(ភ្នំពេញ)៖ លោក មុត សុវណ្ណ ត្រូវបានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចេញសេចក្តីសម្រេចតែងតាំង នាយករដ្ឋបាលសាលាខណ្ឌសែនសុខ ជំនួសលោក ឡាយ ឧត្តម ដែលត្រូវបានផ្លាស់ប្តូរឲ្យទៅបម្រើការងារ នៅសាលារាជធានីភ្នំពេញវិញ។
សេចក្តីសម្រេចរបស់ សម្តេចក្រឡាហោម ស ខេង បានចេញតាំងពីអំឡុងខែតុលា ឆ្នាំ២០១៦មកម្ល៉េះ ប៉ុន្តែការប្រកាសជាផ្លូវការទើបតែធ្វើឡើងកាល ពីប៉ុន្មានថ្ងៃនេះទេ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាខណ្ឌសែនសុខ។
នៅក្នុងពិធីប្រកាសតែងតាំងនោះ លោក មុត សុវណ្ណ បានធ្វើការប្តេជ្ញាចិត្ត ចំពោះមុខតំណែងនេះថា «ខ្ញុំសូមថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងសាលារាជធានីភ្នំពេញ ដែលផ្តល់សេចក្តីទុកចិត្ត ដល់រូបខ្ញុំបាទឲ្យមកកាន់ ជានាយករដ្ឋបាលខណ្ឌសែនសុខ។ ខ្ញុំពិតជាមានសេចក្តីរីករាយ ដើម្បីចូលរួមចំណែក ស្តារនិងអភិវឌ្ឍន៍ សង្គម ជាពិសេសជួយដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខណ្ឌសែនសុខ ហើយខ្ញុំនឹងខិតខំប្រឹងប្រែង ធ្វើការងារឲ្យអស់ពីកំលាំងកាយចិត្ត ដោយមិនរើសអើងគណបក្សនយោបាយ ក៏ដូចជាប្រជាពលរដ្ឋក្រីក្រ។ ក្នុងនោះដែរ ប្រសិនបើខ្ញុំបាទប្រព្រឹត្តខុស ទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំ ខ្ញុំបាទនឹងលាយឈប់ដោយមិនស្តាយស្រណោះ ទោះលោកជាមន្រ្តីធម្មតាក៍អាចបម្រើជាតិ និងរដ្ឋាភិបាលបានដែរ» ។
សូមបញ្ជាក់ផងដែរថា មុននឹងលោកមកកាន់មុខតំណែងនេះ នៅក្នុងឆ្នាំ២០០២ ដល់ ឆ្នាំ២០០៤ លោកធ្លាប់ធ្វើជាជំនួយការ នាយខុទ្ទកាល័យសាលាក្រុងភ្នំពេញ។ ពីឆ្នាំ២០០៤ រហូតដល់២០១៣ ជាជំនួយការលោក ប៉ា សុជាតិវង្ស ដែលក្នុងពេលនោះ លោក ប៉ា សុជាតិវង្ស នៅជាអភិបាលរងរាជធានីភ្នំពេញនៅឡើយ ។ ចាប់ពីឆ្នាំ២០១៣ ដល់ ២០១៥ លោកជាជំនួយការ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ។ ហើយចាប់ពីថ្ងៃទី ១៦ កក្ដដា ២០១៦ មកកាន់ការងារជានាយករងរដ្ឋបាលសាលាខណ្ឌសែនសុខ៕