(ភ្នំពេញ)៖ លោក ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ប្រាប់ Fresh News នៅយប់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៦នេះថា កីឡាករប៉េតង់របស់កម្ពុជា សុខ ចាន់មាន ដណ្តើមបានមេដាយមាសពិភពលោក ក្នងការប្រកួតជើងឯកកីឡាប៉េតង់ពិភពលោក ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ០១-០៤ ខែធ្នូ ឆ្នាំ ២០១៦ នៅប្រទេស ម៉ាដាកាស្ការ ។
លោករដ្ឋមន្ត្រីបានឲ្យដឹងទៀតថា ក្នុងព្រឹត្តិការណ៍ពិភពលោកនោះ មានការចូលរួមពីបណ្តាប្រទេសចូលរួមប្រកួត ៤៨ ប្រទេស ក្នុងនោះប្រតិភូកម្ពុជាចូលរួមចំនួន៦នាក់ ដឹកនាំដោយលោក សូ មៃសួគា អគ្គលេខារងសហព័ន្ធ គ្រូបង្វឹក១រូប និងកីឡាករ៤រូប ។
លោក ថោង ខុន បានបញ្ជាក់ថា ជាលទ្ធផលចុងក្រោយ កីឡាករ សុខ ចាន់មាន ដណ្តើមបាន មេដាយមាស ១ វិញ្ញសា វាយសុីបបុរស ដោយប្រកួតឈ្នះកូឡំបីវគ្គ៨នាក់ចុងក្រោយ ឈ្នះថៃវគ្គ៤នាក់ចុងក្រោយ និងផ្តាច់ព្រ័ត្រឈ្នះបារាំង។
លោករដ្ឋមន្ត្រីបានបន្ថែមថា គណៈប្រតិភូកម្ពុជា នឹងត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង៦៖៣៥នាទីល្ងាច ហើយគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជាកំពុងសហការជាមួយក្រសួងអប់រំ និងសហព័ន្ឋកីឡាប៉េតង់ ដើម្បីរៀបចំពិធីទទួលផងដែរ៕