(ភ្នំពេញ)៖ ដើម្បីត្រៀមខ្លួន បន្តវេនក្នុងជួរកងយោធពលខេមរភូមិន្ទ អតីតសិស្សនាយទាហានសកម្មជំនាន់ទី១ និងតំណាង អតីតសិស្សនាយទាហានសកម្មទាំង២០វគ្គ បានធ្វើពិធីជួបជុំរំលឹកដល់មិត្ត រួមជំនាន់ទាំងអស់ ដើម្បីបង្កើនសាមគ្គីភាព សហការគ្នាឲ្យកាន់តែល្អ។
ពិធីនេះប្រារព្ធនៅភោជនីយដ្ឋាន រស្មីបឹងកក់សែនសុខ ក្នុងខណ្ឌទួលគោក នាល្ងាចថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៦នេះ ក្រោមអធិបតីភាព ឧត្តមសេនីយ៍ទោ ខៀវ សុខា នាយករងទីចាត់ការបុប្គលិក អគ្គបញ្ជាការនៃកងយោធពល ខេមរភូមិន្ទ។
ឧត្តមសេនីយ៍ត្រី ជាតិ ប៉ូលីន តំណាងនាយទាហានសកម្មជំនាន់ទី១ បានឲ្យដឹងថា ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ១៩៩៦ ជាថ្ងៃដែលបានផ្លាស់ប្តូរជីវភាព ពីស៊ីវិលមកជាទាហាន ហើយមកដល់ពេលនេះ គឺមានរយ:ពេល២០ឆ្នាំហើយ។ ដើម្បីរំលឹកឡើងវិញពីការខិតខំប្រឹងប្រែង និងប្រពៃណីនៃការជួបជុំប្រចាំឆ្នាំ យើងបានប្រមូលទាំងអស់ ពីទីជិតទីឆ្ងាយគ្រប់អង្គភាព មកជួបជុំសំណេះសំណាល និងហូបបាយសាមគ្គី ដើម្បីរំលឹកឡើងវិញនូវអនុស្សាវរីយ៍។
តំណាងអតីតសិស្ស នាយទាហានសកម្មជំនាន់ទី១ បានឲ្យដឹងទៀតថា មកទល់នឹងពេលនេះ នាយទាហានសកម្មជំនាន់ទី១ មានថានន្តរស័ក្តិថ្នាក់ឧត្តមសេនីទោចំនួន៦នាក់ ថ្នាក់ឧត្តមសេនីយ៍ត្រីចំនួន៤នាក់ វរសេនីយ៍ឯកចំនួន២៩នាក់វរសេនីយ៍ទោ ១៨នាក់ វរសេនីយ៍ត្រី២នាក់ អនុសេនីយ៍ឯក៣នាក់ ហើយមានមុខងារចាប់ពី នាយករងនាយកដ្ឋាន នាយករងទីចាត់ការ នាយសេនាធិការរងយោធភូមិភាគ មេបញ្ជាការរង នាយសេនាធិការកងពល មេបញ្ជាការរងបណ្តាតំបន់ប្រតិបត្តិការសឹករង នាយ នាយរង ជំនួយការការិយាល័យតាមបណ្តាស្ថាប័នក្រសួងការពាជាតិ អគ្គបញ្ជាការ និងបណ្តាប្រភេទទ័ពជំនាញ។
ឆ្លៀតឱកាសនោះ ឧត្តមសេនីយ៍ត្រី ជាតិ ប៉ូលីន តំណាងឲ្យអតីតសិស្ស នាយទាហានសកម្មជំនាន់ទី១ ទាំងអស់បានសម្តែង នូវកត្តញ្ញូតាធម៌ ចំពោះរាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ ដែលជានិច្ចកាលតែងតែ បានយកចិត្តទុកដាក់ខ្ពស់ ចំពោះនាយទាហានសកម្មជំនាន់ទី១៕
[Forwarded from Ah Hour]