(ភ្នំពេញ)៖ ពិតជាអាងអំណាច អាងទ្រព្យសម្បត្តិ និងធ្វើទាំងបំពានច្បាប់មែនជនទំនើងម្នាក់ បើករថយន្តសេរីខ្ពស់ ម៉ាក Audi ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AH-3988 បានបើកបុកម៉ូតូគេហើយ មិនព្រមទុកឲ្យសមត្ថកិច្ចដែលជាមន្រ្តីនគរបាលយុត្តិធម៌ដោះស្រាយជូន បែរជាអូសម៉ូតូជនរងគ្រោះយកទៅបង្ខាំងទុកក្នុងផ្ទះ ហើយបញ្ជាឲ្យសន្តិសុខបិទទ្វាររបងទៀតផង។
អំពើដ៏ល្មើសច្បាប់ និងអាងខ្លួនមានអំណាច ធ្វើបាបអ្នកទន់ខ្សោយនេះបានកើតឡើង នៅយប់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៦នេះ ស្ថិតនៅតាមផ្លូវ២០០៤ ទល់មុខបុរី អូរគីដេរ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ជាមួយគ្នានេះ ជនរងគ្រោះសូមអំពាវនាវដល់នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញជួយអន្តរាគមន៍ផង ពីព្រោះសូម្បីតែមន្រ្តីនគរបាល មូលដ្ឋាន និងមន្រ្តីនគរបាលចរាចរណ៍ទៅដល់ទីនោះ ក៏ម្ចាស់រថយន្ត មិនព្រមទុកឲ្យសមត្ថកិច្ចដោះស្រាយបែរ អូសម៉ូតូរបស់ជនរងគ្រោះចូលទៅក្នុងផ្ទះ ធ្វើព្រងើយ ហើយគំរាមទារប្រាក់ពីជនរងគ្រោះចំនួន១ពាន់ដុល្លារ ទើបឲ្យម៉ូតូវិញ។
ភ្នាក់ងារ Fresh News បានរាយការណ៍ថា មុនពេលកើតហេតុជនរងគ្រោះបើកម៉ូតូម៉ាក C125 មួយគ្រឿង តាមផ្លូវ២០០៤ ពីពោធិ៍ចិនតុង មកភ្លើងស្តុប ណូគា ស្រាប់តែដល់មុខបុរី អូរគីដេរ រថយន្តសេរីទំនើបនេះ បានបត់ចូលផ្ទះក្នុងបុរី ស្រាប់ទៅបុកជនរងគ្រោះបណ្តាលឲ្យដួល ហើយរថយន្តបែកអំពូលខាងមុខ ស្ថិតនៅខាងក្រោម។
ពេលនោះម្ចាស់រថយន្ត បានចេញពីផ្ទះមកសម្លុតជនរងគ្រោះឲ្យសងថ្លៃស្តុប ចំនួន១ពាន់ដុល្លារ ប៉ុន្តែបើយោងតាមមន្រ្តីនគរបាលមើល ពីទិដ្ឋភាពគ្រោះថ្នាក់នេះបាននិយាយថា រថយន្តជាអ្នកខុស ព្រោះម៉ូតូស្ថិតនៅលើផ្លូវធំ។
តែអ្វីដែលហួសចិត្តនោះ ពេលកម្លាំងសមត្ថកិច្ចទៅជួយដោះស្រាយបែរជាម្ចាស់រថយន្ត មិនព្រមប្រគល់ម៉ូតូមកឲ្យសមត្ថកិច្ច បែរជាអូសយកទៅទុកក្នុងផ្ទះធ្វើព្រងើយ ហើយបញ្ជាឲ្យសន្តិសុខបិទទ្វាររបងទៀតផង។ សូម្បីរថយន្តរបស់នគរបាលចរាចរបានទៅដឹកម៉ូតូ និងនាំរថយន្ត ទៅដោះស្រាយនៅអធិការដ្ឋាន នគរបាលខណ្ឌសែនសុខ តែម្ចាស់រថយន្ត បានបញ្ជាឲ្យនគរបាលបើករថយន្តទៅវិញដោយមិនព្រមអោយម៉ូតូនោះទេ។
ជនរងគ្រោះសូមអំពាវនាវឲ្យនាយឧត្តមសេនីយ៍ស្នងការ និងថ្នាក់ដឹកនាំពាក់ព័ន្ធជួយអន្តរាគមន៍ផង ក្រោយពីជនមានអំណាចធ្វើបាបអ្នកទន់ខ្សោយបែបនេះ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ត្រូវបានក្រុមអ្នកច្បាប់បានអះអាងថា គ្រោះថ្នាក់ចរាចរណ៍ហើយ យកម៉ូតូរបស់គេចូលទៅផ្ទះ ឬទីតាំងរបស់ខ្លួនឃាំងទុក ដោយមិនឲ្យកម្លាំងសមត្ថកិច្ច និងជនរងគ្រោះចូលយក អាចចាត់ទុកថា ជាអំពើប្លន់ទ្រព្យសម្បត្តិ ជាករណីបទល្មើសព្រហ្មទណ្ឌ៕
ជនរងគ្រោះ ដែលជាម្ចាស់ម៉ូតូ ឈរក្បែររថយន្តនគរបាលចរាចរណ៍