(ប៉ៃលិន)៖ ថវិកាមូលនិធិមនុស្សធម៌របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃអាទិត្យ ទី០៤ ខែធ្នូ ឆ្នាំ២០១៦នេះ ត្រូវបានយកទៅប្រគល់ក្រុមគ្រួសារប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិន ៤គ្រួសារ ដែលកំពុងមានជីវភាពខ្វះខាត។
ថវិកានេះត្រូវបានលោកស្រី បាន ស្រីមុំ តំណាងរាស្រ្តមណ្ឌលខេត្តប៉ៃលិន និងជាក្រុមការងារមូលនិធិផងនោះ បាននាំយកទៅជូនដល់ដៃប្រជាពលរដ្ឋទាំង ៤គ្រួសារនៅរសៀលថ្ងៃនេះ។ គ្រួសារដែលទទួលបានការឧបត្ថម្ភថវិកាពីមូលនិធិ សម្តេចក្រឡាហោម ស ខេង នេះរួមមាន គ្រួសារទើបសម្រាលកូនចំនួន ៣គ្រួសារ ក្នុងនោះ ១គ្រួសារសម្រាលកូនភ្លោះ និងមួយគ្រួសារទៀត ជាគ្រួសារដែលសមាជិកគ្រួសារទើបទទួលមរណភាព។ ពលរដ្ឋទាំង ៤គ្រួសារស្ថិតនៅឃុំស្ទឹងត្រង់ ឃុំអូរអណ្តូង និងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ក្នុងឱកាសនោះ ក្រុមការងារបាននាំបណ្តាំផ្ញើសាកសួរសុខទុក្ខ និងរំលែកទុក្ខ ពីសំណាក់សម្តេចក្រឡាហោម ស ខេង ជូនចំពោះគ្រួសារសម្រាលកូនទាំង ៣គ្រួសារ ហើយសម្តេចព្រមទាំងក្រុមការងារ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយគ្រួសារសព។
សូមបញ្ជាក់ថា ថវិកាដែលបានឧបត្ថម្ភនោះ សម្រាប់គ្រួសារសម្រាលកូន និងគ្រួសារសពទាំង ៤គ្រួសារ ក្នុងមួយគ្រួសារៗទទួលបានគ្រឿងឧបភោគ បរិភោគ សម្ភារទារក និងប្រាក់ឧបត្ថម្ភ និងប្រាក់ចូលរួមរំលែកទុក្ខបុណ្យសព ពីមូលនិធិមនុស្សធម៌សម្តេចក្រឡាហោម ស ខេង ក្នុងមួយគ្រួសារៗ ថវិកា ២០០,០០០រៀល។ ចំណែកគ្រួសារសម្រាលកូនភ្លោះទទួលបានថវិកា ៤០០,០០០រៀល។
សូមបញ្ជាក់ថា មូលនិធិមនុស្សធម៌សម្តេចក្រឡាហោម ស ខេង សាខាខេត្តប៉ៃលិន គឺដឹកនាំដោយនាយឧត្តមសេនីយ៍ អ៊ី ឈាន ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តប៉ៃលិន។ មូលនិធិមនុស្សធម៌នេះ រៀបចំឡើងក្នុងគោលបំណងផ្តល់ប្រាក់ឧបត្ថម្ភជូនដល់ស្រ្តីសម្រាលកូន និងប្រាក់ចូលរួមរំលែកទុក្ខបុណ្យសព ជូនប្រជាពលរដ្ឋមានទីលំនៅអចិន្រ្តៃយ៍នៅខេត្តប៉ៃលិន ដោយមិនប្រកាន់និន្នាការនយោបាយសាសនាឡើយ៕