Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តុលាការកំពូល ជំនុំជម្រះលើបណ្តឹងសារទុក្ខរបស់ ស្រ្តីវ័យក្មេងម្នាក់ ដែលតុលាការកាត់ទោសរឿងនាំចូលគ្រឿងញៀនជិត ១ម៉ឺនគ្រាប់

05-12-2016 12:12

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦នេះ តុលាការកំពូល បានបើកសវនាការជំនុំជម្រះ ជុំវិញបណ្តឹងសារទុក្ខរបស់ ស្ត្រីវ័យក្មេងម្នាក់ ដែលត្រូវតុលាការកាត់ទោស ឱ្យជាប់ពន្ធនាគារ ក្រោយពីនាំចូលគ្រឿងញៀនខុសច្បាប់ ជិត១ម៉ឺនគ្រាប់ចូលមកប្រទេសកម្ពុជា។

មន្ត្រីតុលាការកំពូល បញ្ជាក់ថា សវនាការនេះ ដឹកនាំដោយ លោក ឃឹម ប៉ុណ្ណ អនុប្រធានតុលាការកំពូល និង លោក នៅ មុនីជោគ ជាតំណាងមហាអយ្យការ។ ក្រោយការសួរដេញដោល តុលាការកំពូល សម្រេចលើកពេលប្រកាសសាលដីការឿងក្ដីនេះ ទៅព្រឹកថ្ងៃទី១២ ខែធ្នូ ខាងមុខនេះវិញ ។

ចំពោះសំណុំរឿងគ្រឿងញៀននេះ ជនជាប់ចោទមានឈ្មោះ វណ្ណ ច័ន្ទ ហៅ តូច ភេទស្រី អាយុ២៤ ឆ្នាំ ឈ្មោះ ទៀន អ៊ីប៉ូ ភេទប្រុស អាយុ៣០ឆ្នាំ ឈ្មោះ ទៀន សុគន្ធា ភេទស្រី អាយុ៣៥ឆ្នាំ ឈ្មោះ ឡៃ លីនដា ហៅតឿ ភេទស្រី អាយុ២៤ឆ្នាំ ឈ្មោះ ប៊ុន ពៅ ឈ្មោះ ប៊ុន ណេត និង ឈ្មោះ ទៀន សុធី ។ ក្រុមជនជាប់ចោទ ត្រូវសាលាដំបូងរាជធានីភ្នំពេញ និង សាលាឧទ្ធរណ៍ ផ្តន្ទាទោសចន្លោះពី៧ឆ្នាំដល់១៥ឆ្នាំ ពីបទជួញដូរគ្រឿងញៀនពីប្រទេសឡាវមកខេត្តស្ទឹងត្រែង ជាង៩ពាន់គ្រាប់ ដែលប្រព្រឹត្តក្នុងឆ្នាំ២០១១ ។ ប៉ុន្តែមានតែស្រ្តីឈ្មោះ វណ្ណ ច័ន្ទ ហៅតូច ម្នាក់ ប៉ុណ្ណោះដែលប្តឹងសាទុក្ខមកតុលាការកំពូល ។

ស្រ្តីជាប់ចោទម្នាក់ឈ្មោះ វណ្ណ ច័ន្ទ បានឆ្លើយក្នុងសវនាការថា នៅអំឡុងកើតហេតុ នាងត្រូវបានស្រ្តីចំណាស់ម្នាក់ពឹងឲ្យ ជួយយួរថង់អីវ៉ាន់ឆ្លងពីព្រំដែនឡាវ មកស្ពានសេកុងតែពេលឆ្លង កាត់ប៉ុស្តិ៍យាមក៏ត្រូវសមត្ថកិច្ចឃាត់ និងឆែកឃើញថ្នាំញៀនចំនួន ៩,៩៥៤ គ្រាប់ និងឃាត់មិត្ត នាង ឡៃ លីនដា ទៅជាមួយម្នាក់ទៀត ។ ឈ្មោះ វណ្ណ ច័ន្ទ និយាយថា មុនឃាត់ខ្លួនគឺមានមីងម្នាក់ ធ្លាប់ផ្ញើលុយពីថៃឲ្យគ្រួសារតាមរយៈ ឈ្មោះ ទៀន សុគន្ធា ពីបន្ទាយមានជ័យមកស្ទឹងត្រែង ៤ ដងចំនួន ១ ម៉ឺនដុល្លារដោយនាងជាអ្នកទទួលជំនួស តែមិនបញ្ជាក់ថាលុយបានគ្រឿងញៀនទេ៕