(ភ្នំពេញ)៖ បន្ទាប់ពីកីឡាករប៉េតង់របស់កម្ពុជា សុខ ចាន់មាន ដណ្តើមបានមេដាយមាសពិភពលោក ក្នងការប្រកួតជើងឯកកីឡាប៉េតង់ពិភពលោក ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី០១-០៤ ខែធ្នូ ឆ្នាំ ២០១៦ នៅប្រទេស ម៉ាដាកាស្ការ នៅពេលនេះនាយប់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សូមសម្តែងការអបអរសាទរ និងកោតសរសើរដល់កីឡាករប៉េតង់ សុខ ចាន់មាន ដែលដណ្តើមបាន «មេដាយមាសពិភពលោក» ព្រមទាំងទទួលស្វាគមន៍នៅថ្ងៃទី០៩ ខែធ្នូ វេលាម៉ោង៤៖០០នាទី នៅវិមានសន្តិភាព។
សម្តេចតេជោ ហ៊ុន សែន បានសរសេររៀបរាប់នៅលើ Facebook ជាមួយខ្លឹមសារយ៉ាងដូច្នេះថា៖ «ខ្ញុំសូមអបអរសាទរ និងកោតសរសើរដល់កីឡាករប៉េតង់ សុខ ចាន់មាន ដែលដណ្តើមបាន «មេដាយមាសពិភពលោក» នៅក្នងការប្រកួតជើងឯកកីឡាប៉េតង់ពិភពលោក ដែលបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១-៤ ខែធ្នូ ឆ្នាំ ២០១៦ នៅប្រទេស ម៉ាដាកាស្ការ (Madagascar) ដែលមានកីឡាករចូលរួមប្រកួតមកពី៤៨ប្រទេស។
ទន្ទឹមនឹងនេះដែរ សូមអរគុណដល់គ្រូបង្វឹក គណកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រសួងអប់រំយុវជននិងកីឡា និងសហពន្ឋកីឡាប៉េតង់កម្ពុជាដែល បានខិតខំប្រឹងប្រែងហ្វឹកហ្វឺនកីឡាករ និងលើកកម្ពស់កីឡាប៉េតង់កម្ពុជារហូតទទួលបានមេដាយមាសនៅថ្ងៃនេះ។ នេះគឺជាមោទនៈភាពរបស់ កម្ពុជាទាំងមូល។ ខ្ញុំនឹងទទួលស្វាគមន៍កីឡាករយើង នៅវេលាម៉ោង៤៖០០ល្ងាចនាថ្ងៃសុក្រ ទី៩ ធ្នូ ២០១៦ នៅវិមានសន្តិភាព។ សូមជូនពរដលល់កីឡាករកម្ពុជា ទាំងអស់ទទួលបានជោគជ័យថ្មីៗនៅក្នុងការប្រកួតជាបន្តទៀត»។
លោក ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ប្រាប់ Fresh News នៅយប់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៦នេះថា កីឡាករប៉េតង់របស់កម្ពុជា សុខ ចាន់មាន ដណ្តើមបានមេដាយមាសពិភពលោក ក្នងការប្រកួតជើងឯកកីឡាប៉េតង់ពិភពលោក ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ០១-០៤ ខែធ្នូ ឆ្នាំ ២០១៦ នៅប្រទេស ម៉ាដាកាស្ការ។ គណៈប្រតិភូកម្ពុជា នឹងត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង៦៖៣៥នាទីល្ងាច ហើយគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា សហការជាមួយក្រសួងអប់រំ និងសហព័ន្ឋកីឡាប៉េតង់ ដើម្បីរៀបចំពិធីទទួលផងដែរ៕