(កែប)៖ ទូកនេសាទ២គ្រឿងបានបុកគ្នា ខណៈកំពុងរនេសាទនៅសមុទ្រកែប បណ្ដាលឲ្យអ្នកនេសាទ០២នាក់ ក្នុងចំណោម ៨នាក់រងរបួស នៅទៀបភ្លឺ ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចខាងលិចពយព្រះរាជដំណាក់ ចម្ងាយប្រមាណ៣០០ម៉ែត ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។
មន្ត្រីនគរបាលវរ:ការពារព្រំដែនទឹកលេខ៤៣០ប្រចាំតំបន់កែប បានប្រាប់ឲ្យដឹងថា ករណីទូកនេសាទប្រភេទទូកមងក្តាម និងទូកមងកេវ បានបុកគ្នាដែលមានមនុស្សនៅលើទូកសរុបចំនួន ០៨នាក់ ក្នុងនោះនៅលើទូកមងក្តាម ចំនួន០៣នាក់ រួមមាន៖ ទី១.ឈ្មោះ យន សំណាង ភេទប្រុស អាយុ២១ឆ្នាំ ជាអ្នកបើកទូក រស់នៅភូមិដំណាក់ចំបក់ សង្កាត់អូរក្រសា ក្រុងកែប ខេត្តកែប ទី២.ឈ្មោះ សុខ ភក្តី ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិដំណាក់ចំបក់ សង្កាត់អូរក្រស ក្រុងកែប ខេត្តកែប និងទី៣.ឈ្មោះ សុខ ចាន់ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិកំពង់នង់ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត ។
រីឯទូកមងកេវ មានមនុស្សចំនួន០៥នាក់៖ ទី១.ឈ្មោះ ក្រូច បាន ភេទប្រុស អាយុ៣៤ឆ្នាំ ជាអ្នកបើកទូក រស់នៅភូមិអន្លង់កក់ ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត, ទី២.ឈ្មោះ ឃីម ភេទប្រុស អាយ១៩ឆ្នាំ រស់នៅភូមិត្រពាំងសង្កែ ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត,ទី៣.ឈ្មោះនាយ ខិល ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិបុស្សត្របែក ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត,ទី៤.ឈ្មោះ វុធ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិបុស្សត្របែក ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត របួសស្រាល និងទី៥.ឈ្មោះ ប៊ួត ឃីម ភេទប្រុស អាយុឆ្នាំ រស់នៅភូមិបុស្សត្របែក ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត រងរបួសធ្ងន់បាក់ជើងស្ដាំ។
មន្ត្រីនគរបាលដដែលបន្តឲ្យដឹងទៀតថា ករណីគ្រោះថ្នាក់ខាងលើបណ្តាលឲ្យទូកមងកេវ១គ្រឿង ជិះគ្នា៥នាក់លិច និងមនុស្សពីរនាក់រងរបួសធ្ងន់ម្នាក់បាក់ជើងស្ដាំនិងម្នាក់រងរបួស ស្រាល។ក្រោយពីកើតហេតុកាណ៍នេះ កម្លាំងនគរបាលនៃវរ:ការពារព្រំដែនទឹកខាងលើ បានជួយធ្វើអន្តរាគមន៍ទាន់ពេលវេលា។
ស្នងការនគរបាលខេត្តកែប លោកឧត្តមសេនីយ៍ត្រី អ៉ីង សំអុល បានបញ្ជាក់ថា ក្រោយកើតហេតុភ្លាមកម្លាំង វរៈសេនាតូចលេខ430 នគរបាលព្រំដែនទឹកខេត្តកែប សហការជាមួយក្រុមចំរុះនគរបាលខេត្ត ប្រចាំឆ្នេរកែប រួមជាមួយម្ចាស់ទូកទាំងពីរ បាននាំគ្នាទៅស្រង់យកទូកលិចនោះមកវិញ និងបានសំរបសំរួលសងការខូចខាត គ្នាទៅវិញទៅមករួចហើយ។
លោកថា «នេះជាករណីកើតឡើងដោយអចេតនា និងដោយសារខ្វះការប្រុងប្រយ័ត្ន រៀងៗខ្លួន»៕