(ភ្នំពេញ)៖ ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ លោក កឹម សុខា ដែលទើបនឹងទទួលបានព្រះរាជទានទោសក្រោមការ ស្នើសុំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអះអាងថា ការនាំឲ្យមានព្រះរាជទានលើកលែងទោស លើរូបលោក គឺផ្តើមចេញពីទស្សនៈរួមរវាងរូបលោក និង សម្តេចតេជោ ហ៊ុន សែន ក្នុងការស្វែងរកនូវគុណតម្លៃរបស់ជាតិ គ្មានការដាក់លក្ខខណ្ឌ ឬដោះដូរអ្វីទាំងអស់។
ការថ្លែងអះអាងរបស់លោក កឹម សុខា បានធ្វើឡើងក្នុងវេទិកា «ពង្រឹងសមត្ថភាពចលនាយុវជន-ស្រ្ដីខេត្ត ស្រុក និងឃុំ/សង្កាត់ ខេត្តកំពង់ចាម-ត្បូងឃ្មុំ» ជាមួយតំណាងចលនាយុវជន-ស្រ្តី មកពីបណ្តាស្រុក និង ឃុំ-សង្កាត់មកពីខេត្តកំពង់ចាម និងត្បូងឃ្មុំ នៅទីស្នាក់ការកណ្តាលគណបក្សសង្រ្គោះជាតិក្នុងសង្កាត់ចាក់អង្រែលើនាព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៦នេះ។
លោក កឹម សុខា កាលពីថ្ងៃសុក្រ ទី០២ ខែធ្នូ ឆ្នាំ២០១៦កន្លងទៅនេះ ត្រូវបានព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី សម្រេចព្រះរាជទានលើកលែងទោសក្រោមការស្នើសុំពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន។ ការសម្រេចព្រះរាជទានទោសបានបើកផ្លូវឲ្យលោក កឹម សុខា មានសេរីភាពពេញលេញឡើងវិញក្នុងការធ្វើសកម្មភាពនយោបាយបន្ទាប់ ពីអាក់ខានអស់រយៈពេលប្រមាណ ៦ខែមកនោះ។
ព្រះរាជទានលើកលែងទោសលើរូបលោក កឹម សុខា នាំឲ្យមានការលើកឡើងជាច្រើនពីសាធារណមតិ ដោយអ្នកខ្លះថា វាជាតម្រុយនៃការបែកបាក់គ្នារវាងរូបលោក និងលោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ មតិខ្លះទៀតថា ជាការដោះដូរលើរឿងផែនទី និងខ្លះទៀតថា រូបលោក កឹម សុខា អាចនឹងចុះចូលជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា កំពុងកាន់អំណាច។
ឆ្លើយតបការលើកឡើងនេះ លោក កឹម សុខា បានបញ្ជាក់ថា អ្វីទាំងនោះ ជាការយល់ឃើញរបស់សាធារណជនទូទៅ ដែលលោកមិនអាចហាមឃាត់បានឡើយ តែការពិត គឺលោកមិនបានដោះដូរ ឬដាក់លក្ខខណ្ឌអ្វីជាមួយសម្តេចតេជោ ហ៊ុន សែន នោះឡើយ។ លោកថា សេរីភាពរបស់លោកកើតចេញពីដំណោះស្រាយរវាងខ្មែរ និងខ្មែរ ជាពិសេសរូបលោក និងសម្តេចតេជោ ហ៊ុន សែន មានទស្សនៈរួមគ្នា ក្នុងការស្វែងរកនូវគុណតម្លៃរបស់ជាតិ។
នៅចំពោះមុខអ្នកគាំទ្រ លោក កឹម សុខា បានថ្លែងបញ្ជាក់ដូច្នេះ «ដំណោះស្រាយជំហានដំបូងនេះ ដែលខ្ញុំមានសេរីភាពនេះ គ្មានលក្ខខណ្ឌអ្វីទាំងអស់ អត់មានដោះដូរអ្វីទាំងអស់ គឺយើងឯកភាពគ្នាទេ អត់មានដោះដូរ ហើយភាគីខាងគណបក្សប្រជាជនកម្ពុជា គាត់បានបញ្ជាក់ហើយថាអត់មានដោះដូរអ្វីទេ អត់មានលក្ខខណ្ឌអ្វីទាំងអស់! យើងអត់មានដាក់លក្ខខណ្ឌទៅគេ គេអត់មានដាក់ខណ្ឌឲ្យយើង។ ប៉ុន្តែជាការដោះស្រាយរវាងខ្មែរ និងខ្មែរ ដើម្បីផលប្រយោជន៍ខ្មែរទាំងអស់គ្នា»។
ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ លោក កឹម សុខា ដែលបានហៅសម្តេចតេជោ ហ៊ុន សែន ថា «សម្តេចៗ» ពេញៗមាត់នោះ បានបន្តទៀតថា «ខ្ញុំនិយាយឲ្យចំទៅចុះ ដោយសារសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ហើយនិងខ្ញុំហ្នឹងមានបំណងដូចគ្នាចង់រកចក្ខុវិស័យរួម រកនូវគុណតម្លៃរួមរបស់ប្រទេសជាតិយើងទៅអនាគត ដើម្បីឲ្យមានឯកភាពជាតិ ទៅថ្ងៃអនាគតនោះទេ ចង់បានអានោះទេ។ ប៉ុន្តែរឿងទៅដល់ ឬមិនដល់ ទៅបាន មិនបានផ្លូវវានៅវែងទៀត ប៉ុន្តែយើងបានផ្តើមចេញពីគិតអាហ្នឹងហើយ ដើម្បីរកឯកភាពជាតិ ដើម្បីឈានទៅរកចក្ខុវិស័យរួម ឬក៏គុណតម្លៃរួមរបស់ជាតិយើងជាមួយគ្នាសម្រាប់អនាគតកូនចៅយើងជំនាន់ក្រោយ។ ឃ្លាឃ្លោងសម្តីសម្តៅទាំងសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ទាំងខ្ញុំ គឺថា យើងបង្រួបបង្រួមជាតិ ចង់ឃើញការបង្រួបបង្រួមជាតិ ដោះស្រាយបញ្ហារវាងខ្មែរ និងខ្មែរ ដើម្បីដោះស្រាយបញ្ហានៅសល់»។
លោក កឹម សុខា បានបន្តថា សេរីភាពរបស់លោក គឺជាជំហានទីមួយ នៃដំណោះស្រាយរវាងខ្មែរ និងខ្មែរ ហើយលោកថា នឹងមានដំណោះស្រាយក្នុងជំហានជាបន្តបន្ទាប់ទៀត ដែលអាចនាំទៅដល់ការរកដំណោះស្រាយលើសកម្មជននយោបាយ និងអង្គការសង្គមស៊ី ដែលកំពុងជាប់ពន្ធនាគារផងដែរ៕