(ភ្នំពេញ)៖ យន្តហោះ Air Bus 320 ដែលក្រុមហ៊ុនអាកាសចរជាតិកម្ពុជា អង្គរអ៊ែរ ជួលពីរោងចក្រ នៅទីក្រុង Hamburg ប្រទេសអាល្លឺម៉ង់ បានចុះចតដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញហើយ នៅវេលាម៉ោង ៨៖២៣នាទី ព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៦នេះ។
ការមកដល់យន្តហោះថ្មីស្រឡាងមួយនេះ មាន ការចាំទទួលស្វាគមន៍ ពីលោក តឹក រ៉េតសំរេច រដ្ឋលេខាធិការទីស្តីការ គណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ព្រមទាំងថ្នាក់ដឹកនាំបុគ្គលិក និងមានការប្រោះព្រំប្រសិទ្ធពរជ័យ ពីសម្តេចសង្ឃរាជ ទេព វង្ស ផងដែរ។
នៅក្នុងឱកាសនោះ លោក តឹក រ៉េតសំរេច បានប្រាប់អ្នកព័ត៌មានថា «អាកាសចរជាតិមួយនេះ បាននិងកំពុងពង្រីក កិច្ចសហប្រតិបត្តិការ ហោះហើររបស់ខ្លួនដោយយកយន្តហោះថ្មី ស្រឡាងពីរោងចក្រនេះ ជាភស្តុតាងស្រាប់ មិនតែប៉ុណ្ណោះសុវត្ថិភាព និងផាសុខភាព នៃការហោះហើរជាការយកចិត្តទុកដាក់ ជាចម្បងទើបយើងរកយន្តហោះថ្មីៗ មកបម្រើការដែលជាទំនុកចិត្តរបស់អតិថិជន»។
សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនអាកាសចរជាតិកម្ពុជា «អង្គរ អ៊ែរ» បានប្រកាសតភ្ជាប់ការហោះហើរពីក្រុងអង្គរ ខេត្តសៀមរាប ទៅរដ្ឋធានីប៉េកាំង ប្រទេសចិន ចាប់ពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦តទៅ បន្ថែមទៅលើផ្លូវហោះហើរទៅក្វាងចូវ និងសៀងហៃ។
ក្រុមហ៊ុនអាកាសចជាតិកម្ពុជា «អង្គរ អ៊ែរ» បានបញ្ជាក់ថា «ក្រុមហ៊ុននឹងធ្វើការហោះហើរចំនួន៣ជើងក្នុងមួយសប្តាហ៍ ដោយប្រើប្រាស់យន្តហោះប្រភេទ Airbus A320 ដែលអាចផ្ទុកអ្នកដំណើរបានចំនួន១៨០នាក់។ ផ្លូវហោះហើរថ្មីនេះ គឺជាសេវាកម្មហោះហើរប្រក្រតីមួយទៀត ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន បន្ថែមទៅលើផ្លូវហោះហើរទៅក្វាងចូវ និងសៀងហៃ»៕