(ភ្នំពេញ)៖ ករណីជនមានអំណាចមានទ្រព្យសម្បត្តិ បើករថយន្តទៅបុកម៉ូតូជនរងគ្រោះ ហើយបានយកម៉ូតូជនរងគ្រោះទៅទុកក្នុងផ្ទះទាំងបំពានច្បាប់នោះ ត្រូវបានកម្លាំងនគរបាលការិយាល័យចរាចរណ៍ផ្លូវគោក បានយករថយន្ត និងទាំងម៉ូតូ ទៅដោះស្រាយបន្តទៀត បន្ទាប់ពីជនទំនើងដែលជាម្ចាស់រថយន្ត នៅតែទាមទារឲ្យជនរងគ្រោះសងលុយ នៃការខូចខាតស្តុបរថយន្តរបស់ខ្លួន។

សម្រាប់ករណីនេះ សមត្ថកិច្ចនិយាយថា ម្ចាស់រថយន្តខុសទាំងស្រុងគឺទី១៖ អូសម៉ូតូរបស់គេទុកក្នុងផ្ទះដើម្បីបំបិតភស្តុតាង និងទី២៖ យកម៉ូតូរបស់គេ(ជនរងគ្រោះ) ទុកនៅក្នុងផ្ទះដោយខុសច្បាប់ធ្វើទាំងបំពាន។

ជាមួយគ្នានេះ ជនរងគ្រោះដែលជាម្ចាស់ម៉ូតូ នៅតែទទូច និងអំពាវនាវដល់នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ មេត្តាជួយផ្តល់យុត្តិធម៌ ចំពោះករណីនេះផង ពីព្រោះម្ចាស់រថយន្តបានយកម៉ូតូរបស់ខ្លួន ទៅទុកក្នុងផ្ទះមិនព្រមឲ្យសមត្ថកិច្ចយកទៅដោះស្រាយនោះទេ។

សូមបញ្ជាក់ថា ពិតជាអាងអំណាច អាងទ្រព្យសម្បត្តិ និងធ្វើទាំងបំពានច្បាប់មែនជនទំនើងម្នាក់ បើករថយន្តសេរីខ្ពស់ ម៉ាក Audi ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AH-3988 បានបើកបុកម៉ូតូគេហើយ មិនព្រមទុកឲ្យសមត្ថកិច្ចដែលជាមន្រ្តីនគរបាលយុត្តិធម៌ដោះស្រាយជូន បែរជាអូសម៉ូតូជនរងគ្រោះយកទៅបង្ខាំងទុកក្នុងផ្ទះ ហើយបញ្ជាឲ្យសន្តិសុខបិទទ្វាររបងទៀតផង។

អំពើដ៏ល្មើសច្បាប់ និងអាងខ្លួនមានអំណាច ធ្វើបាបអ្នកទន់ខ្សោយនេះបានកើតឡើង នៅយប់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៦នេះ ស្ថិតនៅតាមផ្លូវ២០០៤ ទល់មុខបុរី អូរគីដេរ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ជាមួយគ្នានេះ ជនរងគ្រោះសូមអំពាវនាវដល់នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញជួយអន្តរាគមន៍ផង ពីព្រោះសូម្បីតែមន្រ្តីនគរបាល មូលដ្ឋាន និងមន្រ្តីនគរបាលចរាចរណ៍ទៅដល់ទីនោះ ក៏ម្ចាស់រថយន្ត មិនព្រមទុកឲ្យសមត្ថកិច្ចដោះស្រាយបែរ អូសម៉ូតូរបស់ជនរងគ្រោះចូលទៅក្នុងផ្ទះ ធ្វើព្រងើយ ហើយគំរាមទារប្រាក់ពីជនរងគ្រោះចំនួន១ពាន់ដុល្លារ ទើបឲ្យម៉ូតូវិញ។

ភ្នាក់ងារ Fresh News បានរាយការណ៍ថា មុនពេលកើតហេតុជនរងគ្រោះបើកម៉ូតូម៉ាក C125 មួយគ្រឿង តាមផ្លូវ២០០៤ ពីពោធិ៍ចិនតុង មកភ្លើងស្តុប ណូគា ស្រាប់តែដល់មុខបុរី អូរគីដេរ រថយន្តសេរីទំនើបនេះ បានបត់ចូលផ្ទះក្នុងបុរី ស្រាប់ទៅបុកជនរងគ្រោះបណ្តាលឲ្យដួល ហើយរថយន្តបែកអំពូលខាងមុខ ស្ថិតនៅខាងក្រោម។

ពេលនោះម្ចាស់រថយន្ត បានចេញពីផ្ទះមកសម្លុតជនរងគ្រោះឲ្យសងថ្លៃស្តុប ចំនួន១ពាន់ដុល្លារ ប៉ុន្តែបើយោងតាមមន្រ្តីនគរបាលមើល ពីទិដ្ឋភាពគ្រោះថ្នាក់នេះបាននិយាយថា រថយន្តជាអ្នកខុស ព្រោះម៉ូតូស្ថិតនៅលើផ្លូវធំ។

តែអ្វីដែលហួសចិត្តនោះ ពេលកម្លាំងសមត្ថកិច្ចទៅជួយដោះស្រាយបែរជាម្ចាស់រថយន្ត មិនព្រមប្រគល់ម៉ូតូមកឲ្យសមត្ថកិច្ច បែរជាអូសយកទៅទុកក្នុងផ្ទះធ្វើព្រងើយ ហើយបញ្ជាឲ្យសន្តិសុខបិទទ្វាររបងទៀតផង។ សូម្បីរថយន្តរបស់នគរបាលចរាចរបានទៅដឹកម៉ូតូ និងនាំរថយន្ត ទៅដោះស្រាយនៅអធិការដ្ឋាន នគរបាលខណ្ឌសែនសុខ តែម្ចាស់រថយន្ត បានបញ្ជាឲ្យនគរបាលបើករថយន្តទៅវិញដោយមិនព្រមអោយម៉ូតូនោះទេ។

ក្រុមមេធាវីបានអះអាងថា ករណីគ្រោះថ្នាក់ចរាចរណ៍ហើយ យកម៉ូតូរបស់គេចូលទៅផ្ទះ ឬទីតាំងរបស់ខ្លួនឃាំងទុក ដោយមិនឲ្យកម្លាំងសមត្ថកិច្ច និងជនរងគ្រោះចូលយក អាចចាត់ទុកថា ជាអំពើប្លន់ទ្រព្យសម្បត្តិ ជាករណីបទល្មើសព្រហ្មទណ្ឌ៕

ជនរងគ្រោះ ដែលជាម្ចាស់ម៉ូតូ ឈរក្បែររថយន្តនគរបាលចរាចរណ៍