(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃអាទិត្យ ទី០៤ ខែធ្នូ ឆ្នាំ២០១៦នេះ បានប្រារព្ធពិធីក្រុងពាលី បញ្ចុះបឋមសិលា ដើម្បីបើកការដ្ឋាន កែសម្រួលស្ពានអាកាសក្បាលថ្នល់។
ថ្លែងក្នុងពិធីសាសនាមួយនេះដែរ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា គម្រោងសាងសង់ ស្ពានអាកាស យើងត្រូវធ្វើទោះបីជាមានបញ្ហាមួយចំនួនក៏ដោយ ដើម្បីរំដោះការកកស្ទះ និងសម្រួលចរាចរណ៍ដល់អ្នកដំណើរ ដែលឆ្លងកាត់តំបន់ក្បាលថ្នល់នេះ។
ចំពោះគម្រោងស្ពានអាកាសទាំង៣ខ្សែនោះ គឺ៖
១.ស្ពានហោះស្របពីលើ មហាវិថីព្រះនរោត្តមបត់ឆ្វេង ឡើងភ្ជាប់ទៅស្ពានមុនីវង្សថ្មី។
២. ស្ពានតភ្ជាប់ពីស្ពានមុនីវង្សចាស់ បត់កោងស្តាំឡើងទៅចាក់អង្រែ។
៣. ស្ពានហោះស្របពីលើមហាវិថីព្រះមុនីវង្ស បត់ទៅមហាវិថីព្រះនរោត្តម រួចបត់ស្តាំឡើងស្ពានវិញ ។
គួរជម្រាបផងដែរថា ចំពោះស្ពានអាកាសនេះ មានបណ្តោយចាប់ពី ២២០ ដល់២៤០ម៉ែត្រ និងទទឹងចាប់ពី៥ដល់៧ម៉ែត្រ ហើយផ្លូវមុជក្រោមដី មានបណ្តោយ៣០៦ម៉ែត្រ៕