(ភ្នំពេញ)៖ ប្រធានស្តីទីគណបក្សប្រឆាំង លោក កឹម សុខា ដែលបានតស៊ូក្រាញននៀលក្នុងទីស្នាក់ការបក្សអស់ជាច្រើនខែមិនខ្ចីរត់ ចោលប្រទេសជាតិដូច លោក សម រង្ស៊ី មេបក្សរបស់ខ្លួននោះ នៅព្រឹកថ្ងៃអាទិត្យ ទី០៤ ខែធ្នូ ឆ្នាំ២០១៦នេះ បានស្នើទៅដល់ថ្នាក់ ដឹកនាំ និងសកម្មជនគណបក្សសង្រ្គោះជាតិទាំងអស់ បញ្ឈប់ការបង្កជម្លោះ ហើយការរិះគន់ត្រូវធ្វើឡើងក្នុងន័យស្ថាបនា ជាពិសេសនៅ ក្នុងយុទ្ធនាការស្វែងរកសំឡេងឆ្នោតក្នុងឆ្នាំ២០១៧ និង២០១៨។ លោក កឹម សុខា ក៏ស្នើឲ្យបញ្ឈប់ការមូលបង្កាច់ លាបពណ៌ និងការ ជេរប្រមាថផងដែរ។
នៅក្នុងវេទិកា «ពង្រឹងសមត្ថភាពចលនាយុវជន-ស្រ្ដីខេត្ត ស្រុក និងឃុំ/សង្កាត់ ខេត្តកំពង់ចាម-ត្បូងឃ្មុំ» ជាមួយតំណាងចលនាយុវជន- ស្រ្តី មកពីបណ្តាស្រុក និង ឃុំ-សង្កាត់មកពីខេត្តកំពង់ចាម និងត្បូងឃ្មុំ នៅទីស្នាក់ការកណ្តាលគណបក្សសង្រ្គោះជាតិក្នុងសង្កាត់ចាក់ អង្រែលើ ខណ្ឌមានជ័យ ប្រធានស្តីទីបក្សប្រឆាំង ដែលទើបទទួលបានសេរីភាពក្រោមការស្នើសុំរបស់សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងថា ការបង្កជម្លោះមិនអាចស្វែងរកដំណោះស្រាយលើបញ្ហាបាននោះឡើយ។ លោកបន្តថា ការបង្កជម្លោះ គឺ ដើម្បីបង្កើតបញ្ហា វាយផ្ទុយពីការរិះគន់ក្នុងន័យស្ថាបនា គឺដើម្បីដោះស្រាយបញ្ហា។
សារនយោបាយលើកដំបូងក្រោយមានសេរីភាពឡើងវិញនាព្រឹកមិញនេះ លោក កឹម សុខា ហាក់បានបង្ហាញឥរិយាបថទន់ភ្លន់ច្រើន ដោយមិនមានការវាយប្រហារទៅលើគណបក្សប្រជាជន ដែលជាគណបក្សកំពុងកាន់អំណាចដូចគ្រាមុនទៀតនោះឡើយ។ មិនត្រឹមតែ បង្ហាញសារនយោបាយទន់ភ្លន់នោះទេ លោក កឹម សុខា ហាក់បានទទួលស្គាល់ថា គណបក្សសង្រ្គោះជាតិ ធ្លាប់បានបង្កជម្លោះ នយោបាយជាមួយគណបក្សកាន់អំណាចថែមទៀតផង ហើយបានទទូចឲ្យអ្នកគាំទ្រ និងថ្នាក់ដឹកនាំបក្សរបស់លោកបញ្ឈប់ការបង្ក ជម្លោះនេះ។
លោក កឹម សុខា បានថ្លែងដូច្នេះ «ខ្ញុំសូមឲ្យក្មួយៗ និងអ្នកដឹកនាំនេះមុនគេ ឈប់បង្កជម្លោះ បើសិនគ្រាន់តែបង្កជម្លោះ ក៏យើងដោះ ស្រាយបញ្ហាអត់បានដែរ ឈប់បង្កជម្លោះមិនមែនមានន័យថាអត់រិះគន់ទេ។ អាជម្លោះ និងរិះគន់ខុសគ្នា! រិះគន់ដើម្បីដោះស្រាយបញ្ហា ឈ្លោះ ដើម្បីបង្កើតបញ្ហា។ ឈ្លោះបង្កើតបញ្ហាថែម បើរិះគន់ រិះគន់ ដើម្បីឲ្យគេកែ។ អ៊ីចឹងយើងគណបក្សសង្រ្គោះជាតិ ចាប់ពីឥឡូវទៅ ពេលឃោសនាឆ្នាំ២០១៧ ២០១៨ ហើយទៅមុខទៀត គឺកុំបង្កជម្លោះ រកវិធីរិះគន់ ដើម្បីស្ថាបនាដោះស្រាយបញ្ហាជូនជាតិ»។
ជាមួយនិងការស្នើឲ្យបញ្ឈប់ការបង្កជម្លោះ និងរិះគន់ដើម្បីស្ថាបនាហើយនោះ លោក កឹម សុខា ក៏បានស្នើឲ្យថ្នាក់ដឹកនាំ និងសកម្មជន បក្ស ត្រូវចេះលើកជាអនុសាសន៍សម្រាប់ដោះស្រាយនូវបញ្ហាផ្សេងៗផងដែរ ដោយមិនត្រូវចេះតែថាឲ្យគេ ហើយខ្លួនឯងមិនដឹងថាត្រូវធ្វើ យ៉ាងម៉េចនោះទេ។ បើតាមលោក កឹម សុខា ការមើលឃើញតែកំហុសរបស់គេ ហើយខ្លួនឯងមិនដឹងថា ត្រូវធ្វើយ៉ាងម៉េចនេះហើយ ដែលនាំឲ្យមានជម្លោះ។
លោក កឹម សុខា ក៏បានស្នើទៅដល់សកម្មជន និងគាំទ្ររបស់ខ្លួន បូករួមទាំងនៅតាមបណ្តាញសង្គម Facebook ផងដែរ ឲ្យបញ្ឈប់នូវ ពាក្យអសុរោះ ជេរប្រមាថ ជាពិសេសការមូលបង្កាច់ និងការលៀបពណ៌ បើទោះបីមាននិន្នាការនយោបាយខុសគ្នាក៏ដោយនោះ៕