(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី០៥ ខែធ្នូ ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីភាពសម្ពោធ រោងចក្រក្រុមហ៊ុន កូកាកូឡាថ្មី ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។
សូមបញ្ជាក់ថា ដោយសារតែភាពរីកចម្រើន នៃដំណើរការអាជីវកម្ម ក៏ដូចជាការគាំទ្រពីអតិថិជនរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជានោះ ក្រុមហ៊ុនកូកាកូឡា កាលពីឆ្នាំ២០១៥កន្លងទៅ បានសម្រេចដាក់ទុនវិនិយោគប្រមាណ១០០លានដុល្លារអាមេរិក ដើម្បីបង្កើតរោងចក្រដ៏ធំមួយ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។
លោក Marithin Jansen នាយកប្រចាំតំបន់ទទួលបន្ទុកក្នុងប្រទេសចិន និងអាស៊ីអាគ្នេយ៍ នៃក្រុមហ៊ុនកូកាកូឡា ធ្លាប់បានជម្រាបសម្តេចតេជោ ហ៊ុន សែន ថា ក្រុមហ៊ុនកូកាកូឡា មានការរីកចម្រើនទ្វេដង នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយបានផ្តល់ការងារជូនប្រជាពលរដ្ឋជាង ៦០០នាក់៕