(ភ្នំពេញ)៖ បង្គោលភ្លើងមួយដើមបានបាក់ដួលរលំសង្កត់លើដំបូលផ្នែកខាងក្រោយរថយន្ត Land Cruiser ពណ៌សមួយគ្រឿងថ្មីសន្លាងពាក់ស្លាកលេខភ្នំពេញ 2AY-0008 បណ្តាលឲ្យរងការខូចខាត នៅក្បែរផ្សារដើមគរ ខណ្ឌទួលគោក នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៦នេះ។
គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងមិនមែនបង្គោលភ្លើងដួលរលំដោយខ្លួនវានោះទេ ប៉ុន្តែដោយសារតែរថយន្ត Nissan Navara មួយគ្រឿងពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2X-0765 ថយទៅបុកបង្គោលភ្លើងនោះ ហើយរលំតែម្តង។
សាក្សីនៅកន្លែងកើតហេតុ បានរាយការណ៍ថា តាមពិតបង្គោលភ្លើងនោះ ក៏មិនរឹងមាំផងដែរ ពោលរថយន្ត Navara គ្រាន់តែថយប៉ះបន្តិចសោះ ក៏បាក់តែម្តង ហើយបណ្តាលដួលទៅលើរថយន្ត Land Cruiser ដែលកំពុងធ្វើដំណើរឆ្លងកាត់ ព្រមទាំងម៉ូតូមួយគ្រឿងទៀត តែសំណាងល្អ អ្នកបើកម៉ូតូចេះលោតផុត។
យ៉ាងណាក៏ដោយ ក្រោយកើតហេតុនោះ ម្ចាស់រថយន្ត Land Cruiser ដែលជាមនុស្សស្លូតបូតផងដែរនោះ បាននិយាយស្រួលជាមួយម្ចាស់រថយន្ត Navara ឲ្យជួយចេញថ្លៃជួសជុល តែមិនដឹងថា យកប៉ុន្មាននោះទេ៕