(សៀមរាប)៖ សេចក្តីរាយការណ៍របស់ភ្នាក់ងារ Fresh News ប្រចាំខេត្តសៀមរាប បានឲ្យដឹងនៅមុននេះបន្តិចថា អគ្គិភ័យដែលឆាប់ឆេះផ្ទះសំណាក់ «ហ្គាដិនវិឡិសន៍» ក្នុងក្រុងសៀមរាប បានរលត់ស្ទើរទាំងស្រុងហើយ បន្ទាប់ពីមានអន្តរាគមន៍ របស់រថយន្តពន្លត់អគ្គិភ័យ៨គ្រឿង ក្នុងនោះរថយន្ត៤គ្រឿងរបស់ស្នងការដ្ឋាននគរបាលខេត្ត និង៤គ្រឿងទៀតរបស់អាវុធហត្ថខេត្ត។
សេចក្តីរាយការណ៍បានឲ្យដឹងទៀតថា ករណីគ្រោះអគ្គិភ័យនេះបំផ្លាញ និងប៉ះពាល់ដល់ផ្ទះ២ខ្នង ដែលមួយខ្នងជាផ្ទះសំណាក់ «ហ្គាដិនវិឡិសន៍» និងមួយខ្នងទៀត ជាផ្ទះដែលជាប់ពីក្រោយផ្ទះសំណាក់ ខណៈដែលកូនរបស់ម្ចាស់ផ្ទះសំណាក់ ម្នាក់រងរបួសផងដែរ។
យ៉ាងណាសមត្ថកិច្ច មិនទាន់បញ្ជាក់ពីមូលហេតុ ដែលនាំឲ្យកើតមានគ្រោះអគ្គិភ័យនេះ នៅឡើយនោះទេ។
សូមជម្រាបថា អគ្គិភ័យនេះ បានកើតឡើងតាំងពីម៉ោង ៦ព្រឹក ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៦ នៅក្នុងភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប រហូតមកដល់ម៉ោងជាង៨ព្រឹកនេះ សមត្ថកិច្ចអាចពន្លត់បានស្ទើរទាំងស្រុងហើយ៕