(កំពង់ចាម)៖ លោក ហ៊ុន ម៉ាណែត អនុប្រធានថ្នាក់កណ្តាលចុះជួយខេត្តកំពង់ចាម និងត្បូងឃ្មុំ ទទួលបន្ទុកការងារយុវជន បានថ្លែងថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្ស ដែលមានមានអាយុច្រើនជាងគេ ស្នាដៃច្រើនជាងគេ ហើយគណបក្សប្រជាជន មានស្មារតីបង្រួបបង្រួមជាតិ តាំងពីអតីតកាលរហូតមកដល់ពេលនេះ ទើបប្រទេសមានសន្ដិភាពពេញលេញ ហើយប្រជាជនរស់នៅសុខសាន្ត និងជីវភាពធូរធា។
ការថ្លែងបែបនេះ របស់លោក ហ៊ុន ម៉ាណែត ត្រូវបានធ្វើឡើង នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៦នេះ ក្នុងពិធីបញ្ចូលសមាជិកយុវជន ជាសមាជិកគណបក្សប្រជាជនកម្ពុជា នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម។
លោក ហ៊ុន ម៉ាណែត អនុប្រធានថ្នាក់កណ្ដាលចុះជួយខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ បានឲ្យដឹងថា «សម័យនេះ យើងប្រកាន់របបប្រជាធិបតេយ្យ បងប្អូនយុវជនមានសិទ្ធិជ្រើសរើស គណបក្សដែលខ្លួនស្រលាញ់។ គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលមានមានអាយុច្រើនជាងគេ ស្នាដៃច្រើនជាងគេ មិនមែនមានតែអាយុច្រើន ហើយគ្មានស្នាដៃនោះទេ។ គណបក្សប្រជាជនកម្ពុជា មានស្មារតីបង្រួបបង្រួមជាតិតាំងពីអតីតកាល រហូតមកដល់ពេលនេះ បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពពេញលេញ ប្រជាជនរស់នៅភាពសុខសាន្ត មានសិទ្ធសេរីភាព និងជីវភាពរស់នៅជីវភាពធូរធា»។
លោកបន្ថែមថា យុវជន គឺជាអ្នកបន្តវេណជាអ្នកថែរក្សា ការពារសន្តិភាព ប្រពៃណីទំនៀមទម្លាប់ វប្បធម៌ខ្មែរ យុវជនត្រូវចូលរួមគាំទ្រ និងចូលរួមឲ្យកាន់តែសកម្មថែមទៀត នៅកិច្ចការសង្គមជាច្រើនទៀត។
លោកថា កាលពី៣៨ឆ្នាំមុន យុវជនជំនាន់មុនដែលជាថ្នាក់ដឹកនាំគណបក្ស បានតស៊ូលះបង់អ្វីគ្រប់យ៉ាង ក្នុងការធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពដែលនេះ គឺជាលះបង់ដ៍ធំធេងរបស់យុវជនជំនាន់មុន មានការអភិវឌ្ឍរីកចម្រើន ប្រជាជនរស់នៅក្នុងជីវភាពធូធារ ដែលត្រូវបានគេចាត់ទុកជាប្រទេសជាប់ចំណាត់ ជាប្រទេសមានកំណើនសេដ្ឋកិច្ចលឿនជាងគេ ក្នុងចំណោមបណ្តាប្រទេសដទៃទៀត ដែលមានសេដ្ឋកិច្ចលូតលាស់នៅលើពិភពលោក និងបានធ្វើឲ្យធ្វើឱ្យយុវជនរស់នៅក្នុងសេចក្តីសង្ឃឹម និងបង្កឱកាសគ្រប់បែបយ៉ាង ដល់យុជនចូលរួមអភិវឌ្ឍសង្គម។
ជាមួយគ្នានោះ លោកអនុប្រធាន ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលបានខិតខំគ្រប់បែបយ៉ាងដោះស្រាយតម្រូវការជូនប្រជាពលរដ្ឋ ធ្វើកំណែទម្រង់សាធារណៈ បង្កើនកម្រិតជីវភាពមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធតាមរយៈ គោលនយោបាយតម្លើងប្រាក់បៀវត្សមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ការដោះស្រាយបព្ហាដីធ្លី បង្កើនការវិនិយោគ ថែរក្សាសន្តិភាពជូនប្រជាពលរដ្ឋ និងការងារជាច្រើនទៀត។
ជាចុងបញ្ចប់ លោកឲ្យដឹងថា ការជ្រើសរើសថ្នាក់ដឹកនាំប្រទេសមួយ ដែលមិនមានការទទួលខុសត្រូវ ប្រទេសជាតិនឹងមានហានិភ័យ ដែលនាំឲ្យប្រទេសជាតិធ្លាក់ទៅក្នុងសង្គ្រាម ដែលធ្វើឲ្យប៉ះពាល់ដល់អនាគតយុវជន ព្រោះការជ្រើសរើសអ្នកដឹកនាំប្រទេសជាតិ មិនដូចការចាក់ឆ្នោតនោះទេ ការចាក់ឆ្នោតខុសម្តងអាចចាក់ម្តងឡើងវិញ ប៉ុន្តែការជ្រើសរើសអ្នកដឹកនាំខុស គឺជាហានិភ័យគ្រោះថ្នាក់ ដល់ប្រទេសជាតិ៕