Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តុលាការ​សម្រេចប្រកាសផ្តន្ទា​ទោស​លោក​ ស៊ាង​ ចែត​ មេឃុំ​គណបក្ស​សម​ រង្ស៊ី​ ដាក់​ពន្ធនាគារ​៥ឆ្នាំ​ ពាក់ព័ន្ធរឿងអាស្រូវលោក កឹម សុខា និងស្រីមុំ (Video inside)

05-12-2016 09:05

(ភ្នំពេញ)៖ លោក​ កោ​ វណ្ឌី​ អនុប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃ​ទី​៥​ ខែ​ធ្នូ​នេះ​ បានប្រកាស​សាលក្រម​ផ្តន្ទា​ទោស​លោក​ ស៊ាង​ ចែត​ មេឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម មកពីគណបក្ស​សម រង្ស៊ី ដាក់​ពន្ធនាគារ​រយៈពេល​៥ឆ្នាំ​ ពី​បទ​សូកប៉ាន់​សាក្សី​ តាម​មាត្រា​៥៤៨នៃ​ក្រម​ព្រហ្មទណ្ឌ​។​ សាលក្រម​ដែល​ប្រកាស​គ្មាន​សំអាង​ហេតុ​នេះ​ ធ្វើ​ឡើង​ចំពោះ​មុខ​លោក​ ស៊ាង​ ចែត​ និង​មេធាវី​ការពារ​ក្ដី​។​

លោក ស៊ាង ចែត ត្រូវបានតុលាការចោទប្រកាន់ពីបទសូកប៉ាន់សាក្សី ដើម្បីកុំឱ្យនិយាយការពិតប្រាប់សមត្ថកិច្ច ពាក់ព័ន្ធរឿងសញ្ចារកម្ម ដែលកើតចេញពីរឿងអាស្រូវរបស់ លោក កឹម សុខា និង កញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ។

សូមបញ្ជាក់ថា លោក ស៊ាង ចែត មេឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម កូតាមកពីគណបក្សសមរង្ស៊ីនោះ ត្រូវបានសមត្ថកិច្ចអង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦ ទៅតាមចម្លើយ ដែលអះអាងនៅក្នុងលិខិតចំហររបស់កញ្ញា ខុម ចាន់តារ៉ាទី ហៅ ស្រីមុំ។

ក្នុងលិខិតចំហរនោះ ស្រីមុំ បានចោទលោក ស៊ាង ចែត ថាបានយកលុយ៥០០ដុល្លារ ទៅឱ្យម្តាយរបស់នាង ដើម្បីឱ្យគាត់ជួយប្រាប់រូបនាង កុំឱ្យនិយាយការពិត ប្រាប់សមត្ថកិច្ច អំពីទំនាក់ទំនងរវាងនាង និងលោក កឹម សុខា ដែលសមត្ថកិច្ចសង្ស័យថា ជារឿងសញ្ចារកម្ម៕