(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានណែនាំឲ្យវិនិយោគិនចិនបោះទុនវិនិយោគ រៀបចំតំបន់ ឧស្សាហកម្មនៅ កម្ពុជា ដើម្បីផលិតគ្រឿងចក្រ និងឧបករណ៍សម្រាប់បម្រើដល់ វិស័យកសិកម្មនៅកម្ពុជា ក៏ដូចជាផលិតផល និងឧបករណ៍សំណង់ ដែល កំពុងមានតម្រូវចាំបាច់នៅក្នុងប្រទេសកម្ពុជា។
ការណែនាំបែបនេះបានធ្វើឡើងក្នុងពេលដែលលោករដ្ឋមន្រ្តី បានអនុញ្ញាតឲ្យលោក ហ៊្សូ នីងនីង (Xu Ningning) ប្រធានប្រតិបត្តិ នៃសមាគមន៍ ពាណិជ្ជកម្មចិន-អាស៊ាន និងសហការី ចូលជួបពិភាក្សាលើកិច្ចសហប្រតិបត្តិការ និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា។
ក្នុងកិច្ចពិភាក្សានោះលោករដ្ឋមន្រ្តីពាណិជ្ជកម្ម បានលើកបង្ហាញពីសក្តានុពល និងកាលានុវភាព មួយចំនួន នៃការវិនិយោគនៅកម្ពុជា ព្រមទាំងការរីកចម្រើន នៃសេដ្ឋកិច្ចរបស់កម្ពុជាផងដែរ។
លោករដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ ក៏បានលើកបង្ហាញប្រតិភូចិនផងដែរ ពីវិស័យកសិកម្ម ដែលជាវិស័យប្រកបដោយសក្តានុពល មួយនៅកម្ពុជា ហើយត្រូវការការវិនិយោគខ្ពស់ថែមទៀត។ លោកថា ប្រសិនបើចិនយកវិស័យកសិកម្មមកផ្សារភ្ជាប់ នឹងផែនការអភិវឌ្ឍឧស្សាហកម្ម នោះអាចមានប្រយោជន៍ទាំងពីរវិស័យ។
ក្នុងន័យនេះ លោក ប៉ាន សូរស័ក្តិ ក៏បានដល់លោក ហ៊្សូ ឲ្យណែនាំដល់វិនិយោគិនចិន បោះទុនរៀបចំតំបន់ឧស្សាហកម្មនៅកម្ពុជា ដើម្បីផលិតគ្រឿងចក្រនិងឧបករណ៍កសិកម្ម ក៏ដូចជាផលិតផលនិងឧបករណ៍សំណង់ដែលកំពុងតែមាន តម្រូវការជាចាំបាច់កម្ពុជា តាមរយៈការរីកដុះដាលនៃវិស័យអចលនទ្រព្យ។
លោក ហ៊្សូ បានទទួលយកនូវអនុសាសន៍នេះ ហើយសន្យាថា ពេលដែលលោកត្រឡប់ទៅវិញ លោកនឹងពិភាក្សាជាមួយ សមាគមគ្រឿងចក្រកសិកម្មចិន ដើម្បីសិក្សាពីការរៀបចំតំបន់ឧស្សាហកម្មនៅកម្ពុជា៕