(ភ្នំពេញ)៖ លោក ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ប្រាប់ Fresh News នៅយប់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៦នេះថា ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិអង្គរលើកទី២១ ឆ្នាំ២០១៦ ត្រូវបានបពា្ចប់ដោយជោគជ័យ។
ដោយទទួលបានលទ្ធផលជាផ្លូវការដូចខាងក្រោម៖
* ចំងាយ២១គីឡូម៉ែត្រ ផ្នែកបុរស៖
ចំណាត់ថ្នាក់លេខ១ បានទៅលើកីឡាករ Qi Bian ជនជាតិចិន
ចំណាត់ថ្នាក់លេខ២ បានទៅលើ កីឡាករ ម៉ា វីរូ កម្ពុជា
ចំណាត់ថ្នាក់លេខ៣ បានទៅលើ កីឡាករ Edward Gambley ជនជាតិអង់គ្លេស
* ចំងាយ២១គីឡូម៉ែត្រ ផែ្នកស្រ្តី៖
ចំណាត់ថ្នាក់លេខ១ បានទៅលើកីឡាការិនី Donielle Hodgkinson ជនជាតិអង់គ្លេស
ចំណាត់ថ្នាក់លេខ២ បានទៅលើកីឡាការិនី Mang Mc Colley ជនជាតិ អៀកឡង់ដ៏
ចំណាត់ថ្នាក់លេខ៣ បានទៅលើកីឡាការិនី Lyndsay clerke ជនជាតិអង់គ្លេស។
សូមជំរាបថា នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៦នេះ ជាព្រឹត្តិការណ៍កីឡារត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារាតុងអង្គរ លើកទី២១ មានកីឡាករ-កីឡាការិនីជាតិ និងអន្ដរជាតិប្រមាណជាង ៩១៥០នាក់ ដែលបានមកចូលរួមក្នុងព្រឹត្តិការណ៍ អន្ដរជាតិនេះ ក្នុងនោះមានជាង៤ពាន់ជាប្រជាពលរដ្ឋខ្មែរ និងជាង៥១០០នាក់ទៀត គឺជាភ្ញៀវអន្ដរជាតិដែលមកពី ៨៥ប្រទេសឯណោះ។
កីឡាករ-កីឡាការិនីអន្តរជាតិជាង៥១០០នាក់នេះ គឺមកពីចក្រភពអង់គ្លេស ឈរលំដាប់ថ្នាក់លេខ១, សហរដ្ឋអាមេរិកលេខ២ និងបារាំងលេខ៣ ក្នុងនាមអ្នកចូលរួម ច្រើនជាងគេ នៅក្នុងព្រឹត្តិការណ៍កីឡា និងទេសចរណ៍នេះ ហើយចំនួននេះមានការ កើនឡើង៧ភាគរយ ចំណែកកីឡាករខ្មែរជាង៤០០០នាក់នេះ មានការកើនឡើងជាង២០ភាគរយ។ ក្នុងនោះកីឡាករ ជាតិ-អន្តរជាតិចំនួនជាង៣០០០នាក់រត់ក្នុងចំងាយ២១គីឡូ (ក្នុងនោះមានខ្មែរជាង៣០០នាក់), និងជាង៣០០០នាក់រត់ ក្នុងចំងាយ១០គីឡូ និងជាង២០០០នាក់រត់ក្នុងចំងាយ៣គីឡូ។
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៦នេះថា មហាព្រឹត្តិការណ៍កីឡា ទេសចរណ៍ដ៏ធំ ប្រចាំឆ្នាំនៅសៀមរាប រយៈពេល២ថ្ងៃទី៣-៤ ខែធ្នូនេះ កម្ពុជាអាចរកចំណូលបានជិត៤លានដុល្លារ។ កីឡាទេសចរណ៍ គឺជាសកម្មភាពរបស់ទេសចរ ដែលពាក់ព័ន្ធនិងកីឡា ហើយក៏ទាក់ទងនិងសេវាកម្មធ្វើដំណើរផងដែរ៕