(ភ្នំពេញ)៖ នៅម៉ោងជាង១០៖០០ព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៦នេះ ព្រឹទ្ធសភា បានពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៧ ដោយឥតកែប្រែ ចំនួន៤៣សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។ នេះបើតាមការផ្សព្វផ្សាយ នៅលើទំព័រអ្នកនាំពាក្យព្រឹទ្ធសភា។

កិច្ចប្រជុំព្រឹទ្ធសភា នាព្រឹកថ្ងៃចន្ទ ទី០៥ ខែធ្នូ ឆ្នាំ២០១៦ ត្រូវបានធ្វើឡើង ក្រោមអធិបតីភាព សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដោយមានរបៀបវារៈ ចំនួន២ ត្រូវពិនិត្យ និងផ្តល់យោបល់ ក្នុងនោះមាន សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧ និង សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រម លើកិច្ចព្រមពៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុផងដែរ។

សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០១៧ ត្រូវបានរដ្ឋសភាអនុម័ត កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ កន្លងទៅ ខណៈដែលឆ្នាំ២០១៧នេះ រាជរដ្ឋាភិបាលកម្ពុជា គ្រោងចំណាយថវិកាជាង ៥ពាន់លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ទ្រទ្រង់លើគ្រប់វិស័យរបស់ប្រទេស។

ថវិកាដែលរដ្ឋាភិបាលគ្រោងនឹងចំណាយនេះ មានទឹកប្រាក់ ២០,១៨៤,៤៥៧ លានរៀល ស្មើនឹង២២.៦៧% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសកម្ពុជា ដែលមានកំណើន១៥.៦% ធៀបនឹងថវិកាឆ្នាំ២០១៦។ ចំណាយថវិកាជាតិ ឆ្នាំ២០១៧ នឹងផ្តោតសំខាន់លើភាគច្រើនទៅលើ «ចំណាយលើបន្ទុកបុគ្គលិក» ដូចជាបៀវត្សរ៍ មន្រ្តីរាជការកងកម្លាំងប្រដាប់អាវុធគ្រូបង្រៀន និង ការចំណាយលើវិស័យការពារជាតិ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈរបស់ប្រទេសជាដើម៕