(សៀមរាប)៖ ប្រធានមន្ទីរកសិកម្មខេត្តខ្វាងស៊ីប្រទេសចិន លោក បៃ ស៊ី បានសន្យាផ្ដល់ពូជដំណាំល្អៗ និង ពូជមានភាពអំណោយផល មកឲ្យកម្ពុជាយកមកដាំដុះនៅលើដីភូមិធម្មជាតិរុនតាឯក ដែលមានទីតាំងស្ថិតនៅក្នុងខេត្តសៀមរាប។
ការសន្យានេះ បានធ្វើឡើងតបតាមសំណើររបស់ លោក ម៉ី ម៉ារ៉ាឌី ប្រធានគម្រោងភូមិធម្មជាតិរុនតាឯក ក្នុងពេលជួបសំ ណេះសំណាល ការងារជាមួយលោក បៃ ស៊ី (Bai Xi) ប្រធានមន្ទីរកសិកម្ម ខេត្តក្វាងស៊ីប្រទេសចិន ដែលបានទស្សនកិច្ចនៅដីភូមិធម្មជាតិរុនតាឯក នា ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៦។
លោក បៃ ស៊ី ប្រធានមន្ទីរកសិកម្មខេត្តក្វាងស៊ី ក៏បានសន្យាផ្តល់អ្នកជំនាញការជួយដោះស្រាយបញ្ហាលើផលដំណាំ នៅពេលកើតមាន ជំងឺផ្សេងៗផងដែរ។
ក្នុងជំនួបពិភាក្សានេះ លោក ម៉ី ម៉ារ៉ាឌី ក៏បានលើកពីចំណុចខ្វះខាតមួយចំនួននៅក្នុងភូមិធម្មជាតិរុនតាឯក ដែលជាទីតាំងធ្វើកសិកម្មថ្មី មានដូចជាកង្វះខាតឧបករណ៍បច្ចេកទេសធ្វើកសិកម្ម ដូចជាគ្រឿងចក្រដើម្បីរានដី បញ្ហាប្រព័ន្ធធារាសាស្រ្ត និងកង្វះអ្នកជំនាញជាដើម។
លោក ម៉ារ៉ាឌី ថា បញ្ហាទាំងនេះ ធ្វើឲ្យភូមិរុនតាឯកនៅពុំទាន់មានលទ្ធភាពគ្រប់គ្រាន់ក្នុងការផលិតផលដំណាំទៅតាមការបញ្ជាទិញ របស់ក្រុមហ៊ុនក្នុងស្រុក។ លោក ម៉ី ម៉ារ៉ាឌី បានស្នើសុំឲ្យភាគីចិន ជួយផ្តល់ការគាំទ្រ និងដោះស្រាយទៅលើបញ្ហានេះផងដែរ។
ឆ្លើយតបសំណើនេះ លោក បៃ ស៊ី ថា នឹងឲ្យអ្នកជំនាញរបស់ចិនមកសិក្សាដើម្បីដោះស្រាយបញ្ហាកំពុងប្រឈម នៅក្នុងភូមិធម្មជាតិរុនតាឯក។
លោក បៃ ស៊ី ក៏បានថ្លែងបញ្ជាក់ផងដែរថា លោកនឹងត្រួតពិនិត្យលើបញ្ហាផ្សេងៗទៀត ដើម្បីធ្វើឲ្យកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ កាន់តែមានភាពល្អប្រសើរថែមមួយកម្រិតទៀត។
សូមបញ្ជាក់ថា ភូមិធម្មជាតិរុនតាឯក បានបង្កើតឡើងនៅឆ្នាំ២០០៤ ដោយមានការជ្រើសរើសប្រជាជនក្នុងតំបន់អង្គរឲ្យមករស់នៅ។ ដោយសារកំណើនយ៉ាងឆាប់រហ័សក្នុងតំបន់បេតិកភណ្ឌមួយនេះ បច្ចុប្បន្នមានគ្រួសារចំនួន ១០៣ហើយ ដែលត្រូវបានជ្រើសរើសឲ្យមក ស្នាក់នៅ ដោយមានការផ្តល់ផ្ទះមួយខ្នង និងដីសម្រាប់ធ្វើកសិកម្មផងដែរ។
ភូមិធម្មជាតិរុនតាឯក មានផ្ទៃដីសរុបចំនួន ១០១២ហិកតា ហើយគ្រោងនឹងពង្រីកបន្ថែមទៀតនាពេលអនាគត ហើយហេដ្ឋារចនាសម្ព័ន្ធ ក្នុងភូមិនេះរួមមាន សាលារៀន មណ្ឌលសុខភាព វត្តអារាម។ ភូមិនេះមានបឹងធម្មជាតិដ៏ធំមួយ គឺបឹងជាលា ដែលអាចស្តុកទឹកបានគ្រប់ គ្រាន់សម្រាប់ប្រើប្រាស់លើវិស័យកសិកម្មជាដើម៕