(កំពង់ស្ពឺ)៖ កម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក សុខ ខេមរិន ប្រធាននាយកដ្ឋាន សហការជាមួយកម្លាំងនគរបាលខេត្តកំពង់ស្ពឺ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី សំ សាមួន ស្នងការនគរបាលខេត្ត ក្រោមការសម្របសម្រួលពី លោកព្រះរាជអាជ្ញារងរាជធានីភ្នំពេញ សៀង សុខ និងព្រះរាជអាជ្ញាខេត្តកំពង់ស្ពឺ បាននាំខ្លួនក្រុមចោរគាស់ទូរកុងទឺន័រ របស់ក្រុមហ៊ុនដឹកជញ្ជូន អ៉ឹម ប៉ិច ទាំង១០នាក់ ទៅធ្វើត្រាប់ និងចង្អុលបង្ហាញនៅកន្លែងបង្ក្រាប។
ប្រតិបត្តិការនេះ ត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៦នេះ ចំណុចភូមិតាប៉ូល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
សូមបញ្ជាក់ថា នៅទាបភ្លឺថ្ងៃទី៣ ខែធ្នូនេះ កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ សហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានចេញប្រតិបត្តិការបង្ក្រាបក្រុមចោរគាស់ទូរកុងទឺន័របាន១០នាក់ និងដកហូតបានវត្ថុតាងមួយចំនួន។
លោកឧត្តមសេនីយ៍ឯក សុខ ខេមរិន ប្រធាននាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ដែលបានដឹកនាំប្រតិបត្តិការនេះ បានប្រាប់ អង្គភាព Fresh News ឲ្យដឹងថា ការបង្ក្រាបនេះត្រូវបានធ្វើឡើង ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្តមសេនីយ៍ កង សុខន អគ្គស្នងការរងនគរបាលជាតិ ទទួលផែនព្រហ្មទណ្ឌ ព្រមទាំងប្រធាននាយកដ្ឋានកណ្ដាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
លោកឧត្តមសេនីយ៍ បន្ថែមថាកម្លាំងជំនាញ ដកហូតបានឧបករណ៍ប្រើប្រាស់សម្រាប់ធ្វើសកម្មភាព ដូចជាម៉ូទ័រឆាប់ និងទំនិញដែលក្រុមចោរបានលួចយក។
បច្ចុប្បន្នក្រុមជនសង្ស័យត្រូវបានបញ្ជូនទៅសួរនាំ ដើម្បីកសាងសំណុំរឿងចាត់ការបន្ដ៕