(ភ្នំពេញ)៖ ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ លោក កឹម សុខា ដែលទើបទទួលបានព្រះរាជទានទោសពីព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ក្រោមសំណើរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាសថា នៅសប្តាហ៍ក្រោយនេះ លោកនឹងចូលរួមកិច្ចប្រជុំរដ្ឋសភា ប្រសិនបើសភាមានកិច្ចប្រជុំពេញអង្គណាមួយនោះ។
លោក កឹម សុខា បានប្រកាសដូច្នេះនៅក្នុងវេទិកា «ពង្រឹងសមត្ថភាពចលនាយុវជន-ស្រ្ដីខេត្ត ស្រុក និងឃុំ/សង្កាត់ ខេត្តកំពង់ចាម-ត្បូងឃ្មុំ» ជាមួយតំណាងចលនាយុវជន-ស្រ្តី មកពីបណ្តាស្រុក និង ឃុំ-សង្កាត់មកពីខេត្តកំពង់ចាម និងត្បូងឃ្មុំ នៅទីស្នាក់ការកណ្តាល គណបក្សសង្រ្គោះជាតិក្នុងសង្កាត់ចាក់អង្រែលើនាព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៦នេះ។
អ្នកនយោបាយដែលហាក់មានយីអ៊ុនខ្ពស់រូបនេះ បានថ្លែបញ្ជាក់ដូច្នេះ «សប្តាហ៍ក្រោយនេះ បើមានប្រជុំរដ្ឋសភា ខ្ញុំនឹងទៅរដ្ឋសភា ហើយយើងនឹងចាប់ផ្តើមរៀបចំឡើងវិញនូវយន្តការមួយ ដើម្បីជជែកគ្នាក្នុងនាមសមាជិកសភាសំឡេងភាគតិច និងសមាជិកសភា សំឡេងភាគច្រើន ជជែកគ្នានៅក្នុងក្របខណ្ឌរដ្ឋសភាហ្នឹង ដោះស្រាយបញ្ហារបស់ប្រជាជាតិយើងទាំងមូលទាំងអស់បន្តបន្ទាប់»។
លោក ឡេង ប៉េងឡុង អ្នកនាំពាក្យ នៃរដ្ឋសភា បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃអាទិត្យ ទី០៤ ខែធ្នូ ឆ្នាំ២០១៦នេះថា នៅថ្ងៃចន្ទ ទី០៥ ខែធ្នូ សប្តាហ៍ក្រោយនេះ រដ្ឋសភានឹងមានកិច្ចប្រជុំគណៈអចិន្ត្រៃយ៍មួយ ដើម្បីសម្រេចលើសំណើដាក់លោក សួន រីដា ជាបេក្ខជនតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺរបស់គណបក្សសង្រ្គោះជាតិ ជំនួសលោក ប៉ែន សុវណ្ណ ដែលបានទទួលមរណភាព។
លោក ឡេង ប៉េងឡុង ក៏បានឲ្យដឹងដែរថា តាមការគ្រោងទុកនៅសប្តាហ៍ក្រោយ រដ្ឋសភាអាចនឹងមានកិច្ចពេញអង្គ ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៥ផងដែរ។
សូមបញ្ជាក់ថា លោក កឹម សុខា បានខកខានក្នុងការចូលរួមកិច្ចប្រជុំសភា និងធ្វើសកម្មភាពនយោបាយនៅតាមមូលដ្ឋាន អស់រយៈពេលប្រមាណជា ៦ខែមកហើយ បន្ទាប់ពីលោកបានព្យាយាមបង្ខាំងខ្លួនឯងក្នុងទីស្នាក់ការ ដើម្បីគេចពីការតាមចាប់ របស់សមត្ថកិច្ចក្នុងសំណុំរឿងបដិសេដការចូលបំភ្លឺនៅតុលាការពាក់ព័ន្ធរឿងអាស្រូវស្នេហារវាងរូបលោក និងកញ្ញាស្រីមុំនោះ។
ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ដែលបានក្រាញននៀលក្នុងទីស្នាក់ការរូបនេះ បានមានសេរីភាពឡើងវិញ កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៦ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ស្នើសុំព្រះមហាក្សត្រខ្មែរឲ្យព្រះរាជទានលើកលែងទោសជូនរូបលោក។
ក្រោយព្រះរាជទានលើកលែងទោសលោក កឹម សុខា ក៏បានចាកចេញពីទីស្នាក់ការត្រឡប់ទៅកាន់លំនៅឋាន ក្នុងខណ្ឌទួលគោក កាលពីថ្ងៃទី០៣ ខែធ្នូ ហើយព្រឹកថ្ងៃអាទិត្យ ទី០៤ ខែធ្នូ នេះ លោក ក៏បានបង្ហាញមុខជួបជុំសកម្មជនមកពីខេត្តកំពង់ចាម និងត្បូងឃ្មុំ ដោយមិនមានការព្រួយបារម្ភពីការតាមចាប់ទៀតនោះឡើយ។
លោក កឹម សុខា ក៏បានប្រកាសឲ្យដឹងផងដែរថា លោក នឹងអញ្ជើញចូលក្រាបបង្គំគាល់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បន្ទាប់មកទៅសួរសុខទុក្ខថ្នាក់ដឹកនាំ និងសកម្មជនគណបក្សសង្រ្គោះជាតិ ដែលកំពុងជាប់ពន្ធនាគារ ហើយលោក ក៏នឹងចាប់ផ្តើមចុះធ្វើសកម្មភាពនយោបាយនៅតាមមូលដ្ឋានផងដែរ៕