(ភ្នំពេញ)៖ ថ្ងៃចុងសប្តាហ៍ដែលជាថ្ងៃសម្រាកអាវុធហត្ថរាជធានីភ្នំពេញ បាន​បញ្ជូនខ្លួនមនុស្ស១៧នាក់ ទៅតុលាការ ជាបន្តបន្ទាប់យ៉ាងមមាញឹកគ្មានទំនេរដៃ ដែលក្នុងនោះមានជនសង្ស័យពាក់ព័ន្ធករណីកាច់សោ-ក លួចយកម៉ូតូចំនួន០៤នាក់, ករណីឆក់កាបូបចំនួន០២នាក់ ករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនចំនួន១១នាក់។

ពាក់ព័ន្ធនឹងករណីកាច់សោ-ក លួចយកម៉ូតូ ដែលជនសង្ស័យមានបក្ខពួក០៤នាក់ គឺត្រូវអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌ ពោធិ៍សែនជ័យ សហការជាមួយអាវុធហត្ថខណ្ឌមានជ័យ និងកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ ឃាត់ខ្លួនបានជា បន្តបន្ទាប់នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៦ និងបញ្ជូនទៅតុលាការនៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៦។ ជនសង្ស័យទាំង០៤នាក់នេះ គឺជាក្រុមចោរជើងចាស់ ដែលមានបទពិសោធន៍ខាងលួច ជាច្រើនលើករាប់មិនអស់មកហើយ ក្នុងនោះមានម្នាក់ឈ្មោះ ចាន់ តារ៉ា ហៅណាង ធ្លាប់ជាប់គុក៤ឆ្នាំ ទើបតែចេញក្នុងខែតុលា ឆ្នាំ២០១៦ ដោយចេញពីគុកមកភ្លាម បន្តមុខរបរចាស់ភ្លែត លួចបានពីរករណី។

លើកទី១៖ ​ខែតុលា ឆ្នាំ២០១៦ លួចបានម៉ូតូគុប៥០មួយគ្រឿង នៅចំណុចក្នុងផ្សារសាំហាន់ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ និងលើកទី២៖នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ លួចបានម៉ូតូមួយគ្រឿងម៉ាក ស្កូបពីបិទស្កុតខ្មៅ នៅចំណុចភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។ ម្នាក់ទៀតឈ្មោះ ចាន់ វ៉ាន់ថេង ហៅត្រេង ក៏ធ្លាប់ជាប់គុក៤ខែកន្លះផងដែរ ចេញមកវិញក្នុងអំឡុងឆ្នាំ២០១៥ ហើយក៏ជួលផ្ទះ ដើម្បីរកស៊ីកែលេខម៉ូតូ ដែលចោរលួចបាន និងជាអ្នកផលិតសោ សម្រាប់កាច់-ក ម៉ូតូឲ្យបក្ខពួកខ្លួនដើរលួច។

ចំណែកឯកបក្ខពួកពីរនាក់ទៀត ឈ្មោះ ពឹង ចាន់ហុង ហៅផុង និងឈ្មោះ ជា សុខញ៉ាញ់ ហៅ​ជា សុខហេង ក៏បានសារភាពថា ពួកខ្លួនកន្លងមក គឺតែងធ្វើសកម្មភាពលួចម៉ូតូគ្រប់ប្រភេទ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ជាច្រើនលើកជាមួយបក្ខពួកខ្លួនផងដែរ ដោយពួកខ្លួនស្គាល់គ្នាតាមរយៈការជក់គ្រឿងញៀនជាមួយគ្នា។

ពាក់ព័ន្ធករណីឆក់កាបូបដែលមានគ្នា​​២នាក់ គឺជនសង្ស័យបានធ្វើសកម្មភាពឆក់កាបូបពីជនបរទេសពីរនាក់ កំពុងជិះរ៉ឺម៉កកង់បី កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចមុខផ្សារទំនើបឡាក់គី ផ្លូវព្រះសីហនុ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន និងត្រូវឃាត់ខ្លួនបាននៅចំណុចមុខភោជនីយដ្ឋាន «ហ្សង់អាលីហ្សេ»។ តាមការស្រាវជ្រាវ ក៏ដូចជាចម្លើយសារភាពរបស់ជនសង្ស័យ បានឲ្យដឹងថា កន្លងមកពួកខ្លួនធ្លាប់បាយឆក់ និងវាយយកទូរស័ព្ទពីជនរងគ្រោះផ្សេងទៀត នៅតាមផ្លូវផងដែរ ហើយក្នុងនោះ ជនសង្ស័យម្នាក់ឈ្មោះ អា ណាវិន ធ្លាប់ជាប់គុកព្រៃ-ស ​៨ខែ ទើបតែចេញវិញបាន២០ថ្ងៃ នេះតែប៉ុណ្ណោះ។

ពាក់ព័ន្ធករណីគ្រឿងញៀន១១នាក់ ដែលអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបាន និងបញ្ជូនទៅតុលាការ រួមមានជនសង្ស័យ១០នាក់ ត្រូវអាវុធហត្ថខណ្ឌដូនពេញ ឃាត់ខ្លួនបានថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចក្បាលរថភ្លើង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ  និងជនសង្ស័យម្នាក់ទៀត ជាជនជាតិលីបង់ ឈ្មោះ ប៊ីឡាល ម៉ាការ៉េម អាយុ២៨ឆ្នាំ ត្រូវអាវុធហត្ថខណ្ឌដូនពេញឃាត់ខ្លួន នៅថ្ងៃទី​៣ ខែធ្នូ ឆ្នាំ២០១៦ នៅចំណតរថយន្ត ផ្សារសូរិយាម៉ល សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ៕