(ភ្នំពេញ)៖ រហូតដល់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៦នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រកមិនទាន់ឃើញករណី ប្រើប្រាស់កម្លាំងកុមារ ក្រោមរូបភាពបញ្ចាំដើម្បីដោះបំណុល ដូចទៅនឹងរបាយការណ៍របស់អង្គការលីកាដូនៅឡើយទេ។ ប៉ុន្តែក្រសួងបានប្រកាសថា នឹងដាក់ពិន័យឱ្យធ្ងន់ធ្ងរលើសហគ្រាសដែលប្រើប្រាស់កុមារអាយុក្រោម១៥ឆ្នាំ និង មិនស្របទៅតាមច្បាប់។ នេះបើតាម លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ។
ការប្រកាសរបស់អ្នកនាំពាក្យក្រសួងការងារ បានធ្វើឡើងបន្ទាប់ពី អង្គការសម្ព័ន្ធជំរឿន និងការពារសិទ្ធិមនុស្សលីកាដូ បានចេញរបាយការណ៍មួយ កាលពីថ្ងៃទី០២ ខែធ្នូ ដោយរាយការណ៍ថា បញ្ហាទាសភាព ឬការបញ្ជាំខ្លួនដើម្បីដោះ បំណុលនៅកម្ពុជា មកដល់សម័យបច្ចុប្បន្ន នៅតែកើតមាននៅឡើយ។ អង្គការលីកាដូ បានឲ្យដឹងថា ការបញ្ចាំខ្លួនដើម្បី ដោះបំណុល និងពលកម្មកុមារក្នុងសិប្បកម្មផលិតផលឥដ្ឋនៅកម្ពុជា បានបង្ហាញនូវទម្រង់ទាសភាពសម័យទំនើប ក្នុងឧស្សាហកម្មផលិតឥដ្ឋនៅកម្ពុជា។
ទោះជាយ៉ាងណាបន្ទាប់ពីមានរបាយការណ៍នេះ ក្រសួងការងារ បានបង្កើតក្រុមការងារពិសេស ដើម្បីអង្គេតករណីនេះ នៅតាមបណ្តាសិប្បកម្មផលិតឥដ្ឋ តាមបណ្តោយផ្លូវជាតិលេខ ៦A ផ្លូវជាតិលេខ១ ជុំវិញរាជធានីភ្នំពេញ។
លោក ហេង សួរ បានបញ្ជាក់ថា «បើទោះបីជាក្រសួងមានកិច្ចសហប្រតិបត្តិការជាមួយអង្គការទស្សនពិភពលោក ចុះអធិការកិច្ច អង្គេត និងអប់រំករណីប្រើប្រាស់ពលកម្មកុមារជារឿយៗក៏ដោយ ក្រោយការចេញផ្សាយរបាយការណ៍នេះ ក្រសួងបានធ្វើការណែនាំភ្លាមៗទៅគ្រប់មន្ទីការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត ឱ្យបង្កើនការចុះពិនិត្យសិប្បកម្មផលិតឥដ្ឋ ទាំងអស់ ដែលមានទីតាំងនៅក្នុងខេត្តរបស់ខ្លួនជាបន្ទាន់»។
លោក ហេង សួរ បានបញ្ជាក់បន្ថែមថា «ចំពោះមុខក្រសួង នៅមិនទាន់រកឃើញករណីដែលបានលើកឡើងដោយអង្គការ លីកាដូនៅឡើយ ហើយក្រសួងនឹងរងចាំសហការ ឬទទួលយកព័ត៌មានលម្អិតពីមន្ត្រីអង្គេតនៃអង្គការនេះ ប្រសិនជា អង្គការនេះ ពិតជាមាននៅក្នុងដៃពិតប្រាកដមែន»។
អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា ក្រសួងការងារ បានប្តេជ្ញាទប់ស្កាត់ឱ្យបានជាដាច់ខាតនូវការប្រើប្រាស់ពលកម្មកុមារ ក្នុងទម្រង់ធ្ងន់ធ្ងរ ឬទាសភាពនៅកម្ពុជា។ ក្រសួងនឹងដាក់ពិន័យយ៉ាងធ្ងន់ធ្ងរចំពោះរោងចក្រសហគ្រាស ទាំងឡាយដែលប្រើប្រាស់កុមារអាយុក្រោម១៥ឆ្នាំ និងមិនស្របទៅតាមច្បាប់៕