ ដែលដឹកនាំដោយសម រង្ស៊ី ប្រធានបក្ស និង លោក កឹម សុខា អនុប្រធានបក្ស ប្រឆាំងលទ្ធផល បោះឆ្នោតកាលពីឆ្នាំ២០១៣ ក៏មានសភាពមិនខុសពីបាតុកម្មនៅសហរដ្ឋអាមេរិកនាឆ្នាំ២០១៦នេះដែរ។ ក្រុមបាតុកម្មដឹកដើរដង្ហែក្បួន ក្នុងរាជធានីភ្នំពេញ ស្ទើររាល់ថ្ងៃនោះ បានឈានដល់ការគប់បំផ្លាញ់ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ គ្លីនីកព្យា បាលជំងឺ និងមានការវាយបំផ្លាញ រោងចក្រកាត់ដេរមួយចំនួនផងដែរ។
បន្ទាប់ពីការដង្ហែក្បួនបាតុកម្ម និងឈានដល់អំពើហិង្សាបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃអស់រយៈពេលជាច្រើនខែនោះ ទីបំផុតក្រុមសមត្ថកិច្ច ក៏បានចេញប្រតិបត្តិការបង្រ្កាប និងបំបែកការប្រមូលផ្តុំរបស់ក្រុមបាតុករគណបក្សសង្រ្គោះជាតិនៅលើទីលានប្រជាធិបតេយ្យផងដែរ នៅក្នុងខែមករា ឆ្នាំ២០១៤។
ការបង្រ្កាបបាតុកម្មនោះ ត្រូវបានមន្រ្តីអង្គការសង្គមស៊ីវិល អ្នកការពារសិទ្ធិមនុស្ស រួមទាំងប្រទេសអាមេរិក និងបណ្តាប្រទេសនៅអឺរ៉ុបផងដែរ បានចោទប្រកាន់ លើកងកម្លាំងសមត្ថកិច្ច ក៏ដូចរាជរដ្ឋាភិបាលផងដែរថា ជាការបំពានលើលទ្ធិប្រជាធិបតេយ្យ និងមិនគោរពសិទ្ធិមនុស្សជាដើម៕
សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន៖